ដោយៈ លក្ខិណា
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបើកប្រទេសបើកសង្គមសេដ្ឋកិច្ចឡើងវិញជាបណ្ដើរៗវិញហើយ និងសឹងគ្រប់អាជីវកម្មត្រូវបានអនុញ្ញាត ឱ្យដំណើរការឡើងវិញប៉ុន្តែគ្រប់អាជីវកម្ម ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះហានិភ័យនៃការឆ្លងនិងចម្លងកូវីដ១៩។
មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលកម្ពុជា បានលើកឡើងថា ការរស់នៅតាមបែបគន្លងថ្មី នឹងចូលរួមចំណែកដល់ការលើកកម្ពស់សេដ្ឋកិច្ចកម្ពុជាឡើងវិញ។
លោកស្រីឱ វណ្ឌីនរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជាបានលើកឡើងថា ការវិលត្រលប់ទៅរកការរស់នៅជាធម្មតា តាមបែបគន្លងថ្មី បន្ទាប់ពីមានការរលដាលនៃជំងឺកូវីដ១៩ គឺជាការចូលរួមចំណែកមួយ ក្នុងការជំរុញឱ្យសេដ្ឋកិច្ចសង្គម និងសេដ្ឋកិច្ចរបស់យើងនឹងកំរើកឡើងវិញ ពីព្រោះថាបើយើងនៅក្នុងប្រអប់កូវីដ១៩ នៅថ្ងៃណាមួយ យើងនឹងក្ស័យជាក់ជាមិនខាន ហើយវានឹងធ្វើឱ្យយើងស្លាប់មុនកូវីដ១៩សម្លាប់យើងទៅទៀត។
លោកស្រីបន្តថា “នៅដំណាក់កាលនេះ ទាំងសេដ្ឋកិច្ច ទាំងសុខាភិបាល គឺត្រូវដើរទន្ទឹមគ្នា។ អ្វីដែលសំខាន់ទៀតនោះ គឹបុគ្គលគ្រប់រូបត្រូវតែរៀនទទួលខុសត្រូវ ដោយខ្លួនឯង សហគមន៍ត្រូវចូលរួមចំណែក នៅក្នុងការអនុវត្តនូវវិធានការពាររបស់យើងឱ្យបានម៉ត់ចត់ នៅពេលប្រទេសបើកឡើងវិញទូលំទូលាយ”។
លោកស្រីបញ្ជាក់ថា នៅពេលដែលយើងប្រកាសបើកប្រទេសឡើងវិញ មិនមែនមានន័យថា យើងត្រូវតែបោះបង់ចោលនូវវិធានការការពារខ្លួននោះទេ យើងត្រូវប្រកាន់ខ្ជាប់នូវវិធានការការពារនូវមេរោគកូវីដ១៩ ដើម្បីចូលរួមចំណែកដល់សង្គមសេដ្ឋកិច្ចជាតិរបស់យើង ។
រាជរដ្ឋាភិបាលបានប្រកាសបើកប្រទេសឡើងវិញ នៅថ្ងៃទី១វិច្ឆិកា២០២១ បន្ទាប់ពីស្ថានភាពកូវីដ១៩ នៅក្នុងប្រទេសមានភាពធូរស្រាល ដោយចំនួនអ្នកឆ្លងកូវីដ១៩ថ្មីៗបានធ្លាក់ចុះជាបន្តបន្ទាប់ ។ ក្រោយពីមានការប្រកាស ចំពោះការបើកប្រទេសឡើងវិញ គេឃើញថាសកម្មភាព អាជីវកម្មនានាដែលគាំទ្រដល់សេដ្ឋកិច្ច ក៏ចាប់ផ្ដើមកម្រើកឡើងវិញជាបន្តបន្ទាប់ វិនិយោគិនជាតិនិងអន្តរជាតិ នៅក្នុងប្រទេសកម្ពុជាក៏ចាប់ផ្ដើមធ្វើសកម្មភាពរបស់ខ្លួន បន្ទាប់ពីរអាក់រអួលអស់រយៈពេលជិត២ឆ្នាំ ជាពិសេសគឺចាប់តាំងពីកម្ពុជាជួបប្រទះនឹងព្រឹត្តិការណ៍២០កុម្ភៈ២០២១ ។
សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏ធ្លាប់បានលើកឡើងផងដែរថា យើងមិនអាចបន្តបិទប្រទេសទៀតទេ ព្រោះថាយើងបានបិទយូរមកហើយ តែចំនួនអ្នកឆ្លងនៅតែបន្តរកឃើញរាល់ថ្ងៃ។ ដូច្នេះយើងសុខចិត្តបើកប្រទេសឡើងវិញ ដើម្បីឱ្យពលរដ្ឋ អាចប្រកបអាជីវកម្មឡើងវិញដោយធម្មតា តែត្រូវរស់នៅជាមួយប្រក្រតីភាពថ្មី៕