រដ្ឋាភិបាលរៀបចំដាក់ឱ្យប្រើប្រាស់ស្ថានីយជញ្ជីងយានយន្តដឹកជញ្ជូនលើសទម្ងន់កំណត់នៅខេត្តកែបនិងព្រះវិហារ

0

ដោយៈ សុផារី

ភ្នំពេញៈ ដោយសារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្នុងប្រទេសមានការអភិវឌ្ឍ និងរីកចម្រើនច្រើន និងតម្រូវការរបស់រដ្ឋបាលខេត្ត គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នឹងរៀបចំដាក់ឱ្យប្រើប្រាស់ស្ថានីយជញ្ជីងថ្មី នៅខេត្តកែប និងខេត្តព្រះវិហារ ព្រមទាំងគ្រោងសាងសង់ស្ថានីយជញ្ជីងបន្ថែមទៀត នៅតាមខេត្តដែលមានតម្រូវការចាំបាច់។

យោងតាមរបាយការណ៍នៃការអនុវត្តការងារ លោក សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានបញ្ជាក់កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២១ យានយន្តត្រួតពិនិត្យសរុបចំនួន ១ ៨៣០,៦៣១គ្រឿង ក្នុងនោះយានយន្តលើសទម្ងន់ កម្រិតកំណត់ចំនួន៥៧៨,១០៣ គ្រឿង ស្មើនឹង៣១.៥៨% ដែលក្នុងនោះយានយន្តផ្ទុកលើសក្នុងកម្រិតអនុគ្រោះ ចំនួន ៥៧៥ ៨៥៦គ្រឿង និងយានយន្តលើសទម្ងន់កម្រិតកំណត់ ដែលបានពិន័យមានចំនួន២ ២៤៧គ្រឿង ដែលរួមទាំងយានយន្តដែលឃាត់ទុកចំនួន ២២៩គ្រឿង។

ថ្មីៗនេះ ដោយយោងតាមអនុសាសន៍ ណែនាំរបស់សម្តេច ហ៊ុន សែន យានយន្តចំនួន២២៩គ្រឿង ដែលបានពិន័យនិងឃាត់ទុក ទទួលបានអនុគ្រោះពីសម្តេចតេជោ និងបានប្រគល់ជូនម្ចាស់យានយន្តវិញ។

ក្នុងទិសដៅបន្ត គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍នៃគណៈកម្មាធិការ នឹងបន្តផ្សព្វផ្សាយ ពន្យល់ណែនាំដល់ម្ចាស់យានយន្ត ម្ចាស់អាជីវកម្មដឹកជញ្ជូន ដេប៉ូខ្សាច់-ថ្ម និងសាធារណជនទាំងអស់ ឱ្យបានជ្រាបកាន់តែទូលំទូលាយ អំពីបទដ្ឋានច្បាប់នានាដែលពាក់ព័ន្ធការដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ ជាពិសេសច្បាប់ស្តីពី ផ្លូវថ្នល់ មាត្រា២៦ និងមាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែម ចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់នៅទូទាំងប្រទេស។

ជាងនេះទៅទៀត ក្រុមការងារនឹងបន្តអនុវត្តច្បាប់ និងទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់យ៉ាងតឹងរ៉ឹងបំផុត ដោយមិនមានការលើកលែងឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here