ដំណឹងល្អៈប្រមុខការទូតចិននឹងអញ្ជើញមកទស្សនកិច្ចកម្ពុជា និងប្រទេសមួយចំនូនទៀត

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន លោកវ៉ាង យី នឹងអញ្ជើ​ញមកទស្សនកិច្ចកម្ពុជា និងប្រទេសមួយចំនួនទៀត នៅចន្លោះថ្ងៃទី១០ដល់១៥ កញ្ញាខាងមុខនេះ។

ស្ថានទូតចិនប្រចាំនៅកម្ពុជា នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានប្រកាសអំពីដំណើរទស្សនកិច្ចរបស់ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន មកកាន់ប្រទេសកម្ពុជា និងប្រទេសជាមិត្តចំនួន៣ផ្សេងទៀត រួមមាន ប្រទេសវៀតណាម សិង្ហបុរី និងកូរ៉េខាងត្បូងផងដែរ។

ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក Pham Binh Minh ឧបនាយករដ្ឋមន្ត្រីវៀតណាម និងលោក Bui Thanh Son រដ្ឋមន្រ្តីការបរទេសវៀតណាម, លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា, លោក Vivian Balakrishnan រដ្ឋមន្ត្រីការបរទេសសិង្ហបុរី និងលោក Chung Eui-yong រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង។

តាមរយៈហ្វេសបុករបស់ខ្លួន ស្ថានទូតចិនបានបញ្ជាក់ថា លោក Wang Yi នឹងអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១៣ នៃគណៈកម្មាធិការបញ្ជាការ កិច្ចសហប្រតិបត្តិការទ្វេរភាគីចិន-វៀតណាម ជាមួយ លោក Pham Binh Minh។

ប្រទេសវៀតណាម កម្ពុជា សិង្ហបុរី និងកូរ៉េខាងត្បូង សុទ្ធតែជាប្រទេសជិតខាង និងជាដៃគូកិច្ចសហប្រតិបត្តិការដ៏សំខាន់របស់ចិន។ ប្រឈមមុខជាមួយជំងឺវីរុសកូវីដ-១៩ ចិន និងប្រទេសជិតខាងបានជួយគ្នាទៅវិញទៅមក រួមសុខរួមទុក្ខជាមួយគ្នា បានបោះជំហានទៅមុខ ក្នុងកិច្ចទប់ស្កាត់ជំងឺវីរុសជាសកល និងការស្តារជាថ្មីក្រោយពីបញ្ចប់ជំងឺវីរុសកូវីដ។

ដំណើរទស្សនកិច្ចរបស់ លោក Wang Yi បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ និងទឹកចិត្តដ៏ស្មោះ របស់ភាគីចិនជូនចំពោះប្រទេសទាំង៤ ក្នុងការលើកកម្ពស់ចំណងមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅ និងការផ្តល់អត្ថប្រយោជន៍ទៅវិញទៅមក»។ នេះបើតាមការបញ្ជាក់របស់ស្ថានទូតចិន។

ស្ថានទូតចិនបានបន្តថា ក្នុងឱកាសនៃការបំពេញទស្សនកិច្ច លោក Wang Yi នឹងពិភាក្សាយុទ្ធសាស្រ្តកាន់តែស៊ីជម្រៅ ជាមួយបណ្ដា​ភាគីជំរុញអនុវត្តន៍ កុងសុងស៊ីស​សំខាន់ៗ ដែលបានឯកភាពគ្នាដោយលោកប្រធានាធិបតីចិន Xi Jinping និងថ្នាក់ដឹកនាំនៃប្រទេសទាំងបួន ផ្តោតសំខាន់លើកិច្ចប្រយុទ្ធប្រឆាំងជំងឺវីរុស និងកិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ជំរុញកិច្ចផ្ទៀងផ្ទាត់ រវាងផែនការអភិវឌ្ឍន៍ថ្មី ដែលបង្កើតឡើងដោយចិន និងយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់បណ្ដាប្រទេស លើកកម្ពស់​កិច្ចសហប្រតិបត្តិការ “ខ្សែក្រវាត់និងផ្លូវ”និងកិច្ចកសាងសហគមន៍វាសនារួម សម្រាប់មនុស្សជាតិកាន់តែស៊ីជម្រៅ។

ភាគីចិនរីករាយសហការជាមួយប្រទេសទាំងបួន ជំរុញទំនាក់ទំនងទ្វេភាគីឱ្យទទួ​លបានសមិទ្ធផលផ្លែផ្កាថ្មីៗឥតឈប់ឈរ រួមគ្នាការពារពហុភាគីនិយម និងយុត្តិធម៌សច្ចធម៌លើឆាកអន្តរជាតិ បញ្ចូលថាមពលវិជ្ជមាន កាន់តែច្រើនដល់សន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍន៍ក្នុងតំបន់រហូតដល់លើពិភពលោក។

អញ្ជើញជាអធិតបីប្រគល់ពហុកីឡដ្ឋានមរតកតេជោជូនកម្ពុជា
លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល២ថ្ងៃ នៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ។

អំឡុងបំពេញទស្សនកិច្ចផ្លូវការនេះ សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក វ៉ាង យី នឹងអញ្ជើញជាអធិបតីភាព ក្នុងធ្វើពិធីប្រកាសប្រគល់ និងទទួល ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលប្រទេសចិនបានផ្តល់ជំនួយ ក្នុងការសាងសង់ជូនដល់ប្រទេសកម្ពុជា ដែលពិធីនេះនឹងធ្វើឡើងនៅល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១។

ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានបើកការដ្ឋានសាងសង់ ដំណាក់កាលទី១ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ ដោយគ្រោងចំណាយថវិកាសាងសង់ចន្លោះពី ១០០លាន ទៅ ២០០លានដុល្លារអាមេរិក ដែលថវិកាមួយភាគធំ ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន។

កីឡដ្ឋានធំ (Main Stadium) នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន បានសាងសង់រួចរាល់ទាំងស្រុង កាលពីចុងខែសីហា កន្លងទៅនេះ។ ពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅសង្កាត់សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានចម្ងាយ ១២គីឡូម៉ែត្រ ពីវត្តភ្នំ សាងសង់លើផ្ទៃដីទំហំជាង ៨៥ហិកតា។ ពហុកីឡដ្ឋានជាតិមរតកតេជោ គឺជាពហុកីឡដ្ឋានដ៏ទំនើបមួយរបស់កម្ពុជា ដែលសាងសង់ឡើង ត្រៀមធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

កាលពីឆ្នាំ២០២០ កន្លងទៅ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ក៏ធ្លាប់បានដឹកនាំគណៈប្រតិភូ មកបំពេញទស្សកិច្ចផ្លូវការនៅកម្ពុជា រយៈពេល២ថ្ងៃ ផងដែរ គឺថ្ងៃទី១១ និងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ដើម្បីចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងឯកសារ៣ទៀត ក៏ដូចជាពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រោងជ្រោយជាមួយកម្ពុជាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here