ក្រុមហ៊ុនអាកាសចរណ៍កូរ៉េ Asiana គ្រោងបង្កើនជើងហោះហើរទៅសិង្ហបុរី ក្រោមកិច្ចព្រមព្រៀងរបៀងទេសចរណ៍ដែលមានសុវត្ថិភាព

0

សុខុម

សេអ៊ូល: ក្រុមហ៊ុន Asiana Airlines Inc. ដែលជាក្រុមហ៊ុនអាកាសចរណ៍ធំបំផុតទី២ របស់កូរ៉េខាងត្បូង បាននិយាយនៅថ្ងៃច័ន្ទ ទី៨ វិច្ឆិកា នេះថា ខ្លួននឹងបង្កើនចំនួនជើងហោះហើរទៅកាន់ប្រទេសសិង្ហបុរី ចាប់ពីខែនេះ ខណៈប្រទេសទាំង២កាលពីពេលថ្មីៗនេះបានចុះកិច្ចព្រមព្រៀងរបៀងទេសចរណ៍ដែលមានសុវត្ថិភាព។

របៀងទេសចរណ៍មានសុវត្ថិភាព សំដៅដល់ការចាប់ដៃគូសហការធ្វើដំណើរដោយមិនចាំបាច់ធ្វើចត្តាឡីស័ករវាងទីក្រុង២ ឬប្រទេស២ដែលមានកម្រិតករណីវីរុសកូវីដ-១៩ ស្រដៀងគ្នា។

ក្រុមហ៊ុន Asiana បាននិងកំពុងដំណើរការជើងហោះហើរចំនួន៣ក្នុងមួយសប្តាហ៍នៅរៀងរាល់ថ្ងៃអង្គារ ថ្ងៃពុធ និងថ្ងៃសុក្រ លើផ្លូវហោះហើរឆ្ពោះទៅកាន់ប្រទេសសិង្ហបុរី ហើយអ្នកដំណើរត្រូវបានតម្រូវឱ្យឆ្លងកាត់ការធ្វើចត្តាឡីស័ក២សប្ដាហ៍ជាកំហិតនៅក្នុងប្រទេសទាំង២។

ក្រុមហ៊ុននេះបានចេញសេចក្តីថ្លែងការណ៍ថា ក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Asiana នឹងបន្ថែមជើងហោះហើរមួយទៀតនៅរៀងរាល់ថ្ងៃសៅរ៍ ដែលចាប់ផ្តើមពីថ្ងៃទី១៥ វិច្ឆិកា និងមួយទៀតនៅរៀងរាល់ថ្ងៃអាទិត្យ ចាប់ពីថ្ងៃទី០១ ខែធ្នូ ដើម្បីបំពេញតម្រូវការហោះហើរចេញក្រៅដែលកំពុងកើនឡើងស្របពេលមានយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេស។

ក្រុមហ៊ុននិយាយថា ចាប់ពីថ្ងៃទី១៥ វិច្ឆិកា អ្នកដែលចាក់វ៉ាក់សាំងដូសទី២បាន២សប្ដាហ៍ ហើយមានលទ្ធផលតេស្តអវិជ្ជមានកូវីដ-១៩ នឹងមិនតម្រូវឱ្យធ្វើចត្តាឡីស័កឡើយ។

ក្រុមហ៊ុននិយាយទៀតថា ផ្លូវធ្វើដំណើរសម្រាប់អ្នកចាក់វ៉ាក់សាំង (VTL) ដែលមិនតម្រូវឱ្យធ្វើចត្តាឡីស័ក នឹងមានសម្រាប់ជើងហោះហើរនៅថ្ងៃអង្គារ ថ្ងៃពុធ សុក្រ និងថ្ងៃអាទិត្យ ប៉ុន្តែផ្លូវធ្វើដំណើរសម្រាប់អ្នកចាក់វ៉ាក់សាំង VTL គ្មានសម្រាប់ថ្ងៃសៅរ៍ នោះទេ។

អ្នកនាំពាក្យក្រុមហ៊ុននិយាយថា “មានតែអ្នកចាក់វ៉ាក់សាំងពេញលេញដែលបានធ្វើតេស្តអវិជ្ជមានកូវីដ-១៩ ប៉ុណ្ណោះនឹងត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ផ្លូវ VTL”៕ Yonhap៕

LEAVE A REPLY

Please enter your comment!
Please enter your name here