ដោយៈសុខុម
ភ្នំពេញ: លទ្ធផលសិក្សាស្រាវជ្រាវរបស់ក្រុមហ៊ុន Zion Market Research បង្ហាញថា ទំហំទីផ្សារទេសចរណ៍ព្យាបាលជំងឺទូទាំងពិភពលោក (Global Medical Tourism Market) បានឈានដល់១០២.៦០ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៩ ហើយតាមការព្យាករថាវានឹងឈានដល់២៧២.៧០ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០២៧ ជាមួយនឹងអត្រាកំណើនប្រចាំឆ្នាំ១២,៧%គិតចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៧។
យោងតាមសារព័ត៌មាន PR Newswire ដែលបានចុះផ្សាយកាលពីថ្ងៃទី១៥ កញ្ញា ឱ្យដឹងថា ទីផ្សារទេសចរណ៍ព្យាបាលជំងឺទូទាំងពិភពលោក ទទួលបានចំនួនអ្នកជំងឺជាង២៤លាននាក់ក្នុងឆ្នាំ២០១៩ ហើយតាមការព្យាករថា ទីផ្សារនេះនឹងទទួលបានអ្នកជំងឺរហូតដល់ទៅជាង៧៤លាននាក់នៅត្រឹមឆ្នាំ២០២៧ ជាមួយនឹងអត្រាកំណើនប្រចាំឆ្នាំ១៥.៣%គិតចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៧។
បន្ថែមពីលើនេះ ការឡើងថ្លៃសេវាព្យាបាលជំងឺ បានធ្វើឱ្យការចំណាយរបស់អ្នកជំងឺកើនឡើងជាលំដាប់ ហើយកត្តានេះទំនងជាចំណុចដ៏សំខាន់ ដែលនឹងជួយជំរុញកំណើន ក្នុងទីផ្សារទេសចរណ៍ព្យាបាលជំងឺ ទូទាំងពិភពលោកនៅក្នុងទសវត្សរ៍នេះ។
របាយការណ៍បង្ហាញថា ថ្លៃសេវាព្យាបាលជំងឺនៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា បានហក់ឡើងខ្ពស់កប់ពពក ក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ។ កត្តានេះបានបង្ខំឱ្យពលរដ្ឋ ដែលរស់នៅក្នុងប្រទេសទាំងនេះ រត់ចេញទៅស្វែងរកសេវាព្យាបាល ដែលមានតម្លៃធូរថ្លៃ ក្នុងបណ្ដាប្រទេសនៅអាមេរិកឡាទីន ដូចជា ប្រទេសម៉ិកស៊ិក ជាដើម ឬបណ្ដាប្រទេសនៅអាស៊ី ដូចជាឥណ្ឌា និងប្រទេសថៃ ជាដើម។
លើសពីនេះ ថ្លៃស្នាក់នៅមន្ទីរពេទ្យក្នុងសហរដ្ឋអាមេរិក គឺខ្ពស់ខ្លាំងណាស់ បើធៀបនឹងបណ្ដាប្រទេសផ្សេងទៀត។
ឧទាហរណ៍ ថ្លៃស្នាក់នៅមន្ទីរពេទ្យក្នុងប្រទេស ដូចជា សហរដ្ឋអាមេរិកជាដើមអាចមានតម្លៃរហូតដល់ទៅប្រមាណ១១.៧០០ដុល្លារ ឯណោះក្នុងមួយថ្ងៃ បើធៀបនឹងថ្លៃស្នាក់នៅមួយថ្ងៃដូចគ្នា ត្រឹមតែ១៥៤ដុល្លារ នៅប្រទេសម៉ិកស៊ិក និង៩៥ដុល្លារ នៅកូស្តារីកា (Costa Rica)។
ងាកមកកម្ពុជា យើងវិញ បើផ្អែកតាមទិន្ន័យ និងការពិនិត្យជាក់ស្តែងបង្ហាញថា ក្នុងមួយឆ្នាំៗមានពលរដ្ឋខ្មែរ ជាច្រើនម៉ឺននាក់បានសម្រុកទៅក្រៅប្រទេស ដើម្បីស្វែងរកសេវាព្យាបាលដែលគួរឱ្យជឿទុកចិត្តបាន។ នេះសរបង្ហាញឱ្យឃើញថា ពលរដ្ឋខ្មែរ យកលុយទៅជះចោល នៅក្រៅប្រទេសរាប់លានដុល្លារ លើការព្យាបាលជំងឺក្នុងមួយឆ្នាំៗ។
បណ្ដាប្រទេសដែលពលរដ្ឋខ្មែរ និយមទៅព្យាបាលជំងឺភាគច្រើននៅតំបន់អាស៊ី រួមមានប្រទេសប្រទេសថៃ វៀតណាម សិង្ហបូរី ម៉ាឡេស្រ៊ី ចិន ឥណ្ឌា និងកូរ៉េខាងត្បូង។ ក្នុងចំណោមប្រទេសទាំងនេះ ថៃ ជាប់ចំណាត់ថ្នាក់លើគេដែលពលរដ្ឋខ្មែរ និយមទៅព្យាលបាលជំងឺដោយសារកត្តាតម្លៃសមរម្យ ហើយគុណភាពអាចទទួលយកបាន៕