IMF ព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជានឹងមានកំណើន២,២ភាគរយដូចនឹងការព្យាកររបស់ធនាគារពិភពលោក

0

       ដោយៈវឌ្ឍនៈ

ភ្នំពេញៈ មូលនិធិរូបិយវត្ថុអន្តរជាតិ ( IMF ) បានព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២១នេះ ដូចនឹងការព្យាកររបស់ធនាគារពិភពលោកថា នឹងកំណើននឹងសម្រេចបានត្រឹម២,២ភាគរយ និង៥ភាគរយនៅឆ្នាំ២០២២ខាងមុខ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្រោយកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ រវាងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកAlasdair Scott ប្រធានក្រុមបេសកកម្មរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ នៅថ្ងៃទី២៩កញ្ញា២០២១នេះ ។

លោក Alasdair Scott បានជម្រាបជូនពីទស្សនវិស័យសេដ្ឋកិច្ចសកល ដែលបានចេញផ្សាយនាខែ កក្កដា ២០២១ ដោយកំណើនសេដ្ឋកិច្ចសកល ស្ថិតនៅក្នុងរង្វង់៦ភាគរយក្នុងឆ្នាំ២០២១ និង៤,៩ភាគរយនៅក្នុងឆ្នាំ ២០២២ ហើយការងើបឡើងវិញនៃសេដ្ឋកិច្ចនៃបណ្ដាប្រទេសអភិវឌ្ឍន៍ និងប្រទេសកម្ពុជាអភិវឌ្ឍនឹងមានល្បឿនខុសគ្នា ។

ក្នុងសេចក្ដីប្រកាសបង្ហាញថា ជាលទ្ធផលនៃការវាយតម្លៃ មកលើស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២១ ត្រូវបានវាយតម្លៃឡើងវិញថា នឹងមានកំនើនខ្ពស់ជាងមុន ក្នុងអត្រា២,២ភាគរយ គាំទ្រដោយនិន្នាការល្អជាងគេរំពឹងទុកនៃវិស័យកម្មន្តសាល និងវិស័យកសិកកម្ម ដែលជំរុញដោយភាពរឹងមាំនៃតម្រូវការខាងក្រៅខណៈវិស័យសំណង់ វិស័យអចលនទ្រព្យ និងវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន រងផលប៉ះពាល់ដោយសារព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ២០២១។

ទន្ទឹមនឹងនោះ ឆ្នាំ២០២២ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថានឹងបន្តងើបឡើងក្នុងរង្វង់ប្រមាណ៥ភាគរយ ដោយសារការរំពឹងទុកការបន្តងើបឡើង នៃតម្រូវការសកល ការបន្តសក្ដានុពលកំណើននៃវិស័យកាត់ដេរ និងវិស័យកម្មន្តសាលមិនមែនកាត់ដេរ និងការកើនឡើងសន្សឹមៗ នៃវិស័យគាំទ្រផ្សេងទៀត ព្រមទាំងប្រសិទ្ធភាព នៃការដាក់ចេញវិធានការគោលនយោបាយរបស់រដ្ឋាភិបាល ជាពិសេសផែនការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ១៩ ។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងាររបស់ក្រុមការងារ Article IV របស់មូលនិធិរូបិយវត្ថុអន្តរជាតិ និងបានកត់សម្គាល់ពីភាព ប្រហាក់ប្រហែលគ្នានៃការវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ដោយក្រុមការងារមូលនិធិរូបិយវត្ថុអន្តរជាតិ និងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here