ដោយ សុខុម
អន្តរជាតិ: លោក Elon Musk កំពូលមហាសេដ្ឋីលេខ១ របស់ពិភពលោកឆ្លើយតបទៅនឹងមន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ (UN) ដែលអះអាងថា ត្រឹមតែ១%នៃទ្រព្យសម្បត្តិរបស់លោកអាចដោះស្រាយភាពស្រេកឃ្លានទូទាំងពិភពលោកបាន។
ការឆ្លើយតបគួរឱ្យភ្ញាក់ផ្អើលនេះធ្វើឡើងក្រោយពីលោក David Beasley នាយកកម្មវិធីស្បៀងអាហារពិភពលោក (World Food Programme) នៃអង្គការសហប្រជាជាតិបានអំពាវនាវជាថ្មីម្ដងទៀតកាលពីសប្តាហ៍មុន ដោយសុំឱ្យកំពូលមហាសេដ្ឋីនានាដូចលោក Elon Musk ជាដើមចេញមុខជួយដោះស្រាយភាពស្រេកឃ្លានទូទាំងពិភពលោក ក្រោយពីបានសរសេរបង្ហោះបែបនេះម្ដងរួចមកហើយលើបណ្ដាញទំនាក់ទំនងសង្គម Twitter កាលពីដើមខែមុន។
លោក David Beasley បានអំពាវនាវឱ្យលោក Elon Musk និងលោក Jeff Bezos ដែលជាសហស្ថាបនិកក្រុមហ៊ុន Amazon.com Inc. ចេញមុខជួយដោះស្រាយបញ្ហាភាពស្រេកឃ្លានទូទាំងពិភពលោក ដោយអះអាងថា ប្រាក់៦ពាន់លានដុល្លារ អាចជួយសង្គ្រោះមនុស្សរហូតដល់ទៅ៤២លាននាក់មិនឱ្យស្លាប់ដោយភាពស្រេកឃ្លាន។
លោក Elon Musk បានសរសេរឆ្លើយតបលើ Twitter ថា “ប្រសិនបើកម្មវិធីស្បៀងអាហារពិភពលោកអាចរៀបរាប់លម្អិតអំពីរបៀបដែលប្រាក់៦ពាន់លានដុល្លារ អាចដោះស្រាយភាពស្រេកឃ្លានទូទាំងពិភពលោកបាន ខ្ញុំនឹងលក់ភាគហ៊ុនក្រុមហ៊ុន Tesla ភ្លាម ហើយធ្វើវាតែម្ដង”។
ក្រុមហ៊ុនរថយន្តអគ្គិសនី Tesla របស់លោក Elon Musk កាលពីសប្តាហ៍មុនបានជាប់ក្នុងចំណោមក្រុមហ៊ុនមួយចំនួនតូចដែលមានតម្លៃលើសពី១ទ្រីលានដុល្លារ។
យោងតាមសន្ទស្សន៍កំពូលមហាសេដ្ឋី Bloomberg Billionaires Index បង្ហាញថា លោក Elon Musk មានទ្រព្យសម្បត្តិសរុប្រមាណ៣១១ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី២៩ តុលា។ ដូចនេះ ប្រាក់៦ពាន់លានដុល្លារ គ្រាន់តែមួយចំនួនតូចនៃទ្រព្យសម្បត្តិរបស់លោកប៉ុណ្ណោះ។
ទោះជាយ៉ាងណា ការរៀបរាប់លម្អិតពីសំណាក់កម្មវិធីស្បៀងអាហារពិភពលោកត្រូវតែធ្វើឡើងដោយបើកចំហ ដើម្បីឱ្យសាធារណជនមើលឃើញច្បាស់ពីរបៀបដែលប្រាក់៦ពាន់លានដុល្លារ នោះត្រូវបានចំណាយ៕ Aljazeera៕