ដោយៈវឌ្ឍនៈ
ភ្នំពេញៈ ខេត្តកណ្ដាលជាខេត្តមួយ ទទួលបានគម្រោងវិនិយោគច្រើនជាងគេមួយក្នុងប្រទេសកម្ពុជា ជាពិសេសលើគម្រោងវិនិយោគ លើរោងចក្រ ឧស្សាហកម្ម ជាក់ស្ដែងក្នុងរយៈពេល៩ខែខេត្តនេះ ទទួលបានគម្រោងវិនិយោគចំនួន២៤គម្រោងនេះ ។
យោងតាមរបាយការណ៍របស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឲ្យដឹងថា គិតចាប់ពីខែមករា ដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២១ បានបង្ហាញថា ខេត្តកណ្តាលទទួលបានគម្រោងវិនិយោគ២៤គម្រោង។ គម្រោងទាំងនេះ បូកបញ្ចូលគ្នាមានទុនវិនិយោគប្រមាណ១៧៥លានដុល្លារ ហើយអាចបង្កើតឱកាសការងារដល់ទៅជាង២២.០០០នាក់។
គម្រោងទាំងនេះ ភាគច្រើនផ្តោតលើរោងចក្រ ឧស្សាហកម្ម ដូចជា រោងចក្រកាត់ដេរសម្លៀកបំពាក់ កាបូប និងស្បែកជើង ហើយគម្រោងទាំងនេះបានបោះទីតាំងវិនិយោគក្នុងតំបន់មួយចំនួនដូចជា ក្រុងតាខ្មៅ ស្រុកអង្គស្នូល ស្រុកកណ្តាលស្ទឹង ស្រុកកៀនស្វាយ និងស្រុកពញាឮជាដើម ។
អ្នកជំនាញនៃវិស័យអចលនទ្រព្យបានលើកឡើងថា កត្តាដែលជំរុញឱ្យខេត្តកណ្ដាលទទួលបានការទាក់ទាញ លើការវិនិយោគជាបន្តបន្ទាប់បែបនេះ ដោយសារតែខេត្តកណ្ដាលមានទីតាំងនៅជុំវិញរាជធានីភ្នំពេញ ហើយរដ្ឋាភិបាលក៏បានកសាងហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងជាច្រើនទៀត នៅក្នុងខេត្តកណ្ដាលនេះដែរ។ អ្វីដែលពិសេសតម្លៃដីធ្លីនៅខេត្តកណ្ដាលក៏មានកម្រិត បើធៀបនឹងដីធ្លីនៅរាជធានីភ្នំពេញ ដែលធ្វើឱ្យវិនិយោគិនអាចបណ្ដាក់ទុនវិនិយោគលើគម្រោងរបស់ខ្លួនបានផងដែរ ។
លោកស៊ូ ប៊ុនសុង ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តកណ្តាល បានបញ្ជាក់ថា ខេត្តកណ្តាល មិនត្រឹមតែមានកំណើនលើការវិនិយោគឧស្សាហកម្មប៉ុណ្ណោះទេ តែគម្រោងលំនៅឋានធំៗ ក៏កំពុងបង្ហាញវត្តមានកាន់តែច្រើនឡើងក្នុងខេត្តនេះផងដែរ ដែលបច្ចុប្បន្នមាន៩គម្រោង។
លោកបន្តថា ទីតាំងដីដែលមានតម្លៃខ្ពស់ជាងគេ ក្នុងខេត្តកណ្តាលគឺស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២១ ដែលមានតម្លៃចន្លោះពី២០០ រហូតដល់ ១ ២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ទីផ្សារដីធ្លីនៅតាមបណ្តោយផ្លូវជាតិលេខ ៥មានតម្លៃទាបជាងគេក្នុងខេត្តកណ្តាល ដែលមានតម្លៃចន្លោះពី២៥០ ទៅ៤០០ដុល្លារក្នុងមួយម៉ែត្រការ៉េ៕