ដោយៈ លក្ខិណា
ភ្នំពេញៈ តាមការព្រៀងទុក នៅថ្ងៃទី២៦ខែតុលា២០២១នេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ភាគីទ្វេរភាគីកម្ពុជា កូរ៉េត្រូវបានចុះហត្ថលេខាជាផ្លូវការ ហើយកម្ពុជារំពឹងថា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ នឹងបង្កើនទំហំពាណិជ្ជកម្មទ្វេរភាគីរវាងគ្នាបន្ថែមទៀត។
លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាមន្ត្រីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មមានប្រសាសន៍ឱ្យដឹងថា តាមកាលកំណត់នៅថ្ងៃទី២៦ ខែតុលា ឆ្នំា២០២១នេះគឺជាថ្ងៃចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-កូរ៉េ ដែលធ្វើឡើងរវាង លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងភាគីកូរ៉េ តាមប្រព័ន្ធវីដេអូ។
លោកបន្តថា ក្រោយការចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះហើយ នឹងរៀបចំនីតិវិធីផ្ទៃក្នុងរបស់ខ្លួន រួមមាន ទំាងការបញ្ជូនសំណុំឯកសារទំាងអស់ទៅសភានិងព្រឹទ្ធសភា ហើយបន្ទាប់ពីសភាទំាងពីរបានអនុម័តរួចហើយ នឹងដាក់ថ្វាយព្រះមហាក្សត្រឡាយព្រះហស្ថលេខា។ បន្ទាប់ពីព្រះមហាក្សត្របានឡាយព្រះហស្ថលេខា យើងនិងធ្វើសេចក្តីជូនដំណឹង តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិទៅដល់ភាគីកូរ៉េ ហើយភាគីកូរ៉េក៏បំពេញនីតិវធីផ្ទៃក្នុងរបស់ខ្លួន ឱ្យបានចប់សព្វគ្រប់ហើយរៀបចំជូនដំណឹងមកដល់ភាគីកម្ពុជាដែរ។
លោកបន្តថា “ក្រោយការជូនដំណឹងទៅវិញទៅមក រយៈពេល២ខែឬ៦០ថ្ងៃ នោះកិច្ចព្រមព្រៀងនឹងចូលជាធរមាន”។ លោកបន្ថែមថា “កិច្ចការនេះវាអាស្រ័យលើនៃការធ្វើនីតិវិធីផ្ទៃក្នុងរបស់យើង ហើយបើតាមការរំពឹងទុក វាអាចនៅក្នុងត្រីមាសទី១ក្នុងឆ្នំា២០២២ខាងមុខនេះ វាដូចកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិនដែរ ដោយយើងបានធ្វើនីតិវិធីចប់រួចហើយ ដោយរំពឹងទុកនៅដើមឆ្នំា២០២២ខាងមុខនេះ នឹងចូលជាធរមាន”។
ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជាកូរ៉េ ដោយសារតែមិនទាន់បានធ្វើនីតិវិធី យ៉ាងហោចណាស់យើងទុករយៈពេលមួយ ហើយការរំពឹងទុករបស់យើង បើសិនមិនមានអ្វីប្រែប្រួលនោះទេ វាអាចនៅក្នុងត្រីមាសទី១ ឬនៅឆមាសទី១ដើមឆ្នំា២០២២។
អ្នកវិភាគសេដ្ឋកិច្ចកម្ពុជា លោកគី សេរីវឌ្ឍន៍បានឱ្យដឹងផងដែរថា កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសជាដៃគូ នឹងផ្ដល់ប្រយោជន៍ដល់កម្ពុជា និងប្រទេសជាដៃគូ ប៉ុន្តែបើសិនជាកិច្ចព្រមព្រៀងនេះ ចូលជាធរមាននៅក្នុងអំឡុងនៃវិបត្តិកូវីដ១៩ វានឹងធ្វើឱ្យកម្ពុជា បាត់បង់ចំណូលមួយផ្នែកគឺចំណូលពន្ធគយ ពីព្រោះថានៅពេលកិច្ចព្រមព្រៀងនេះជាធរមាន រាល់ការនាំចេញនាំចូលនឹងត្រូវលែងបង់ពន្ធគយទៀតហើយ។
អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មលោកស៊ាង ថៃក៏បានបញ្ជាក់ផងដែរថា មិនត្រឹមតែកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា កូរ៉េ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា ចិន និងកិច្ចព្រមព្រៀង CREP ទេ តែកម្ពុជាក៏មានបំណង ក្នុងការបង្កើតកិច្ចព្រមព្រៀងជាមួយបណ្ដាប្រទេសជាច្រើនទៀត ដើម្បីបង្កើនទីផ្សារផលិតផលរបស់កម្ពុជា នៅពេលខាងមុខ នេះ៕