ក្រុមហ៊ុនយក្ស Huawei ប្រកាសផែនការបណ្ដុះបណ្ដាលយុវជនមានទេពកោសល្យផ្នែកឌីជីថលកន្លះលាននាក់រួមទាំងនៅកម្ពុជា

0

សុខុម

ភ្នំពេញ: ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ចិន Huawei កាលពីថ្ងៃពុធ ទី៣ វិច្ឆិកា បានប្រកាសផែនការវិនិយោគក្នុងទំហំទឹកប្រាក់៥០លានដុល្លារ ដើម្បីបណ្តុះបណ្ដាលយុវជនមានទេពកោសល្យផ្នែកឌីជីថលរហូតដល់ទៅ៥០០.០០០នាក់សម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក រួមទាំងកម្ពុជា ផងនៅរយៈពេល៥ឆ្នាំខាងមុខ។ នេះបើយោងតាមសារព័ត៌មាន PR Newswire ចុះផ្សាយកាលពីថ្ងៃទី៤ វិច្ឆិកា។

មូលនិធិអាស៊ាន (ASEAN Foundation) និងក្រុមហ៊ុន Huawei បានសហការគ្នារៀបចំព្រឹត្តិការណ៍ Asia Pacific Innovation Day – Digital Talent Summit 2021 (ទិវានវានុវត្តន៍អាស៊ី-ប៉ាស៊ីហ្វិក – ជំនួបកំពូលយុវជនមានទេពកោសល្យផ្នែកឌីជីថលឆ្នាំ២០២១) កាលពីថ្ងៃទី៣ វិច្ឆិកា។

ជំនួបកិច្ចកំពូលដែលធ្វើឡើងតាមអនឡាញនេះមានការចូលរួមពីក្រុមអ្នកបង្កើតគោលនយោបាយ អ្នកស្រាវជ្រាវ និងអ្នកជំនាញក្នុងឧស្សាហកម្មដើម្បីចែករំលែកដំណោះស្រាយ និងឧត្ដមានុវត្តន៍ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីប្រកបដោយនិរន្តរភាពមួយ ដែលនឹងជួយជំរុញយុវជនមានទេពកោសល្យផ្នែកឌីជីថលនៅអាស៊ី-ប៉ាស៊ីហ្វិក។

ក្នុងសុន្ទរកថាដ៏សំខាន់របស់លោក ប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក លោក Jeffery Liu បានប្រកាសផែនការរបស់ក្រុមហ៊ុនក្នុងការវិនិយោគ៥០លានដុល្លារ ដើម្បីបណ្តុះបណ្ដាលយុវជនមានទេពកោសល្យផ្នែកឌីជីថលរហូតដល់ទៅ៥០០.០០០នាក់ នៅរយៈពេល៥ឆ្នាំខាងមុខនេះ។

លោកគូសបញ្ជាក់ថា “ការបណ្ដុះបណ្ដាលយុវជនមានទេពកោសល្យផ្នែកបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT) គឺពិតជាមានសារៈសំខាន់ណាស់ចំពោះការផ្លាស់ប្តូរឆ្ពោះទៅរកបច្ចេកវិទ្យាឌីជីថល។ ការប្រើប្រាស់នវានុវត្តន៍រួមគ្នាជាមួយនឹងលទ្ធផលឈ្នះឈ្នះ យើងអាចប្រើប្រាស់ឥទ្ធិពលនៃជំនាញបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT) ដើម្បីជំរុញពួកយើងឆ្ពោះទៅកាន់អនាគឌីជីថល”។

រយៈពេល២០ឆ្នាំកន្លងមកនេះ ក្រុមហ៊ុន Huawei ក៏បានវិនិយោគយ៉ាងច្រើនលើការអភិវឌ្ឍយុវជនមានទេពកោសល្យផ្នែកឌីជីថល។ តួយ៉ាងកម្មវិធី Seeds for the Future (គ្រាប់ពូជសម្រាប់អនាគត) បានដំណើរការនៅបណ្ដាប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងតំបន់សរុបចំនួន១៥ ហើយនិស្សិតដែលទទួលបានអត្ថប្រយោជន៍ពីកម្មវិធីនេះមានចំនួនដល់ទៅជាង៥.០០០នាក់មកពីសកលវិទ្យាល័យជាង៩០។

ក្រុមហ៊ុន Huawei ក៏បានធ្វើការជាមួយសកលវិទ្យាល័យកំពូលៗ និងបានបង្កើតគ្រឹះស្ថានសិក្សាបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT Academy) ចំនួន២៥៩នៅអាស៊ី-ប៉ាស៊ីហ្វិក ផងដែរ។ ចាប់ផ្ដើមដំណើរការឆ្នាំ២០១៩ កម្មវិធី Huawei ASEAN Academy បានគ្របដណ្តប់ក្នុងប្រទេសជាច្រើនរួមមានឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ និងកម្ពុជា ហើយគ្រោងនឹងពង្រីកទៅកាន់ប្រទេសជាច្រើនទៀតនាពេលអនាគត។

ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ក្រុមហ៊ុន Huawei បានបោះទុនវិនិយោគចំនួន១០លានដុល្លារ និងបានបណ្តុះបណ្តាលយុវជនមានទេពកោសល្យផ្នែកបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT) ជាង១៣០.០០០នាក់នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក តាមរយៈកម្មវិធីទាំងនេះ។

ទន្ទឹមនេះ ឯកឧត្តមបណ្ឌិត ជា វណ្ណដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា មានប្រសាសន៍ថា “ស្ថាប័នរដ្ឋាភិបាល សកលវិទ្យាល័យ ក្រុមហ៊ុន និងដៃគូអភិវឌ្ឍន៍ជាច្រើនបានធ្វើឱ្យមានវិវឌ្ឍភាពគួរឱ្យកត់សម្គាល់ឆ្ពោះទៅរកកិច្ចខិតខំប្រឹងប្រែងទាំងនេះ”។

លោកបានបន្ថែមទៀតថា “ខ្ញុំបានកត់សម្គាល់ឃើញថា ក្រុមហ៊ុន Huawei Cambodia បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងគម្រោងបណ្ដុះបណ្ដាលជំនាញបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT) រួមទាំងកម្មវិធី Huawei Certificate Program ដើម្បីបណ្តុះបណ្តាល និងផ្ដល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់និស្សិត និងបុគ្គលិកបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT) ផងដែរ។ ទាំងនេះគឺជាឧត្ដមានុវត្តន៍សម្រាប់ស្ថាប័នផ្សេងៗយកធ្វើជាគំរូសម្រាប់ធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធអេកូឡូស៊ី នៃយុវជនមានទេពកោសល្យរបស់យើងនៅកម្ពុជា ក៏ដូចជានៅក្នុងតំបន់”៕ PR Newswire៕

LEAVE A REPLY

Please enter your comment!
Please enter your name here