ដោយៈវឌ្ឍនៈ
ភ្នំពេញៈ ទោះបីជាពិភពលោកកំពុងជួបវិបត្តិ ដោយសារតែកូវីដ១៩ក្ដី តែកម្ពុជានិងកូរ៉េ នៅតែជំរុញនូវដំណើរការកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងឈានទៅដល់ការចុះហត្ថលេខានៅដើមខែតុលា២០២១នេះ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានលទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។
សេចក្ដីប្រកាសព័ត៌មានដដែលនេះឱ្យដឹងថាកម្ពុជា កូរ៉េមានសុទិដ្ឋិនយមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា សាធារណរដ្ឋកូរ៉េ ដែលត្រូវចុះហត្ថលេខាចុះហត្ថលេខានៅដើមខែតុលា២០២១នេះ នឹងជួយជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី បន្ថែមទៀត ព្រមទាំងជួយពន្លឿនការស្ដារសេដ្ឋកិច្ច នៃប្រទេសទាំងពីរនៅក្រោយវិបត្តិកូវីដ១៩ ។
លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ កម្ពុជាបានកោតសរសើររដ្ឋាភិបាល និងប្រជាជនកូរ៉េ ចំពោះការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធភាព ដែលធ្វើឱ្យការស្ដារសេដ្ឋកិច្ច សង្គមមានសន្ទុះខ្លាំង និងវាយតម្លៃខ្ពស់ចំពោះតួនាទី ដ៏សកម្មរបស់សាធារណរដ្ឋកូរ៉េក្នុងក្របខ័ណ្ឌវ៉ាក់សាំងពហុភាគីនិយម ។
លោកក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលកូរ៉េ ក្នុងការផ្ដល់ជំនួយអភិវឌ្ឍន៍ដល់ប្រទេសកម្ពុជា ដែលបានរួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ។
លោកប្រាក់ សុខុនបានបន្តថា “កម្ពុជាស្ញប់ស្ញែង ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សាធារណរដ្ឋកូរ៉េ ក្នុងការពង្រីកជំនួយអភិវឌ្ឍន៍ ក្រោមគោលនយោបាយឆ្ពោះទៅរកទិសដៅខាងត្បូងថ្មី និងស្វាគមន៍គោនយោបាយ ឆ្ពោះទៅរកទិសដៅខាងត្បូងថ្មីបូក ដែលផ្ដោតលើវិស័យសំខាន់ៗចំនួន៧ ក្នុងនោះរួមមានកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយលើវិស័យសុខាភិបាលនិងវេជ្ជសាស្ត្រ”។
លោកឆុង អើយយ៉ុង រដ្ឋមន្ត្រីការបរទេស សាធារណរដ្ឋកូរ៉េបានមានប្រសាសន៍ផងដែរថា ដោយសារតែកម្ពុជាជាប្រទេសមួយ ក្នុងចំណោមប្រទេសដៃគូអាទិភាព ក្នុងកម្មវិធីជំនួយអភិវឌ្ឍន៍ផ្លូវការ និងជាដៃគូស្នូលក្នុងគោលនយោបាយឆ្ពោះ ទៅរកទិសខាងត្បូងថ្មី របស់សាធារណរដ្ឋកូរ៉េ រដ្ឋាភិបាលកូរ៉េនឹងបន្តជួយ និងសហការជាមួយកម្ពុជាក្នុងវិស័យគ្រប់គ្រងទឹក សុខភាពសាធារណៈ ការដឹកជញ្ជូន ការអប់រំ និងវិស័យចាំបាច់ផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា៕