ដោយៈ សុផារី
អាមេរិកៈ លោកElon Musk បានលក់ភាគហ៊ុន Tesla ដំបូងរបស់គាត់ ច្រើនជាង៩៣០,០០០ហ៊ុន ដែលមានតម្លៃជាង ១,១ ពាន់លានដុល្លារ ដើម្បីទទួលបានសាច់ប្រាក់ដែលនឹងត្រូវយកទៅបង់ពន្ធ លើភាគហ៊ុនដែលគាត់បានទិញ ហើយលោកនៅតែកាន់កាប់ភាគហ៊ុនជាង១៧០លាន។
មុនពេលផែនការលក់ត្រូវបានផ្សព្វផ្សាយជាសាធារណៈ Elon Musk បានស្នើឱ្យអ្នកតាមដាន Twitter របស់គាត់ចំនួន៦២,៥ លាននាក់បោះឆ្នោតនៅក្នុងការស្ទង់មតិក្រៅផ្លូវការមួយ ដោយប្រាប់ពួកគេថាការបោះឆ្នោតរបស់ពួកគេ នឹងកំណត់អនាគតនៃការកាន់កាប់ Tesla របស់គាត់។
ជាលទ្ធផល ការស្ទង់មតិនោះបានធ្វើឱ្យភាគហ៊ុនរបស់គាត់ខ្លះ ត្រូវបានលក់ក្នុងសប្តាហ៍នេះ។
បន្ទាប់ពីការស្ទង់មតិ Twitter ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះច្រើនជាង១៥% នៅថ្ងៃច័ន្ទ និងថ្ងៃអង្គារ មុនពេលស្ទុះងើបឡើងវិញច្រើនជាង៤% នៅថ្ងៃពុធ។
នាយកប្រតិបត្តិក្រុមហ៊ុន Citadel លោក Ken Griffin បាននិយាយនៅឯកិច្ចប្រជុំកំពូលមួយកាលពីថ្ងៃពុធថា គាត់មិនចង់ឃើញ លោកMusk លក់ភាគហ៊ុនទេ។ លោកថា “បុគ្គលដូចជា Elon Musk ដូចជា Jeff Bezos បានផ្លាស់ប្តូរជីវិតប្រជាជនជាច្រើន ហើយយើងចង់រក្សាពួកគេឱ្យគ្រប់គ្រងក្រុមហ៊ុនរបស់ពួកគាត់ ដរាបណាពួកគាត់មានថាមពល និងមហិច្ឆតាដើម្បីបន្តដំណើរអាជីវកម្មទៅមុខ”។
កាលពីមុន លោកElon Musk បានផ្តល់សញ្ញាថា គាត់ទំនងជានឹងលក់ មួយផ្នែកធំនៃភាគហ៊ុនរបស់គាត់នៅក្នុងត្រីមាសទី៤។
នៅក្នុងសន្និសិទមួយក្នុងខែកញ្ញា លោក Alon Musk បាននិយាយថា នៅពេលដែលជម្រើសភាគហ៊ុនរបស់គាត់ផុតកំណត់ នៅក្នុងក្រុមហ៊ុន Tesla អត្រាពន្ធកម្រិតចំណូលបន្ថែមរបស់គាត់កើនលើសពី៥០%៕