សុខុម
ហាណូយ: ក្រុមហ៊ុនដាណឺម៉ាក Ørsted Group ដែលជាសាជីវកម្មដ៏ធំបំផុតរបស់ពិភពលោកក្នុងឧស្សាហកម្មថាមពលខ្យល់ បានស្នើសាងសង់ស្ថានីយកង្ហារខ្យល់ផលិតអគ្គិសនីខ្នាតយក្សមួយនៅជិត Hai Phòng ដែលជាទីក្រុងឧស្សាហកម្មដ៏សំខាន់ និងជាទីក្រុងធំបំផុតទី៣ របស់វៀតណាម។
យោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី៤ វិច្ឆិកា ឱ្យដឹងថា គម្រោងខ្នាតយក្សជាមួយនឹងទុនវិនិយោគរហូតដល់ទៅប្រមាណពី១១,៩ពាន់លានដុល្លារអាមេរិក ទៅ១៣,៦ពាន់លានដុល្លារអាមេរិក ខាងលើនេះនឹងមានសមត្ថភាពផលិតអគ្គិសនីសរុប៣.៩០០មេហ្គាវ៉ាត់ (MW) នៅពេលដំណើរការ។
លោក Nguyễn Đức Thọ អនុប្រធានគណៈកម្មាធិការប្រជាជនក្រុង Hai Phòng ជាអ្នកធ្វើកិច្ចការលើគម្រោងនេះជាមួយគណៈប្រតិភូមួយក្រុមមកពីស្ថានទូតដាណឺម៉ាក ក្រោមការដឹកនាំដោយលោក Troels Jakobsen។
គម្រោងនេះនឹងត្រូវបែងចែកជា៣ដំណាក់កាល ហើយតាមការប៉ាន់ប្រមាណថា ស្ថានីយនេះនឹងមានសមត្ថភាពផលិតអគ្គិសនីបានប្រមាណ១៣.៦៦៥.៦០០មេហ្គាវ៉ាត់ម៉ោង (MWh) ក្នុងមួយឆ្នាំ។ តាមការរំពឹងទុកថា ទួរប៊ីននៃស្ថានីយកង្ការខ្យល់ផលិតអគ្គិសនីនេះនឹងត្រូវដំឡើងជាមួយសមត្ថភាពផលិតអគ្គិសនីប្រហែល២០មេហ្គាវ៉ាត់ (MW)។ បង្គោលកង្ហារនីមួយៗនឹងមានកម្ពស់ចាប់ពី១៥០ម៉ែត្រទៅ២០០ម៉ែត្រ។
ទីតាំងគម្រោងនេះគឺស្ថិតនៅក្នុងឆ្នេរសមុទ្រចម្ងាយ១៤គីឡូម៉ែត្រភាគអាគ្នេយ៍នៃកោះ Bach Long Vỹ និង៣៦គីឡូម៉ែត្រភាគពាយព្យនៃប្រជុំកោះ Long Châu។
គម្រោងនេះគឺស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ថាមពលជាតិរបស់វៀតណាម ដែលផ្តល់អាទិភាពដល់ការទាញយកប្រយោជន៍ និងការប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញ។
លោក Troels Jakobsen ដែលជាប្រធានគណៈប្រតិភូដាណឺម៉ាក បានថ្លែងថា កិច្ចសហប្រតិបត្តិការរវាងប្រទេសដាណឺម៉ាក និងវៀតណាម នឹងបន្តទទួលបានការលើកកម្ពស់ក្នុងវិស័យនានាដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ការអប់រំ ទេសចរណ៍ និងការប្រែក្លាយសេដ្ឋកិច្ចទៅជាសេដ្ឋកិច្ចបៃតងជាដើម៕ Vietnam News៕