ក្រុមហ៊ុន Alibaba នឹងបោះទុនវិនិយោគ១៥.៥ពាន់លានដុល្លារដើម្បីគាំទ្រគំនិតផ្ដួចផ្ដើម ”ភាពរុងរឿងសំរាប់ទាំងអស់គ្នា”

0

ដោយៈសុខុម

សៀងហៃ: ក្រុមហ៊ុនយក្ស Alibaba Group របស់កំពូលមហាសេដ្ឋីចិន Jack Ma បានប្រកាសថា ខ្លួននឹងបោះទុនវិនិយោគ១០០ពាន់លានយ័ន (១៥.៥ពាន់លានដុល្លារអាមេរិក) នៅត្រឹមឆ្នាំ២០២៥ ដើម្បីគាំទ្រដល់គំនិតផ្ដួចផ្ដើម ”ភាពរុងរឿងទាំងអស់គ្នា” របស់ប្រធានាធិបតីចិន លោកស៊ី ជីនភីង។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃទី០២ កញ្ញា។

រដ្ឋាភិបាលក្រុងប៉េកាំង បាននិងកំពុងជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុននានា ចែករំលែកទ្រព្យសម្បត្តិផ្ទាល់ខ្លួនខ្លះ ក្នុងការចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយគម្លាតកម្រិតជីវភាព ឬវិសមភាពសង្គមក្នុងប្រទេសចិន ដែលជាសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោក។ ក្រុមហ៊ុនផ្សេងៗទៀត ក៏បានប្រកាសបោះទុនវិនិយោគដូចគ្នានេះដែររួមមានទាំងក្រុមហ៊ុន Tencent Holdings ដែលសន្យាបោះទុនវិនិយោគ១០០ពាន់លានយ័ន (១៥.៥ពាន់លានដុល្លារអាមេរិក) និងក្រុមហ៊ុន Geely Automobile ផងដែរ។

កាសែត Zhejiang News ដែលគាំទ្ររដ្ឋាភិបាលនិយាយថា មូលនិធិរបស់ក្រុមហ៊ុនAlibaba នឹងធ្លាក់ទៅលើវិស័យនានា ដូចជាការឧបត្ថម្ភធនសម្រាប់ សហគ្រាសធនតូច និងមធ្យម (SME) និងការកែលម្អឱ្យប្រសើរឡើង នូវការការពារធានារ៉ាប់រង សម្រាប់កម្មករ មានប្រាក់ចំណូលទាបដូចជា អ្នកដឹកជញ្ជូន និងអ្នករត់តាក់ស៊ីជាដើម។

កាសែតដដែលបានអះអាងទៀតថា ក្រុមហ៊ុន Alibaba ក៏នឹងបង្កើត “មូលនិធិអភិវឌ្ឍន៍ ដើម្បីភាពរុងរឿងទាំងអស់គ្នា” (Common Prosperity Development Fund) មួយដែលមានទឹកប្រាក់២០ពាន់លានយ័ន (៣,១ពាន់លានដុល្លារអាមេរិក) ផងដែរ។

ក្រុមហ៊ុន e-commerce ខ្នាតយក្សមួយនេះ និងបណ្ដាក្រុមហ៊ុនជាប្រជែងរបស់ខ្លួនបានក្លាយជាគោលដៅ នៃការបង្រ្កាបទ្រង់ទ្រាយធំ ពីសំណាក់រដ្ឋាភិបាលក្រុងប៉េកាំង លើបញ្ហានានា រាប់ចាប់ពីការផ្ដាច់មុខលើទីផ្សារ រហូតដល់ការបំពានសិទ្ធិអ្នកប្រើប្រាស់។ ក្រុមហ៊ុន Alibaba ត្រូវបានផាកពិន័យ ជាទឹកប្រាក់ដល់ទៅ២,៧៥ពាន់លានដុល្លារអាមេរិក កាលពីខែមេសា ពីបទរំលោភសិទ្ធិផ្តាច់មុខ។

វិស័យ e-commerce ក៏ទទួលរងការរិះគន់ចំពោះផងដែរ ចំពោះការមិនគិតគូរពីសុខុមាលភាពរបស់អ្នកដឹកជញ្ជូនអីវ៉ាន់ និងអ្នករត់តាក់ស៊ីដែលភាគច្រើន មិនទទួលបានធានារ៉ាប់រងផ្នែកសង្គម និងសុខភាព។

Platform ដឹកជញ្ជូនអាហារមួយមានឈ្មោះថា Ele.me និងក្រុមហ៊ុនប្រតិបត្តិករផ្សារទំនើប Freshippo ដែលសុទ្ធតែកាន់កាប់ដោយ Alibaba ស្ថិតក្នុងចំណោមក្រុមហ៊ុនប្រតិបត្តិករ ដែលត្រូវបានកោះហៅចូលជួបពិភាក្សា កាលពីខែកក្កដា ជាមួយក្រុមនិយ័តកររដ្ឋាភិបាល ជុំវិញការកែលម្អឱ្យប្រសើរឡើងនូវសុវត្ថិភាព និងសិទ្ធិការងារសម្រាប់អ្នកដឹកជញ្ជូនទូទៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here