ជប៉ុនប្រកាសផ្តល់កម្ចី២៥០ពាន់លានដុល្លារនិងជំនួយប្រមាណ២០០លានដុល្លារដល់អាស៊ានក្នុងការឆ្លើយតបនឹងជំងឺកូវីដ១៩

0

ដោយៈ សុផារី

អាស៊ានៈ ប្រមុខរដ្ឋាភិបាលអាស៊ានបានប្រកាសស្វាគមន៍ជប៉ុន ចំពោះការប្រកាសផ្តល់កម្ចី២៥០ពាន់លានដុល្លារ ព្រមទាំងការឆ្លើយតបនឹងគ្រោះមហន្តរាយនៃជំងឺកូវីដ១៩ និងបានស្វាគមន៍ ចំពោះការផ្តល់ជំនួយសរុបជាទឹកប្រាក់ប្រមាណ២០០លានដុល្លារ ជាគ្រឿងបរិក្ខារពេទ្យ ឧបករណ៍ និងបច្ចេកទេសផ្សេងៗសម្រាប់អាស៊ាន។

ការលើកឡើងនេះនៅព្រឹកថ្ងៃពុធ ទី២៧ ខែតុលា ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៤ ដែលមានការអញ្ជើញចូលរួមពីលោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) នាយករដ្ឋមន្ត្រីជប៉ុន ព្រមទាំងមេដឹកនាំអាស៊ានដទៃទៀត លើកលែងប្រទេសមីយ៉ាន់ម៉ា ជាកិច្ចប្រជុំស្ថិតនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំកំពូលអាស៊ាន នៅឆ្នាំ២០២១នេះ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៨ ខែតុលា។

ក្នុងកិច្ចប្រជុំនេះ ប្រមុខរដ្ឋាភិបាល បានស្នើជប៉ុនជួយកសាងសហគមន៍អាស៊ាន ជាពិសេសផែនការមេ នៃការតភ្ជាប់របស់អាស៊ានឆ្នាំ២០២៥ និងជួយដល់ការធ្វើសមាហរណកម្មអាស៊ាន។ ប្រមុខរដ្ឋាភិបាលអាស៊ាន ក៏បានស្នើជប៉ុនជួយកាត់បន្ថយគម្លាតការអភិវឌ្ឍប្រទេសសមាជិកអាស៊ាន និងជួយដល់ប្រទេសតំបន់មេគង្គ។

ប្រមុខរដ្ឋាភិបាលអាស៊ាន បានបង្ហាញនូវការពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន និងស្នើបន្តជំរុញភាពជាដៃគូយុទ្ធសាស្ត្រឱ្យកាន់តែប្រសើរ។ ជាពិសេសពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រួមទាំងវិស័យឌីជីថល វិស័យសេដ្ឋកិច្ច វិស័យសង្គម វប្បធម៌ សន្តិសុខ និងវិស័យផ្សេងៗទៀត។

ក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រីជប៉ុនបានប្រកាសថា ជប៉ុននឹងបន្តគាំទ្រដល់តួនាទីស្នូលរបស់អាស៊ាននៅក្នុងតំបន់ ហើយជប៉ុន នឹងបន្តគាំទ្ររាល់គម្រោងទាំងឡាយរបស់អាស៊ាន។ ជាចុងក្រោយប្រមុខរដ្ឋាភិបាលជប៉ុន និងអាស៊ាន បានពិភាក្សាទៅលើបញ្ហាតំបន់ដូចជាសមុទ្រចិនខាងត្បូង មីយាន់ម៉ា និងឧបទ្វីបកូរ៉េជាដើម។

ជប៉ុនជាដៃគូសន្ទនាដ៏ចំណាស់មួយរបស់អាស៊ាន ដែលមកដល់ឆ្នាំនេះ មានរយៈពេល៤៨ឆ្នាំហើយ។ ប្រមុខរដ្ឋាភិបាលអាស៊ាន បានអរគុណរដ្ឋាភិបាលនិងប្រជាជនជប៉ុន ដែលបានផ្តល់ជំនួយសន្ធឹកសន្ធាប់ សម្រាប់ការអភិវឌ្ឍប្រទេសតំបន់អាស៊ាន ជាពិសេសការផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទៅអាស៊ាន និងទៅប្រទេសសមាជិកអាស៊ាននិង ដែលបានប្រកាសផ្តល់វិភាគទាននូវថវិកា៥០លានដុល្លារ ដល់មជ្ឈមណ្ឌលអាស៊ានសម្រាប់គ្រោះអាសន្នសុខភាពសាធារណៈ និងជំងឺកើតថ្មី៕

LEAVE A REPLY

Please enter your comment!
Please enter your name here