ដោយៈសុខុម
សឹង្ហបុរី: ការបន្ធូរបន្ថយបន្តិចម្តងៗ នូវវិធានការទប់ស្កាត់ការធ្វើដំណើរអន្តរជាតិ នៅតំបន់អាស៊ី ទទួលបានការអបអរសាទរយ៉ាងខ្លាំង ពីបណ្ដាក្រុមហ៊ុនប្រតិបត្តិករទេសចរណ៍នៅក្នុងតំបន់ ដែលកំពុងបើកដំណើរការសន្សឹមៗដើម្បីទាក់ទាញភ្ញៀវទេសចរមកពីជុំវិញពិភពលោក លើកលែងតែទីផ្សារប្រទេសចិន។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានCNA នៅថ្ងៃទី៤ វិច្ឆិកា នេះឱ្យដឹងថា ប្រទេសចិន ដែលកាលពីមុនជាទីផ្សារទេសចរណ៍ ចេញក្រៅដ៏ធំបំផុតរបស់ពិភពលោកកំពុងរក្សាទុកជើងហោះហើរ អន្តរជាតិត្រឹមតែ២%ប៉ុណ្ណោះ បើធៀបទៅនឹងកម្រិតមុនពេលផ្ទុះការរីករាលដាលវីរុសកូវីដ-១៩ ហើយមិនទាន់បានបន្ធូរបន្ថយការវិធានការរឹតបន្តឹងការធ្វើដំណើរនៅឡើយទេ ដោយសារប្រទេសនេះ ប្ដេជ្ញាទប់ស្កាត់មិនឱ្យមានវីរុសកូវីដ-១៩ ដាច់ខាត។
កត្តានេះបានធ្វើឱ្យមានចន្លោះប្រហោង នៃការចំណាយប្រចាំឆ្នាំរហូតដល់ទៅ២៥៥ពាន់លានដុល្លារអាមេរិក នៅក្នុងទីផ្សារទេសចរណ៍ពិភពលោក សម្រាប់ក្រុមហ៊ុនប្រតិបត្តិករទេសចរណ៍ ដូចជា Laguna Phuket របស់ប្រទេសថៃ ជាដើមដែលកំពុងព្យាយាមបំពេញចន្លោះប្រហោងដ៏ធំនេះ។
លោក Ravi Chandran នាយកគ្រប់គ្រងក្រុមហ៊ុន Laguna Phuket បានលើកឡើងថា រមណីយដ្ឋានចំនួនប្រាំរបស់Laguna Phuket បានផ្លាស់ប្តូរយុទ្ធសាស្ត្រធ្វើទីផ្សារ ដោយងាកទៅផ្ដោតលើទីផ្សារអឺរ៉ុប សហរដ្ឋអាមេរិក និងអារ៉ាប់រួមអេមីរ៉ាត ជំនួសវិញដើ ម្បីស្ដារការបាត់បង់ភ្ញៀវទេសចរចិន ដែលគ្របដណ្ដប់ដល់ទៅ២៥-៣០% នៃចំណូលអាជីវកម្មរបស់ខ្លួននៅមុនពេលផ្ទុះវិបត្តិកូវីដ-១៩។
លោកបានបន្ថែមថា “រហូតមកទល់ពេលនេះ យើងមិនទាន់បានធ្វើទីផ្សារ ឬប្រូម៉ូសិនធំដុំក្នុងប្រទេសចិន នៅឡើយទេ… ព្រោះយើងយល់ថា វានឹងមិនបានផលដូចការរំពឹងទុក”។
វិបត្តិកូវីដ-១៩បានធ្វើឱ្យប្រទេសថៃ ខាតបង់ចំណូលទេសចរណ៍រហូតដល់ទៅប្រមាណ៥០ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ហើយភ្ញៀវជនជាតិចិន គឺជាទេសចរដែលចំណាយលើសពីកម្រិតមធ្យម (ចាយច្រើន) ដោយផ្អែកលើទិន្នន័យរបស់ក្រសួងទេសចរណ៍ថៃ។
ប្រទេសថៃសង្ឃឹមថា នឹងទទួលបានភ្ញៀវទេសចរបរទេស ចំនួន១៨០.០០០នាក់នៅឆ្នាំនេះ ដែលជាមួយភាគតូចប៉ុណ្ណោះ បើធៀបទៅនឹងចំនួនភ្ញៀវទេសចរ ដែលខ្លួនទទួលបានរហូតដល់ទៅ ប្រមាណ៤០លាននាក់ក្នុងឆ្នាំ២០១៩ នៅពេលថៃ បើកប្រទេសស្វាគមន៍ភ្ញៀវទេសចរលើសពីភូកេត (Phuket) កាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះ។
អ្នកជំនាញជាច្រើនរំពឹងថា ប្រទេសចិន នឹងរក្សាទុកវិធានការរឹតបន្តឹងយ៉ាងតឹងរ៉ឹងនានា ដូចជា ការតម្រូវឱ្យធ្វើចត្តាឡីស័ក រយៈពេល៣សប្ដាហ៍សម្រាប់អ្នក ដែលត្រលប់ទៅផ្ទះវិញ រហូតដល់យ៉ាងហោចណាស់ត្រីមាសទី២ ឆ្នាំ២០២២។
*ការវិវឌ្ឍនៃទេសចរណ៍ចិន
ក្រុមហ៊ុនទិន្នន័យការធ្វើដំណើរ ForwardKeys ប៉ាន់ប្រមាណថា ទេសចរណ៍ចេញក្រៅរបស់ប្រទេសចិន អាចនឹងត្រូវការពេលរហូតដល់ឆ្នាំ២០២៥ ទម្រាំតែវិលទៅរកកម្រិតមុនពេលផ្ទុះវិបត្តិកូវីដ-១៩។
ការស្ទង់មតិក្នុងឧស្សាហកម្មទេសចរណ៍បង្ហាញថា នៅពេលប្រទេសចិនបើកព្រំដែនរបស់ខ្លួនឡើងវិញ ប្រជាពលរដ្ឋចិនជាច្រើន ហាក់ស្ទាក់ស្ទើរក្នុងការធ្វើដំណើរចេញក្រៅប្រទេស ដោយសារតែការភ័យខ្លាចវីរុសកូវីដ-១៩៕ Reuters៕