គម្រោងផ្សារពាក់កណ្តាលទំនើបដំបូងគេក្នុងខេត្តតាកែវសម្រេចបានការសាងសង់ ជាង៤០ភាគរយហើយ

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ គម្រោងសាងសង់ផ្សារពាក់កណ្តាលទំនើប ខ្នាតតូចដំបូងគេនៅក្នុងខេត្តតាកែវ ដែលកែរចនាបថពីផ្សារណាត់ជំនាន់បារាំង មកដល់ពេលនេះសម្រេចបានប្រមា​ណ៤០ភាគរយហើយគិតត្រឹមថ្ងៃទី១៨ តុលា២០២១ និងពន្លឿនការសាងសង់ឱ្យចប់ទៅតាមផែនការគឺអំឡុងខែមេសាឆ្នាំក្រោយ ឆ្នាំ២០២២។

លោកកង អាណាន់ អភិបាលក្រុងដូនកែវ ខេត្តតាកែវបានឱ្យដឹងតាមទូរស័ព្ទនា​រសៀលថ្ងៃទី២១ តុលានេះថា គម្រោងវិនិយោគផ្សារណាត់នេះ កំពុងតែប្រព្រឹត្តិទៅតាមផែនការទោះបីជាកម្ពុជា កំពុងជួបប្រទះនឹងបញ្ហាជំងឺកូវីដ១៩ក៏ដោយ ។ លោកថា បើទោះបីជាយើងជួបបញ្ហាយ៉ាងនេះក្ដី ក៏អាជ្ញាធរក្រុងបានបង្កើតក្រុមការងារតាមដាន និងចុះត្រួតពិនិត្យជាប្រចាំ មិនឱ្យមានការធ្វេសប្រហែស ក្នុងការសាងសង់នោះទេ ដើម្បីឱ្យដំណើរការសាងសង់ស្របតាមបច្ចេកទេសស្ដង់ដារ និងសំណង់ប្រើប្រាស់បានយូរអង្វែងជាពិសេសប្រព័ន្ធការពារសុវត្ថិភាព នៅក្នុងផ្សារផ្ទាល់តែម្ដង។

លោកបន្តថា “សមិទ្ធផលផ្សារទំនើបខ្នាតតូច នៅក្នុងខេត្តតាកែវនេះគឺជាការខិតខំប្រឹងប្រែងមួយ របស់អាជ្ញាធរក្នុងរកដៃគូវិនិយោគល្អៗ មកបណ្ដាក់ទុនវិនិយោគនិងអភិវឌ្ឍន៍ទីកន្លែងជាច្រើនដែលកំពុងត្រូវការ”។លោករំពឹងថា “គម្រោងផ្សារណាត់នៅក្នុងក្រុងដូនកែវខេត្តតាកែវ នឹងសាងសង់រួចតាមផែនការហើយ នៅពេលសង់រួចបានសព្វគ្រប់ ផ្សារនេះនឹងជួយលើកកម្ពស់មុខមាត់ក្រុងដូនកែវបន្ថែមទៀត”។

លោកស្រីប្រាក់ ចាន់រដ្ឋា ម្ចាស់គម្រោងវិនិយោគផ្សារទំនើបដំបូងគេ ក្នុងខេត្តតាកែវបានឱ្យដឹងថា ទីតាំងផ្សារទំនើបនេះ ជាទីតាំងចាស់នៃផ្សារណាត់ សល់ពីជំនាន់បារាំង ហើយការយកទីតាំងនេះធ្វើជាផ្សារទំនើប ក៏ដោយសារតែពលរដ្ឋក្នុងតំបន់បានស្គាល់ទីតាំងនោះស្រាប់។ មិនតែប៉ុណ្ណោះការកែប្រែផ្សារទំនើបនេះ ក៏នឹងធ្វើឱ្យអាជីវករកាន់តែមានភាពងាយស្រួលក្នុងការលក់ដូរ ជាពិសេសលើកមុខមាត់ខេត្តតាកែវ កាន់តែល្អមួយកម្រិតទៀតផងដែរ។

រដ្ឋាភិបាលកម្ពុជាក៏បាន និងកំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តតាកែវផងដែរ គឺផ្លូវជាតិលេខ២ ហើយវានឹងនាំអ្នកវិនិយោគ ទេសចរជាតិ និងអន្តរជាតិទៅកាន់ខេត្តតាកែវបន្ថែមទៀតផងដែរ។ មិនតែប៉ុណ្ណោះ ខេត្តនេះ ក៏ជាមានទីតាំងជាប់ជាមួយនឹងប្រទេសវៀតណាម និងអាចធ្វើការដោះដូរទំនិញ ភ្ញៀវទេសចរទៅវិញទៅមកកាន់តែស្រួលផងដែរនៅពេលអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here