សុខុម
ស៊ីដនី: អាកាសយានដ្ឋានអូស្ត្រាលី Sydney Airport បានព្រមព្រៀងទទួលយកការដេញថ្លៃទិញយក២៣,៦ពាន់លានដុល្លារអូស្ត្រាលី (១៧,៥ពាន់លានដុល្លារអាមេរិក) ពីវិនិយោគិនមួយក្រុម ហើយនេះគឺជាការទិញយកដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងប្រទេសអូស្ត្រាលី។
យោងតាមការចុះផ្សាយរបស់សាព័ត៌មាន BBC នៅថ្ងៃច័ន្ទ ទី៨ វិច្ឆិកា នេះឱ្យដឹងថា កិច្ចព្រមព្រៀងនេះកើតមានឡើង បន្ទាប់ពីក្រុមហ៊ុនសម្ព័ន្ធអាកាសចរណ៍ក្រុងស៊ីដនី Sydney Aviation Alliance (SAA) បានដំឡើងការដេញថ្លៃរបស់ខ្លួនជាការឆ្លើយតបទៅនឹងម្ចាស់អាកាសយានដ្ឋាននេះ ដែលបដិសេធការឱ្យថ្លៃលើកមុនរបស់ខ្លួន។
ទោះជាយ៉ាងណា ការលក់នេះប្រឈមនឹងឧបសគ្គដែលអាចកើតមានមួយចំនួនដែលធ្វើឱ្យដំណើរការទិញលក់នេះត្រូវចំណាយពេលច្រើនខែទម្រាំនឹងបញ្ចប់ជាស្ថាពរ។
លោក David Gonski ប្រធានអាកាសយានដ្ឋាន Sydney Airport បានចេញសេចក្តីថ្លែងការណ៍ទៅកាន់ទីផ្សារភាគហ៊ុនថា “ក្រុមប្រឹក្សាភិបាលនៃអាកាសយានដ្ឋាន Sydney Airport Boards ជឿជាក់ថា លទ្ធផលនេះឆ្លុះបញ្ចាំងពីតម្លៃរយៈពេលវែងសមរម្យសម្រាប់អាកាសយានដ្ឋាននេះ”។
ការប្រកាសកិច្ចព្រមព្រៀងទិញយកក្រុមហ៊ុនប្រតិបត្តិករអាកាសយានដ្ឋាន ដែលធំបំផុតរបស់អូស្ត្រាលី នេះបានកើតឡើងភ្លាមៗ បន្ទាប់ពីប្រទេសនេះបានបើកព្រំដែនរបស់ខ្លួនឡើងវិញស្វាគមន៍ការធ្វើដំណើរជាអន្តរជាតិ។
ចាប់ពីដើមខែវិច្ឆិកា តទៅ ភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងពេញលេញត្រូវបានអនុញ្ញាតឱ្យចូលទៅកាន់រដ្ឋធំបំផុត២របស់ប្រទេសអូស្ត្រាលី ដោយមិនចាំបាច់ធ្វើចត្តាឡីស័កជាលើកដំបូងក្នុងរយៈពេលជាងមួយឆ្នាំកន្លះមកនេះ។ ប្រជាជនអូស្ត្រាលី រាប់លាននាក់ពេលនេះក៏អាចធ្វើដំណើរទៅក្រៅប្រទេសដោយសេរីបានផងដែរ។
ក្រុមហ៊ុនសម្ព័ន្ធអាកាសចរណ៍ក្រុងស៊ីដនី Sydney Aviation Alliance (SAA) ជាការរួមបញ្ចូលគ្នានូវក្រុមហ៊ុនជាច្រើនរួមមានក្រុមហ៊ុនអូស្ត្រាលី ដូចជា IFM Investors, QSuper និង AustralianSuper ព្រមទាំងក្រុមហ៊ុន Global Infrastructure Partners ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ផងដែរ។
ភាគហ៊ុននៅក្នុងក្រុមហ៊ុននេះបានហក់ឡើងប្រហែល២,៨%នៅក្នុងការជួញដូរលើទីផ្សារហ៊ុនស៊ីដនី Sydney Stock Exchange នៅថ្ងៃច័ន្ទ ទី៨ វិច្ឆិកា នេះ៕ BBC៕