វៀតណាមគ្រោងវិនិយោគជាង១០០ពាន់លានដុល្លារលើការផលិតថាមពលដើរដោយធ្យូងថ្ម

0

ដោយៈសុខុម

ហាណូយ: ប្រទេសវៀតណាម គ្រោងបង្កើនទ្វេដងនូវសមត្ថភាព ផលិតថាមពលអគ្គិសនីដើរដោយធ្យូងថ្មនៅត្រឹមឆ្នាំ២០៣០ ដើម្បីបំពេញមហិច្ឆតាធំរបស់ខ្លួនក្រោមសេចក្តីព្រាងផែនការអភិវឌ្ឍន៍ថាមពលមួយ ដែលត្រូវបានដាក់ជូននាយករដ្ឋមន្រ្តីសុំការអនុម័តនៅសប្តាហ៍នេះ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃសុក្រ ទី១៥ តុលា។

នេះសរបង្ហាញឱ្យឃើញថា ប្រទេសវៀតណាម នឹងពឹងផ្អែកលើធ្យូងថ្មកាន់តែខ្លាំងនៅក្នុងការផលិតថាមពលអគ្គិសនី សម្រាប់ផ្គត់ផ្គង់ដល់សេដ្ឋកិច្ច ដែលកំពុងលូតលាស់យ៉ាងឆាប់រហ័សរបស់ខ្លួន ខណៈប្រទេសធំៗក្នុងពិភពលោក រួមទាំងស្ថាប័នអន្តរជាតិជាច្រើនកំពុងសហការគ្នា យ៉ាងសស្រាក់សស្រាំនៅក្នុងការជំរុញ និងការងាកទៅផលិតថាមពលកកើតឡើងវិញ ដើម្បីចូលរួមចំណែកដោះស្រាយ បញ្ហាបម្រែបម្រួលអាកាសធាតុ។

អ្នកវិទ្យាសាស្ត្រទូទាំងពិភពលោកបានអះអាងជាយូរមកហើយថា ការដុតធ្យូងថ្មបង្កផលប៉ះពាលធ្ងន់ធ្ងរដល់បរិស្ថាន ព្រោះវាបំភាយឧស្ម័នផ្ទះកញ្ចក់ ចូលទៅក្នុងបរិយាកា​ស ដែលធ្វើឱ្យខូចស្រទាប់អូហ្សូនរបស់ភពផែនដី។

ផ្អែកតាមច្បាប់ចម្លងនៃផែនការទី៨ សម្រាប់ការអភិវឌ្ឍន៍ថាមពល (Power Development Plan 8) ឬហៅកាត់ថា PDP 8 ដែលទីភ្នាក់ងារព័ត៌មាន Reuters ទទួលបានបង្ហាញថា រោងចក្រថាមពលអគ្គិសនីដើរដោយធ្យូងថ្ម នឹងគ្របដណ្ដប់រហូតដល់ទៅ៣១.៤% នៃសមត្ថភាពផលិតថាមពលអគ្គិសនី ដែលនឹងឈានដល់កម្លាំង១៤៣.៨ជីហ្គាវ៉ាត់ (GW) នៅត្រឹមឆ្នាំ២០៣០។

នោះមានន័យថាការផលិតថាមពលអគ្គិសនីដើរដោយធ្យូងថ្ម នឹងឈានដល់កម្លាំង៤១ជីហ្គាវ៉ាត់នៅត្រឹមដំណាច់ទសវត្សរ៍នេះ បើធៀបនឹងសមត្ថភាពផលិតថាមពលអគ្គិសនីដើរដោយធ្យូងថ្មកម្លាំង២០,៧ជីហ្គាវ៉ាត់គិតត្រឹមឆ្នាំ២០២០។ យោងតាមទិន្នន័យផ្លូវការបង្ហាញថា សមត្ថភាពផលិតថាមពលអគ្គិសនី ពីគ្រប់ប្រភពទាំងអស់គិតមកទល់នឹងឆ្នាំ២០២០ មានកម្លាំងសរុប៦៩ជីហ្គាវ៉ាត់។

ទោះជាយ៉ាងណា ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ដែលជាអ្នកធ្វើសេចក្ដីព្រាងផែនការនេះ មិនបានឆ្លើយតបអ៊ីម៉េលជាច្រើន ដែលទីភ្នាក់ងារព័ត៌មាន Reuters ផ្ញើទៅដើម្បីសុំការបំភ្លឺជុំវិញការព្យាករនេះឡើយ។

ប្រទេសវៀតណាម ដែលមានប្រជាជនចំនួន៩៨លាននាក់ កំពុងប្រឹងប្រែងបង្កើនសមត្ថភាពផលិតថាមពលអគ្គិសនីរបស់ខ្លួន ដើម្បីផ្គត់ផ្គង់ដល់មូលដ្ឋានផលិតកម្មសម្រាប់ក្រុមហ៊ុននានាដូចជាក្រុមហ៊ុនយក្ស Samsung Electronics និង LG Electronics របស់កូរ៉េខាងត្បូង ជាដើម។

ផែនការទី៨ សម្រាប់អភិវឌ្ឍន៍ថាមពល ឬ PDP 8 នេះព្យាករថា ផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាម នឹងទទួលបានកំណើនប្រចាំឆ្នាំ៦,៦%នៅចន្លោះពេលនេះដល់ឆ្នាំ២០៣០ និង៥,៧%ដល់ឆ្នាំ២០៤៥។

យោងតាមផែនការដដែលបង្ហាញថា ប្រទេសនេះនឹងត្រូវបោះទុនវិនិយោគក្នុងទំហំទឹកប្រាក់១១៥.៩៦ពាន់លានដុល្លារអាមេរិក លើការសាងសង់រោងចក្រផលិតថាម​ពលថ្មីៗ និងការពង្រីកបណ្តាញបញ្ជូនថាមពលអគ្គិសនី ដល់ឆ្នាំ២០៣០ និងរហូតដល់ទៅ២២៧.៤ពាន់លានដុល្លារអាមេរិក ដល់ឆ្នាំ២០៤៥ នៅពេលសមត្ថភាពផលិតថាមព​លរបស់ខ្លួនអាចឈានដល់៣២៩.៦ជីហ្គាវ៉ាត់៕ Reuters ៕

LEAVE A REPLY

Please enter your comment!
Please enter your name here