សុខុម
សៀងហៃ: ក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិត Yahoo ប្រកាសថា ខ្លួនបានឈប់ផ្ដល់សេវាកម្មរបស់ខ្លួនដល់ប្រទេសចិន ហើយ ហើយវាជាក្រុមហ៊ុនបច្ចេកវិទ្យាលោកខាងលិចទី២ ហើយដែលបានចាកចេញពីប្រទេសចិន ក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ នេះបើយោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយនៅថ្ងៃពុធ ទី៣ វិច្ឆិកា នេះ។
យោងតាមសេចក្តីថ្លែងការណ៍មួយផ្សាយលើគេហទំព័ររបស់ខ្លួន ដែលបានបង្វែរទិសដៅអ្នកប្រើប្រាស់ Yahoo និង AOL Mail ទៅកាន់តំណភ្ជាប់ (Link) ផ្សេងៗទៀតឱ្យដឹងថា ក្រុមហ៊ុន Yahoo បានបញ្ឈប់ការផ្តល់មាតិកាព័ត៌មានសម្រាប់អ្នកប្រើប្រាស់នៅក្នុងប្រទេសចិន ចាប់ពីថ្ងៃទី០១ វិច្ឆិកា តទៅ។
អ្នកនាំពាក្យក្រុមហ៊ុន Yahoo ដែលបានឈានជើងចូលប្រទេសចិន ក្នុងឆ្នាំ១៩៩៨ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters តាមរយៈអ៊ីម៉េលកាលពីថ្ងៃអង្គារ ទី០២ វិច្ឆិកា ថា “ដោយទទួលស្គាល់ថា អាជីវកម្មមានការប្រកួតប្រជែងកាន់តែខ្លាំង ហើយបរិយាកាសច្បាប់កាន់តែលំបាក ក្រុមហ៊ុន Yahoo នឹងឈប់ផ្ដល់សេវាកម្មដល់ប្រទេសចិន នៅត្រឹមថ្ងៃទី០១ វិច្ឆិកា តទៅ”។
អ្នកនាំដដែលបានបន្ថែមទៀតថា “ក្រុមហ៊ុន Yahoo នៅតែប្តេជ្ញាគោរពសិទ្ធិអ្នកប្រើប្រាស់របស់យើង និងផ្ដល់សេវាអ៊ីនធឺណិតដែលមានលក្ខណៈសេរី និងបើកចំហ។ យើងសូមថ្លែងអំណរគុណចំពោះអ្នកប្រើប្រាស់របស់យើងសម្រាប់ការគាំទ្រ”។
ចំណាត់ការរបស់ក្រុមហ៊ុន Yahoo ធ្វើឡើង បន្ទាប់ពីក្រុមហ៊ុន Microsoft Corp បានផ្ដាច់បណ្ដាញទំនាក់ទំនងសង្គមសម្រាប់អ្នកអាជីព LinkedIn នៅក្នុងប្រទេសចិន កាលពីខែមុន ហើយ LinkedIn បានលើកហេតុផលថា ការបិទនេះបណ្ដាលមកពី “បរិយាកាសប្រតិបត្តិការកាន់តែលំបាក និងលក្ខខណ្ឌអនុលោមភាពកាន់តែច្រើននៅក្នុងប្រទេសចិន”។
ការចាកចេញរបស់ក្រុមហ៊ុន Yahoo ធ្វើឡើងនៅពេលដែលរដ្ឋាភិបាលក្រុងប៉េកាំង បានដាក់ចេញវិធានការបង្ក្រាបថ្មីៗលើបណ្ដាក្រុមហ៊ុនអ៊ីនធឺណិតលើចំណុចមួយចំនួន រាប់ចាប់ពីមាតិកាព័ត៌មានរហូតដល់សិទ្ធិឯកជនភាពរបស់អតិថិជន ព្រមទាំងច្បាប់ថ្មីៗផងដែរ។ ច្បាប់ថ្មីស្ដីពីការការពារព័ត៌មានផ្ទាល់ខ្លួនរបស់ប្រទេសចិន ដែលត្រូវបានបង្កើតឡើងដើម្បីការពារសិទ្ធិឯកជនភាពជុំវិញទិន្នន័យអ្នកប្រើប្រាស់អ៊ីនធឺណិត បានចូលជាធរមានកាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះ៕ The Edge Markets៕