ដោយ៖ សុធារី
ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលខេត្តត្បូងឃ្មុំ ដឹកនាំដោយលោក ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការជុំវិញខេត្ត បានប្រារព្ធពីធីតាមបែបប្រពៃណីសាសនា បញ្ចុះបឋមសីលាសាងសង់រង្វង់មូល “រូបសំណាក់ហ្លួងព្រះស្ដេចកន” នៅចំណុចផ្លូវចូលតំបន់រដ្ឋបាលខេត្ត លើកំណាត់ផ្លូវជាតិលេខ ៧ ត្រង់គីឡូម៉ែត្រ ១៥៧+២១០ និងផ្លូវប្រភេទ “ក”នៅទីតាំង”វាលឥន្ទចក្រី” ចន្លោះខាងត្បូងភូមិត្រពាំងគូរ ខាងជើងភូមិត្របុស្ស និងភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទីរួមខេត្តត្បូងឃ្មុំ។
រង្វង់មូលរូបសំណាកហ្លួងព្រះស្ដេចកន មានអង្កត់ផ្ចិត ៣៦ម៉ែត្រ និងមានផ្ទៃក្រឡា ១,០១៧ម៉ែត្រការ៉េ ដោយចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃ០៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ និងគ្រោងបញ្ចប់ការសាងសង់ នាអំឡុងចុងឆ្នាំ២០២២។
រង្វង់មូលនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់សោភ័ណភាព របៀបរៀបរយសណ្ដាប់ធ្នាប់ សាធារណៈ បញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ ធានាសុវត្ថិភាពក្នុងការធ្វើដំណើរឆ្លងកាត់ចេញ-ចូលតំបន់រដ្ឋបាលខេត្ត និងសម្រួលដល់កាធ្វើពាណិជ្ជកម្ម។
រង្វង់មូលដំកល់ “រូបសំណាក់ហ្លួងព្រះស្ដេចកន”នេះ គឺជាសមិទ្ធផលមួយថ្មី បន្ថែមលើសមិទ្ធផលជាច្រើនទៀត នៅតំបន់រដ្ឋបាលប្រមូលផ្តុំទីរួមខេត្តត្បូងឃ្មុំរួមមាន បុរីរដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត មន្ទីរពេទ្យ សាលារៀន សួនច្បារសាធារណៈ ទន្លេសិប្បនិម្មិតហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ប្រព័ន្ធគមនាគមន៍ ប្រព័ន្ធធារាសាស្ត្រ បណ្តាញអគ្គិសនី បណ្តាញទឹកស្អាត បង្គោលភ្លើងបំភ្លឺសាធារណៈ ដាំកូនឈើ ដាំផ្កាលម្អសោភ័ណភាព .ល. ដែលត្រូវបានស្ថាបនារួច ក៏ដូចជាកំពុងស្ថាបនាសាងសង់ និងរៀបចំជាបន្តបន្ទាប់៕