ដោយៈសុខុម
វ៉ាស៊ីនតោន: ក្រុមហ៊ុនលំដាប់យក្ស Amazon.com របស់កំពូលមហាសេដ្ឋី Jeff Bezos កាលពីថ្ងៃច័ន្ទ ទី០១ វិច្ឆិកា បានស្នើសុំការអនុម័តពីគណៈកម្មាធិការទូរគនាគមន៍សហព័ន្ធ (FCC) របស់សហរដ្ឋអាមេរិក សម្រាប់គម្រោងបាញ់បង្ហោះ និងដំណើរការផ្កាយរណបអ៊ីនធឺណិតម៉ូតគំរូចំនួន២នៅចុងឆ្នាំ២០២២។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃទី០២ វិច្ឆិកា នេះឱ្យដឹងថា ក្រុមហ៊ុនAmazon ដែលបានសន្យាបោះទុនវិនិយោគយ៉ាងតិច១០ពាន់លានដុល្លារ ដើម្បីផលិតផ្កាយរណបចំនួន៣.២៣៦គ្រឿង តាមរយៈកម្មវិធី Project Kuiper របស់ខ្លួននោះបាននិយាយថា ការសាកល្បង និងការបាញ់បង្ហោះផ្កាយរណបគឺជា ជំហានដ៏សំខាន់មួយឆ្ពោះទៅកាន់គោលដៅរបស់ក្រុមហ៊ុនAmazon ក្នុងការផ្តល់សេវាកម្មអ៊ីនធឺណិត ដែលមានសមត្ថភាពខ្ពស់ទៅដល់អ្នកប្រើប្រាស់ និងអាជីវកម្មរាប់សិបលាននាក់/ស្ថាប័នទូទាំងពិភពលោក។
ក្រុមហ៊ុននេះបាននិយាយកាលពីថ្ងៃច័ន្ទ ទី១ វិច្ឆិកា ថា ខ្លួន “នឹងបន្តវិនិយោគលើគម្រោង Project Kuiper នៅពេលយើងខិតជិត ដល់ការបើកដំណើរការផលិតកម្មពេញលេញ និងត្រៀមខ្លួនបម្រើសេវាដល់អតិថិជន រាប់សិបលាននាក់ទូទាំងពិភពលោក”។
កាលពីឆ្នាំ២០២០ គណៈកម្មាធិការទូរគនាគមន៍សហព័ន្ធ (FCC) បានអនុម័តគម្រោង Project Kuiper សម្រាប់ការបាញ់បង្ហោះហ្វូងផ្កាយរណប ក្នុងគន្លងទាបរបស់ភពផែនដី ដើម្បីប្រកួតប្រជែងជាមួយបណ្តាញផ្កាយរណប Starlink ដែលបង្កើតឡើងដោយក្រុមហ៊ុន SpaceX របស់លោក Elon Musk កំពូលមហាសេដ្ឋីលេខ១ របស់ពិភពលោក។
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Amazon របស់លោក Jeff Bezos បានឈ្លោះគ្នាជាមួយលោក Elon Musk ដោយចោទប្រកាន់ថា កំពូលមហាសេដ្ឋីរូបនេះថា មិនអើពើចំពោះវិធានជាច្រើន ដែលរដ្ឋាភិបាលអាមេរិក បានដាក់ចេញ រួមទាំងលក្ខខណ្ឌតម្រូវមួយចំនួនរបស់រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) ផងដែរ៕ Reuters៕