ដំណឹងល្អៈរដ្ឋាភិបាលគ្រោងបោះផ្សាយលក់សញ្ញាប័ណ្ណតម្លៃ៣០០លានដុល្លារនៅឆ្នាំ២០២២

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងបោះផ្សាយលក់មូលបត្របំណុលរដ្ឋ (government bond) ជាលើកដំបូងក្នុងទំហំទឹកប្រាក់សរុប៣០០លានដុល្លារ ដើម្បីរកថវិកាមកគាំទ្រគម្រោងវិនិយោគសាធារណៈ សំដៅលើស្ទួយកំណើន និងផលិតភាពសេដ្ឋកិច្ច។

យោងតាមខ្លឹមសារសង្ខេបនៃសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុ ២០២២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលប្រកាសកាលពីថ្ងៃទី២២ ខែតុលា កន្លងទៅបានឲ្យដឹងថា ការលក់សញ្ញាប័ណ្ណ ឬមូលប័ត្របំណុលរបស់រដ្ឋាភិបាលនេះ បើពន្យល់និយាយឱ្យងាយយល់ គឺស្រដៀងគ្នានឹងរដ្ឋខ្ចីលុយពីអ្នកវិនិយោគដូច្នោះដែរ តែធ្វើឡើងក្នុងទ្រង់ទ្រាយជាការវិនិយោគ។

រដ្ឋខ្ចីលុយពីអ្នកវិនិយោគ និងសងក្នុងអត្រាការប្រាក់ណាមួយ។ អ្នកវិនិយោគភាគច្រើនចូលចិត្តទិញមូលប័ត្រ ដោយសារតែហានិភ័យទាបជាងទិញភាគហ៊ុន ហើយការប្រាក់ខ្ពស់ជាងដាក់លុយនៅធនាគារ។

ជាក់ស្ដែង ការលក់មូលបត្របំណុលរបស់រដ្ឋាភិបាល គឺវិធីសាស្រ្តពេញនិយមមួយ ដែលប្រទេសផ្សេងៗប្រើប្រាស់ដើម្បីរកថវិកាមកអភិវឌ្ឍប្រទេសជាតិ ប៉ុន្តែកម្ពុជានៅមិនទាន់ធ្វើនៅឡើយ។ UNDP ក៏ធ្លាប់បានណែនាំថា កម្ពុជាគួរបោះពុម្ពមូលបត្របំណុលរដ្ឋជាប្រាក់រៀលផងដែរ ដើម្បីពង្រីកប្រភពហិរញ្ញវត្ថុ។

យោងតាមក្រសួងសេដ្ឋកិច្ច ការលក់មូលបត្របំណុលរដ្ឋលើកដំបូងនេះ គឺជាការសាកល្បង ហើយសង្ឈឹមថា វានឹងជាការចូលរួមកាត់បន្ថយកម្ចីឥណទាន ពីក្រៅប្រទេស ដោយរាជរដ្ឋាភិបាល នឹងផ្តោតលើការគៀងគរប្រភពហិរញ្ញប្បទាន ពីខាងក្នុងប្រទេសវិញ។

ហិរញ្ញប្បទានពីការបោះផ្សាយមូលបត្ររដ្ឋ នឹងយកទៅប្រើបន្ថែមលើផែនការកម្ចីពីដៃគូឆ្នាំ២០២២ ក្នុងកម្រិត១៦០០លាន SDR (កញ្ចប់ថវិកាអន្តរជាតិរបស់ IMF) ឬប្រមាណ២.២០០លានដុល្លារ ដើម្បីគាំទ្រគម្រោងវិនិយោគ សាធារណៈប្រមាណ៣៥គម្រោង។

ក្រសួងសេដ្ឋកិចុ្ច និងហិរញ្ញវត្ថុបាមបញ្ជាក់ថា ការបោះពុម្ពផ្សាយលក់មូលបត្ររដ្ឋលើកដំបូង និងការខ្ចីក្នុងទំហំខាងលើនេះ នឹងមិនបង្កើតជាបន្ទុកបំណុលវ័ណ្ឌករដល់កម្ពុជាទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here