ដោយៈគង់ សូរិយា
ភ្នំពេញៈ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា លោកជំទាវបណ្ឌិត Devyani Uttam Khobragade បានលើកឡើងពីការចចារកិច្ចព្រមព្រៀងសេរីឥណ្ឌា កម្ពុជា និងរៀបចំផ្គូរផ្អងធុរកិច្ចរវាងប្រទេសទាំងពីរ។
ក្នុងជំនួបជាមួយលោកប៉ាន សូរស័ក្តរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កាលពីម្សិលម៉ិញនេះ លោកជំទាវឯកអគ្គរដ្ឋទូតបានគាំទ្រក្នុងការជំរុញធុរកិច្ច និងវិនិយោគឥណ្ឌាមកកាន់កម្ពុជាបន្ថែម ហើយក៏បានលើកទ្បើងអំពីបំណង ក្នុងការបង្កើតនូវវេទិកាផ្គូរផ្គងធុរកិច្ចរវាងភាគីទាំងពីរក្នុងពេលអនាគតដ៏ខ្លីខាងមុខ។
ជាមួយគ្នានេះ លោកជំទាវបណ្ឌិត Devyani Uttam Khobragade បានផ្លាស់ប្តូរយោបល់លើវឌ្ឍនភាពពាណិជ្ជកម្មអន្តរជាតិ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងតំបន់ ហើយបានពិភាក្សារលើការជំរុញ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរផងដែរ។ ក្នុងនោះ កិច្ចពិភាក្សាបានធ្វើការកត់សម្គាល់ ពីការរីកចំរើនជាបន្ដបន្ទាប់ និងឯកភាពបន្តលើការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់តែប្រសើរទ្បើងមួយកម្រិតទៀត ជាការពិសេស ការឈានទៅបង្កើតកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ។
ជាមួយគ្នានេះ លោកប៉ាន សូរស័ក្តបានមានប្រសាសន៍ថា ទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ និងទំនាក់ទំនងវប្បធម៌ និងអរិយធម៌ដ៏ជិតស្និទ្ឋនៃប្រទេសទាំងពីរ និងបានជម្រាបជូន លោកជំទាវឯកអគ្គរដ្ឋទូត អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រង់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស យុទ្ធនាការចាក់វាក់សាំងជូនប្រជាពលរដ្ឋកម្ពុជានិងជនបរទេសគ្រប់រូប ដែលជាកត្តាសំខាន់សម្រាប់ការស្តារទ្បើងវិញនូវសេដ្ឋកិច្ចសង្គម។
លោករដ្ឋមន្រ្តីបានស្នើឱ្យភាគីឥណ្ឌា បង្កើនការវិនិយោគនៅកម្ពុជា ជាពិសេសក្នុងវិស័យបច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនការនាំចូលបន្ថែមនូវម៉ាស៊ីនកសិកម្មផ្សេងៗ ជាដើម៕