ទីក្រុងព្រះសីហនុចាប់ផ្តើមងើបពីសុបិនបណ្តើរៗហើយឬយ៉ាងណា ខណៈសក្តានុពលខេត្តនេះនៅតែផ្តល់ក្តីសង្ឃឹម

0

ដោយៈសុជាតា

ព្រះសីហនុៈ ទីផ្សារអចលនទ្រព្យចាប់ផ្តើមងើបឡើងវិញបណ្តើរៗ ស្របពេលវិបត្តិកូវីដ១៩បានធូរស្រាល និងសក្តានុពលដែលបានស្រាប់ កំពុងរង់ចាំធ្វើឲ្យខេត្តនេះមានការរីកចម្រើន និងទាក់ទាញការវិនិយោគជាថ្មី។

លោកឧកញ៉ាសំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល (GRA ) បានបញ្ជាក់ប្រាប់ Property  Area  Asia នៅថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២១ ថា ព្រះសីហនុ គឹជាតំបន់មានការអភិវឌ្ឍរីកចំរើនលឿនជាងគេ ដោយសារមានអ្នកវិនិយោគចិន ច្រើនជាងគេវិនិយោគលើវិស័យអចលនទ្រព្យ។

លោកបន្តថា “បើយើងងាកទៅមើលអំឡុងបីឆ្នាំមុន វិស័យអចលនទ្រព្យទីក្រុងព្រះសីហនុ ត្រូវបានចាត់ចូលជាដីកំពុងហើម ដោយវិស័យដីធ្លី បានកើនឡើងខ្ពស់រហូតដល់ ១ ម៉ែត្រការ៉េ៣ពាន់ដុល្លារ ទៅ៤ពាន់ដុល្លារក្នុងមួយម៉ែត្រការ៉េ ដោយសារតំរូវការនិងការវិនិយោគដ៏ច្រើនពីអ្នកវិនិយោគចិន”។

ប៉ុន្តែរហូតដល់បច្ចុប្បន្ននេះ ចលនានៃការអភិវឌ្ឍអាគារចាស់មួយចំនួន នៅតែបន្តកើតឡើង និងការសាងសង់អាគារមួយចំនួន មានការយឺតយ៉ាវផងដែរ។

ជាងនេះទៀត វិបត្តិ Covid 19  បានធ្វើអោយវិស័យអចលនទ្រព្យ នៅក្រុងព្រះសីហនុមានការស្ងាត់ជ្រងំ ដោយដីមានតម្លៃ ប៉ុន្តែអត់មានអ្នកទិញ។ គេសង្កេតមើលឃើញថា ដីធ្លីមានតម្លៃចន្លោះពី៣០០ដុល្លារ ឡើងទៅ៣៥០០ ដុល្លារក្នុងម៉ែត្រការ៉េ។

លោកពន្យល់បន្ថែមទៀត “ប្រសិនបើម្ចាស់ដីធ្លី ចង់បានប្រតិបត្តិការទិញលក់ឡើងវិញ នោះត្រូវកំណត់តម្លៃទាបជាងមុន ពោលគឺតម្លៃទាក់ទាញ សម្រាប់អ្នកវិនិយោគដែលចង់បានចំណេញច្រើន”។

លោកបង្ហាញសុទិដ្ឋនិយមថា ប្រសិនបញ្ហាកូវីដ១៩ បានគ្រប់គ្រងបានល្អនោះដែរ ព្រមទាំងផែនការវិនិយោគ រ៉ឹងមាំរបស់រដ្ឋាភិបាល អ្នកវិនិយោគបរទេសនឹងត្រឡប់មកវិញ។

រយៈពេល៥ឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុទាក់ទាញបានការវិនិយោគពីអ្នកវិនិយោគជាតិ អន្តរជាតិក្នុងទំហំទឹកប្រាក់ជាង៧០០០លានដុល្លារអាមេរិក ជាមួយវត្តមានអាគារកំពស់ចាប់ពី៥ជាន់ ដល់៥៣ជាន់ជាង៦០០អាគារ។

ជាមួយគ្នានេះ លោកឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្ត ព្រះសីហនុប្រាប់ឲ្យ​ដឹងនៅថ្ងៃដដែលថា វិស័យអចលនទ្រព្យនៅទិក្រុងព្រះសីហនុ មានសកម្មភាពរើបៗឡើងវិញខ្លះផងដែរ ដោយរដ្ឋបាលក្រុង បានអនុវត្តវិធានការប្រយុទ្ធ និង ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវិដ ១៩ ប្រកបដោយប្រសិទ្ធិភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here