ដោយៈវឌ្ឍនៈ
ភ្នំពេញៈ ដើម្បីបង្កើនរំហូរវិនិយោគ នៅក្នុងប្រទេសកម្ពុជាទាំងវិនិយោគិនជាតិ និងអន្តរជាតិ ព្រឹទ្ធសភាជាតិកម្ពុជាបានប្រកាសគាំទ្រច្បាប់ស្ដីពីវិនិយោគ ដែលបានស្នើឡើងដោយរាជរដ្ឋាភិបាល ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភាកម្ពុជានៅថ្ងៃទី២១កញ្ញា២០២១នេះ ។
លោកម៉ម ប៊ុននាង សមាជិក និងជាអ្នកនាំពាក្យព្រឹទ្ធសភា មានប្រសាសន៍ថា អង្គប្រជុំព្រឹទ្ធសភាកាលពីថ្ងៃទី២១ កញ្ញា បានពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដោយឥតកែប្រែចំនួន៣៨សំឡេងនៃចំនួនសមាជិក ព្រឹទ្ធសភាទាំងមូល។
លោកបន្តថា “សេចក្ដីព្រាងច្បាប់នេះ ពិតជាមានសារសំខាន់ណាស់ សម្រាប់ប្រទេសកម្ពុជា ដើម្បីបង្កើនការវិនិយោគនៅក្នុងស្រុក និងក្រៅប្រទេសបានកាន់តែច្រើនបន្ថែមទៀត”។
ជាមួយគ្នានេះ លោក ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេស កកម្មពិសេស អនុប្រធានក្រុម ប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានលើកឡើងថា សេចក្តីព្រាង ច្បាប់នេះតាក់តែងឡើងក្នុងគោលបំណងបង្កើតនូវក្រប ខ័ណ្ឌគតិយុត្តដែលបើកចំហ មានតម្លាភាព អាចប៉ាន់ប្រមា ណទុកជាមុនបានប្រកប ដោយភាពអំណោយផលសម្រាប់ការវិនិយោគ ដើម្បីទាក់ទាញ និងលើកកម្ពស់ការវិនិយោគដោយបុគ្គលសញ្ជាតិខ្មែរ ឬបរទេសប្រកបដោយ គុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈការបង្កើតរបបលើក ទឹកចិត្តវិនិយោគមួយដែលមានតម្លាភាព ភាពអាចប៉ាន់ ប្រមាណទុកជាមុនបាន គ្មានការរើសអើង មានលក្ខណៈប្រកួតប្រជែង និងគាំទ្រគោល នយោបាយសង្គម សេដ្ឋកិច្ច។
លោកបន្តថា ការងារជាអាទិភាពចម្បងៗនៅក្នុងច្បាប់នោះ រួមមានដូចជា ទី១ ការធ្វើទំនើបកម្ម ការបង្កើនផលិតភាព នៃឧស្សាហកម្មក្នុងស្រុក ការពង្រឹងការតភ្ជាប់ទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងសកលលោក តាមរយៈការជំរុញកំណើនរំហូរចូលមូលធន ការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង និងចំណេះធ្វើ។
ទី២ ការបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា ដើម្បីធ្វើឱ្យរចនា សម្ព័ន្ធសេដ្ឋកិច្ច អាចធ្វើពិពិធកម្មបាន និងធន់ទៅនឹងវិបត្តិក្នុងតំបន់និងសកលលោក។ ការផ្តល់ការការពារនូវសិទ្ធិ និង ផលប្រយោជន៍ស្របច្បាប់ ដល់វិនិយោគិននៅព្រះរាជាណាចក្រកម្ពុជា តាមរយៈការបង្កើតនូវក្របខ័ណ្ឌគតិយុត្ត ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានតុល្យភាពស្របទៅនឹងផលប្រយោជន៍ជាតិ ។
សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន១២ជំពូក និង៤២មាត្រា ត្រូវបានរដ្ឋសភានៃព្រះរាជា- ណាចក្រកម្ពុជាអនុម័តយល់ ព្រមជាលើកដំបូងចំនួន៩២សំឡេងនៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ នាសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦៕