ដោយៈគង់ សិរីជេស៊ីកា
ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រកាសថា ខ្លួនកំពុងបង្កើនមហិច្ឆតាក្នុងការផ្តល់ហិរញ្ញប្បទានអាកាសធាតុ ដល់ប្រទេសកំពុងអភិវឌ្ឍន៍ជាសមាជិករបស់ខ្លួនរួមទាំងកម្ពុជាផងដែរ ដល់ ១០០ពាន់លានដុល្លារសម្រាប់ឆ្នាំ ២០១៩-២០៣០។
មន្រ្ដីនាំពាក្យក្រសួងបរិស្ថាកម្ពុជា ស្វាគមន៍ចំពោះការផ្តល់ហិរញ្ញវត្ថុនេះ និងចាត់ទុកជាការចូលរួមដ៏ធំធេង ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ នៅអាស៊ីនិងប៉ាស៊ីហ្វិក។ នេះបើតាមសេចក្តីប្រកាសនាថ្ងៃទី ១៣ តុលា។
លោក Masatsugu Asakawa ប្រធានធនាគារអភិវឌ្ឍន៍អាស៊ីថ្លែងថា ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនៅអាស៊ី និងប៉ាស៊ីហ្វិកនឹងឈ្នះឬក៏ចាញ់។ វិបត្តិអាកាសធាតុ កាន់តែអាក្រក់ទៅៗជារៀងរាល់ថ្ងៃ ដែលជំរុញឱ្យអ្នកពាក់ព័ន្ធជាច្រើនអំពាវនាវឱ្យមានការបង្កើនហិរញ្ញវត្ថុគាំទ្រផ្នែកអាកាសធាតុ។
លោកថ្លែងថា “យើងកំពុងចាត់វិធានការ ដើម្បីឆ្លើយតបតាមការអំពាវនាវនេះ ដោយបង្កើនមហិច្ឆតារបស់យើងដល់ ១០០ ពាន់លានដុល្លារ សម្រាប់ហិរញ្ញវត្ថុអាកាសធាតុត្រឹមឆ្នាំ ២០៣០ ដោយប្រើធនធានរបស់យើងផ្ទាល់”។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានថ្លែងនៅថ្ងៃទី១៣តុលាថា កម្ពុជាសូមស្វាគមន៍ ចំពោះការផ្តល់ហិរញ្ញវត្ថុ គាំទ្ររបស់ធនាគារអភិវឌ្ឍន៍អាស៊ីទាក់ទងនឹងអាកាសធាតុ ដែលមានទឹកប្រាក់រហូតដល់១០០ពាន់លានដុល្លារ សហរដ្ឋអាមេរិក សម្រាប់ឆ្នាំ ២០១៩ ដល់ឆ្នាំ ២០៣០។ នេះគឺជាការចូលរួមដ៏ធំធេងក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនៅអាស៊ីនិងប៉ាស៊ីហ្វិក។
លោកបានបន្តថា “កម្ពុជាមិនមែនជាប្រទេស ដែលបង្កឱ្យមានការប្រែប្រួលអាកាសធាតុទេ តែជាប្រទេសដែលងាយនឹងរងគ្រោះ ពីការប្រែប្រួលអាកាសធាតុ។ តាមរយៈការគាំទ្រថវិកាមួយចំនួន ពីធនាគារអភិវឌ្ឍន៍អាស៊ី នឹងធ្វើឱ្យកម្ពុជាកាន់តែមានលទ្ធភាពច្រើនបន្ថែមទៀត ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុបន្ថែម ពីលើការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនិងដៃគូអភិវឌ្ឍន៍ផ្សេងទៀត”។
យោងតាមសេចក្ដីប្រកាសព័ត៌មាន នៅឆ្នាំ២០១៨ បានឲ្យដឹងថា ADB បានប្តេជ្ញាធានាយ៉ាងហោច ៧៥% នៃចំនួនប្រតិបត្តិការសរុបរបស់ខ្លួន គាំទ្រសកម្មភាពទាក់ទងនឹងអាកាសធាតុ ហើយធនធានហិរញ្ញវត្ថុអាកាសធាតុរបស់ខ្លួន ឈានដល់យ៉ាងហោចណាស់៨០ពាន់លានដុល្លារនៅឆ្នាំ២០៣០។
ការប្រកាសកាលពីថ្ងៃទី ១៣ តុលា បង្កើនមហិច្ឆតា នៃការផ្តល់ហិរញ្ញប្បទានទាំងនេះ។ ADB រំពឹងថា ហិរញ្ញប្បទានអាកាសធាតុសរុប ដោយប្រើធនធានរបស់ខ្លួនសម្រាប់ឆ្នាំ ២០១៩-២០២១ នឹងឈានដល់ប្រមាណ១៧ពាន់លានដុល្លារ៕