ដោយ ៖ វឌ្ឍនៈ
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចបើកឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ននូវផ្លូវក្រោមដីពីមហាវិថីវេងស្រេងទៅផ្លូវជាតិលេខ៤ នៃចំនុចការដ្ឋានសាងសង់ស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅ ។ ការបើកដំណើរការផ្លូវក្រោមដីនេះគឺដើម្បីបញ្ជៀសបញ្ហាកកស្ទះចរាចរណ៍រាល់ថ្ងៃ ដើម្បីសម្រួលដល់ពលរដ្ឋធ្វើដំណើរឆ្លងកាត់ចំណុចនេះ ។
ផ្លូវក្រោមដីថ្មី នៅត្រង់ចំណុចការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន ពីមហាវិថីចោមចៅ(ផ្លូវវេងស្រេង) ទៅផ្លូវជាតិលេខ៤ ខណៈដែលក្រុមការ ងារដំណើរការអ៊ុតកៅស៊ូផ្លូវតភ្ជាប់ពីមហាវិថីសហព័ន្ឋរុស្ស៊ីទៅផ្លូវជាតិលេខ៤ និងផ្លូវតភ្ជាប់ពីមហាវិថីចោមចៅ ទៅមហាវិថីសហព័ន្ឋរុស្ស៊ី ក្នុង រយៈពេល ១៤ថ្ងៃ ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ការបើកផ្លូវនេះដើម្បីសម្រួល ការកកស្ទះចរាចរក្នុងពេលដំណើរការអ៊ុតកៅស៊ូផ្លូវតភ្ជាប់ពីមហាវិថីសហព័ន្ឋរុស្ស៊ីទៅផ្លូវជាតិលេខ ៤ និងផ្លូវតភ្ជាប់ពីមហាវិថីចោមចៅ ទៅមហា វិថីសហព័ន្ឋរុស្ស៊ី ការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ បានធ្វើការពង្វាងចរាចររយៈពេល ១៤ថ្ងៃ ដោយបើកឱ្យប្រើ ប្រាស់ផ្លូវក្រោមដីថ្មីជាបណ្តោះ អាសន្ន ពីមហាវិថីចោមចៅទៅផ្លូវជាតិលេខ៤ ។
ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ជាគម្រោងរបស់រាជ រដ្ឋាភិបាលកម្ពុជាតាមរយៈ រដ្ឋ បាលរាជធានីភ្នំពេញដោយទទួលម៉ៅការសាងសង់ដោយ ក្រុមហ៊ុនវិនិយោគទុនអាណិក ជនកម្ពុជា(OCIC) ដោយប្រើប្រាស់ការសាងសង់ក្នុងរយៈពេល៣០ខែនិងចំណាយថវិកាសាងសង់ប្រមាណ២២ លានដុល្លាអាមេរិក។
ផ្អែកតាមលក្ខណៈបច្ចេក ទេសរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ការដ្ឋាននេះត្រូវសាងសង់ដោយបែងចែកជា៣ផ្នែកគឺ ស្ពានទី១ ជាស្ពានអាកាសមេតភ្ជាប់ចរាចរ ពីមហាវិថីសហព័ន្ធរុស្ស៊ី មកផ្លូវជាតិលេខ៣ មានប្រវែងសរុប៤០៨ ម៉ែត្រ ទទឹង១៥,៨ ម៉ែត្រ ដែលមានចរាចរពីរគន្លងទៅនិងពីរគន្លងមកជម្រាលស្ពាន៤,៥ម៉ែត្រ និងមានកម្ពស់អតិបរមាដែលអាចចរាចរក្រោមស្ពានមាន៥,៥ ម៉ែត្រ។
ស្ពានទី២ បំបែកចេញពីស្ពានអាកាសមេ បត់ឆ្វេងតភ្ជាប់ចរាចរពីមហាវិថីសហ ព័ន្ធរុស្ស៊ីឆ្ពោះទៅផ្លូវវេងស្រេង សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត មានប្រវែងសរុប២០២ម៉ែត្រ (ស្ពានអាកាស ប្រវែង៤០ ម៉ែត្រ ផ្លូវក្រោមដី ប្រវែង១១៨ ម៉ែត្រនិងផ្លូវលើដីប្រវែង ៤៤ ម៉ែត្រ) ទទឹង៥,២៥ម៉ែត្រ។
ស្ពានទី៣ ជាស្ពានកោងបត់ ឆ្វេងតភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ២០៦ម៉ែត្រ (ស្ពានអាកាសប្រវែង៦០ម៉ែត្រ ផ្លូវក្រោមដីប្រវែង១១៨ម៉ែត្រ និងផ្លូវលើដីប្រវែង២៨ម៉ែត្រ) ទទឹង៥,២៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។
ផ្លូវនិងផ្លូវក្រោមដីជាផ្លូវកោងតភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៤ មានប្រវែងសរុប១៣០ម៉ែត្រ (ផ្លូវក្រោមដី ប្រវែង១៣ម៉ែត្រ និងផ្លូវលើដីប្រវែង១១៧ ម៉ែត្រ) ទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្តនិងមួយគន្លងទោចក្រយានយន្ត។ ផ្លូវលើផ្ទៃដីជាផ្លូវមេតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកផ្លូវវេងស្រេង មានប្រវែងសរុប២៣៥ម៉ែត្រ ទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្តនិងមួយគន្លងទោចក្រយានយន្ត។ ផ្លូវក្រោមដីជាផ្លូវតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្ស៊ី ដែលមានប្រវែងសរុប៤៧០ម៉ែត្រ ទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។ ល្បឿនសុវត្ថិភាព៤០គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្រាប់ផ្លូវទទឹងទំហំ ទទឹង៨,៥ម៉ែត្រ ។ ល្បឿនសុវត្ថិភាព២៥គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្រាប់ផ្លូវទទឹងទំហំ៥,២៥ម៉ែត្រ និងទំហំ៥,៥ម៉ែត្រ ។
ការសាងសង់ស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅ ត្រូវបានគេមើលឃើញថាជំរុញសក្ដានុពលវិនិយោគទៅលើតំបន់ជាយក្រុងមួយកម្រិតទៀត ដូចជាតំបន់ប៉ែកខាងលិចផ្លូវជាតិលេខនិងតំបន់ផ្លូវជាតិលេខ៣ ដោយសារតែការធ្វើដំណើរកាន់តែច្រើន ការផ្សាភ្ជាប់តំបន់ជាយក្រុងនិងភ្នំពេញកាន់តែជិតគ្នា ។ ជាការកត់សម្គាល់គេឃើញថាតំបន់ទាំងពីរក៏កំពុងទទួលបានគម្រោងអភិវឌ្ឍន៍លំនៅឋានជាច្រើនផងដែរ ៕