ដោយ៖ សុផារី
បន្ទាយមានជ័យ៖ ច្រកស្ទឹងបត់-បាណងអៀន ស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នឹងបើកឱ្យដំណើរការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ នៅក្នុងខែមករា ឆ្នាំ២០២២ខាងមុខនេះ។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីជំនួបរវាងលោក សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន និងលោក ជូរិន ឡាក់សាណាវីសិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ក្នុងគោលបំណង ពន្លឿនដល់ការបើកច្រកនេះ។
ច្រកស្ទឹងបត់-បាណងអៀន គឺជាច្រកអន្តរជាតិថ្មីមួយ ដែលកម្ពុជា និងថៃ បានឯកភាពកសាងឡើង ដើម្បីបម្រើដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនប្រទេសទាំងពីរ ហើយច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ទុកសម្រាប់បម្រើការធ្វើដំណើររបស់អ្នកទេសចរ។ ដើម្បីបម្រើដល់ដំណើរការច្រកព្រំដែនអន្តរជាតិនេះ កម្ពុជានិងថៃបានសាងសង់ស្ពានឆ្លងកាត់ព្រំដែនមួយខ្សែ ហើយបានសាងសង់អគាររដ្ឋបាលផ្សេងៗសម្រាប់ផ្តល់សេវានៅច្រកមួយនេះ។
បច្ចុប្បន្នទាំងភាគីកម្ពុជា និងថៃ កំពុងពន្លឿនការសាងសង់អគារ និងហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីផ្តល់សេវាលើការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនប្រទេសទាំងពីរ។ ការសាងសង់បានរួចរាល់ស្ទើរតែទាំងស្រុងហើយផងដែរ។
ការបើកច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បាណងអៀនថ្មីនេះ គឺជាការបើកឡើងនូវទំព័រប្រវត្តិសាស្ត្រថ្មីមួយសម្រាប់សម្រួលដល់ការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរវាងកម្ពុជា-ថៃ និងដើម្បីជំរុញលើកកម្ពស់ប្រព័ន្ធភស្តុភារកម្មនៅកម្ពុជាផងដែរ។
ភាគីថៃបានស្នើកម្ពុជាដើម្បីត្រៀមរៀបចំកុងតេនឺនិងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីសម្រួលដល់ការបើកច្រកអន្តរជាតិស្ទឹងបត់-ណងអៀនជាផ្លូវការនៅក្នុងខែមករា ឆ្នាំ២០២២។
ការបើកច្រកស្ទឹងបត់-បាណងអៀននេះ ត្រូវបានគេរំពឹងថា នឹងធ្វើឱ្យតំបន់ប៉ោយប៉ែតប្រែក្លាយជាតំបន់អភិវឌ្ឍមួយយ៉ាងខ្លាំង ជាមជ្ឈមណ្ឌលស្តុក និងចែកចាយទំនិញ និងជាតំបន់សេដ្ឋកិច្ចពិសេស ដែលបង្កើតជាសក្តានុពលរូបវ័ន្តដ៏រឹងមាំសម្រាប់ទ្រទ្រង់ដល់គម្រោងវិនិយោគនានាក្នុងស្រុក និងក្នុងប្រទេសនៃមហាអនុតំបន់ទន្លេមេគង្គ៕