ដោយៈវឌ្ឈនៈ
ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថារាជរដ្ឋាភិបាលកម្ពុជា បានលើកកម្ពស់វិស័យឯកជន ដោយប្រកាន់ភ្ជាប់នូវអភិក្រមនៃការប្រែក្លាយវិបត្តិទៅជាកាលានុវត្តភាព តាមរយៈការដាក់ចេញនិងជំរុញការអនុវត្តនូវគោលនយោបាយ និងវិធានការសំខាន់ៗ ក្នុងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ថ្លែងក្នុងពិធីបិទកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ក្រោមប្រធានបទ “កសាងអនាគតឌីជីថល ប្រកបដោយចីរភាពរបស់យើង” នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២១ តាមរយៈប្រព័ន្ធវីដេអូថតទុកជាមុន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ លើកឡើងអំពីតួនាទីសំខាន់ៗមួយចំនួនរបស់វិស័យឯកជន ក្នុងការរួមចំណែកសម្រេចឱ្យបាននូវការងារអាទិភាព និងផែនការការងារអាស៊ានក្នុងឆ្នាំ២០២២ ។
សម្តេចតេជោបានបន្តថា “តួនាទីសំខាន់របស់វិស័យឯកជន ត្រូវទាញប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី តំបន់អាស៊ានដែលមានស្រាប់ ជាពិសេសកិច្ចព្រមព្រៀងអាសិប (RCEP) ដែលគ្រោងនឹងចូលជាធរមាននៅដើមឆ្នាំ២០២២ ដើម្បីជំរុញសកម្ម ភាពពាណិជ្ជកម្ម និងវិនិយោគ ជាពិសេសការជំរុញវិនិយោគផ្ទាល់ពីបរទេសដើម្បីបង្កើតការងារ, បង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ច”។
សម្តេចបន្តថា ចូលរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស តាមរយៈការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង និងចំណេះធ្វើ ជាពិសេសការអភិវឌ្ឍជំនាញឌីជីថល, ព្រមទាំងការលើកកម្ពស់វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ តាមរយៈការចូល រួមសហការជាមួយធុរកិច្ច និងវិនិយោគផ្ទាល់ពីបរទេស ដែលជួយការកាត់បន្ថយគម្លាតឌីជីថល និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលក្នុងតំបន់។
លើកកម្ពស់កិច្ចសហការរវាងវិស័យសាធារណៈ និងវិស័យឯកជន ជាពិសេសតាមរយៈយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ក្នុងគោលបំណងកៀរគរធនធានហិរញ្ញវត្ថុមកប្រើប្រាស់ក្នុងការអភិវឌ្ឍ និងការអនុវត្តគំនិតផ្តួចផ្តើមនានា ដើម្បីជួយបំពេញតម្រូវការផ្នែកហិរញ្ញវត្ថុ សម្រាប់ការស្តារឡើងវិញនូវកិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច។
សម្តេចតេជោ បានបញ្ជាក់ផងដែរថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២ កម្ពុជានឹងផ្តល់ការគាំទ្រ និងជួយសម្រួលគ្រប់បែបយ៉ាងដល់កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ដើម្បីឈានសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត។
ទន្ទឹមនេះ កម្ពុជានឹងបន្តជំរុញដំណើរការកសាងសហគមន៍អាស៊ាន ការធ្វើពាណិជ្ជកម្មនិងវិនិយោគ និងកិច្ចសហប្រតិ បត្តិការជាមួយនឹងដៃគូ សំដៅស្តារឡើងវិញនូវកំណើនសេដ្ឋ កិច្ច និងប្រែក្លាយអាស៊ានឱ្យ ទៅជាតំបន់ ដែលមានសុខសន្តិភាព ភាពធន់ និងការអភិវឌ្ឍ៕