កំពង់ស្ពឺ ចាប់ផ្ដើមទទួលបានការវិនិយោគអចលនទ្រព្យឡើងវិញបន្ទាប់ពីកូវីដ១៩ធូរស្រាល

0

ដោយ ៖ វឌ្ឍនៈ

កំពង់ស្ពឺ៖ បន្ទាប់ពីស្ថានភាពកូវីដ១៩នៅក្នុងប្រទេសកម្ពុជា ចាប់ផ្ដើមធូរស្រាលបន្តិចវិញ វិនិយោគិនអចលនទ្រព្យក្នុងប្រទេសកម្ពុជាក៏ចាប់ផ្ដើមអភិវឌ្ឍន៍គម្រោងរបស់ខ្លួន ដែលបានគ្រោងទុកកន្លងមកដែរ ជាក់ស្ដែងវិនិយោគិនមួយក្រុមបានបង្ហាញពីចំណាប់អារម្មណ៍លើការវិនិយោគគម្រោងអចលនទ្រព្យនានាក្នុងខេត្តកំពង់ស្ពឺ។

លោក ហេង ចាន់ណា អគ្គនាយកក្រុម អិនអេចលែន ដែលបានទុនវិនិយោគលើគម្រោងរមណីយដ្ឋានកែច្នៃបែបធម្មជាតិបានឱ្យដឹងថា បច្ចុប្បន្ននេះ វិស័យអចលនទ្រព្យ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា។ វាក៏បានផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋយ៉ាងសន្ធឹកសន្ធាប់ និង កាត់បន្ថយការធ្វើចំណាកស្រុករបស់ប្រជាជនមួយកម្រិតផងដែរ ។

លោកបន្តថា ក្រុមហ៊ុននឹងកែប្រែតំបន់នេះឱ្យក្លាយទៅជាតំបន់ទេសចរណ៍ថ្មីមួយបន្ថែមទៀតក្នុងទឹកដីខេត្តកំពង់ស្ពឺ តាមរយៈការអភិវឌ្ឍន៍រមនីយដ្ឋានកែច្នៃបែបធម្មជាតិ លំនៅដ្ឋានធម្មជាតិ មាន ភ្នំ ស្ទឹង បឹងបួរ ជ្រោះ ជ្រលងភ្នំ យ៉ាងស្រស់ត្រកាល ដែលអាចទាក់ទាញទេសចរជាតិ អន្តរជាតិ បានយ៉ាងច្រើនក្នុង១ឆ្នាំៗ។

លោក គឹម វិចិត្រ នាយកប្រតិបត្តិក្រុមហ៊ុនអិនអេចលែន បានបង្ហាញពីគម្រោងផែនការដ៏មហិមា ដែលក្រុមហ៊ុនបាននិងកំពុងអភិវឌ្ឍជាជំហានៗ ស្របទៅតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ជាពិសេសស្តារប្រទេសក្រោយវិបត្តិជាសកលកូវីដ១៩នេះទៅ។

នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ ឃី រៀលអ៊ីស្ទេត ក៏បានឱ្យដឹងផងដែរថា ខេត្តកំពង់ស្ពឺជាខេត្តដែលមានការទាក់ទាញលើការវិនិយោគអចលនទ្រព្យដ៏សំខាន់មួយ ក្នុងនោះវិស័យឧស្សាហកម្ម និងអចលនទ្រព្យបែបលំហែក៏កំពុងមានការទាក់ទាញការបណ្ដាក់ទុនវិនិយោគជាច្រើនពីសំណាក់វិនិយោគិនផងដែរ។ លោកបន្តថា នៅពេលចប់វិបត្តិកូវីដ១៩ ខេត្តកំពង់ស្ពឺនឹងអាចក្លាយជាគោលដៅវិនិយោគមួយដ៏ទាក់ទាញ។
ជាការកត់សម្គាល់ នៅក្នុងខេត្តកំពង់ស្ពឺ គេឃើញក្រុមវិនិយោគិនអចលនទ្រព្យជាច្រើនបានអភិវឌ្ឍលើគម្រោងដីឡូត៍បែបលំហែកាយ និងមានការគាំទ្រពីប្រជាពលរដ្ឋជាច្រើនពីរាជធានីភ្នំពេញ និងបណ្ដាខេត្តនានា។ ក្រៅពីនោះក៏មានគម្រោងអភិវឌ្ឍជាច្រើនទៀតនៅក្នុងខេត្តកំពង់ស្ពឺកំពុងអភិវឌ្ឍនបន្តបន្ទាប់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here