ដោយៈ សុផារី
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលបានបើកកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលើការងាររៀបចំសេចក្តីព្រាងក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវិដ-១៩ តាមកន្លងប្រក្រតីភាពថ្មី ក្រោមអធិបតីលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
កិច្ចប្រជុំនេះដឹកនាំ ដោយលោកអគ្គបណ្ឌិតសភាចារ្យអូន ព័ន្ឋមុនីរ័ត្នឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ឋ។
យោងតាមរបាយការណ៍ស្តីពី សេចក្តីព្រាងក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវិដ ១៩ តាមកន្លងប្រក្រតីភាពថ្មី បានឲ្យដឹងពីស្ថានភាព ទស្សនវិស័យ ការកែទម្រង់ និងវិធានការស្តារលើវិស័យកសិកម្ម ដែលបានគូសរំលេចបញ្ជាក់ថា វិស័យកសិកម្មនៅបន្តមានសក្តានុពលខ្ពស់ ក្នុងការជួយទ្រទ្រង់សន្តិសុខស្បៀង ជាពិសេសការគាំទ្រកំណើន និងការស្រូបយកអ្នកអត់ការងារធ្វើ។
ក្នុងសេចក្តីព្រាងក្របខណ្ឌយុទ្ធសាស្ត្រស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់ជាមួយកូវីដ-១៩ រាជរដ្ឋាភិបាល នឹងផ្តោតជាអាទិភាពលើគោលនយោបាយ កម្មវិធី និងវិធានការចម្បងដូចជា ទី១. ការផ្តល់ឥណទានបន្ថែមជូនដល់វិស័យឯកជន ដែលស្ថិតក្នុងបណ្ដាវិស័យអាទិភាព សំដៅជំរុញដល់ការរស់រាន ផលិតភាព និងការធ្វើទំនើបកម្មសហគ្រាសធុនតូច និងមធ្យម តាមរយៈការចាប់យកនូវបច្ចេកវិទ្យា។ ក្នុងន័យនេះ រាជរដ្ឋាភិបាល នឹងដាក់ចេញនូវយន្តការហិរញ្ញប្បទាន ដល់វិស័យឯកជន តាមរយៈត្រៀមថវិកាប្រមាណ២៥០លានដុល្លារអាមេរិក នៅឆ្នាំ ២០២២ សម្រាប់ផ្តល់ឥណទាន ដោយត្រង់ពីធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងធនាគារអភិវឌ្ឍជនបទ និងកសិកម្ម ដែលមានអាត្រាការប្រាក់ទាប ក្នុងរង្វង់៥% ទៅ៥,៥% សម្រាប់វិស័យសំខាន់ដូចជាការដាំយ័ន ចិញ្ចឹមសត្វ ការកែច្នៃផលិតផលកសិកម្ម វិស័យអេកូទេសចរណ៍ ឬវិស័យអាទិភាពដទៃទៀត និងជំរុញឱ្យធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបង្កើនការផ្តល់ឥណទានបន្ថែម តាមរយៈការកែសម្រួលលក្ខខណ្ឌធានាឥណទាន របស់សាជីវកម្មធានាឥណទានកម្ពុជា ដោយពង្រីកវិសាលភាព នៃការផ្ដល់ការធានាភ្ជាប់ជាមួយលក្ខខណ្ឌអនុគ្រោះ។
ទី២ រៀបចំគម្រោងសាកល្បង នៃការផ្តល់ថវិកាបំពេញបន្ថែមទុនវិនិយោគ (Grant – Matching) ចំនួន ៤០% ទៅកសិករ ក្រុមអ្នកផលិត/សហគមន៍កសិកម្ម ដែលវិនិយោគលើការសាងសង់ផ្ទះកញ្ចក់/ សំណាញ់សម្រាប់ការដាំបន្លែលើផ្ទៃដី ចាប់ពី-០៥ ហិកតាឡើងទៅ និងកំពុង ឬគ្រោងនឹងអនុវត្តកសិកម្ម តាមកិច្ចសន្យាជាមួយក្រុមហ៊ុនឯកជន ឬផ្តល់កម្ចីក្នុងអត្រាការប្រាក់៤%។
ទី៣. រៀបចំយន្តការលើកលែង ឬព្យួរអាករលើតម្លៃបន្ថែម (VAT) និងពន្ធនាំចូល (Tariff) លើសម្ភារៈសម្រាប់សាងសងផ្ទះកញ្ចក់ សំណាញ់ ទុយោតំណក់ទឹក ទុយោបាចសាច បំពង់ទីបជ័រ ដែលបម្រើដល់ការដាំដុះបន្លែ សម្ភារៈ គ្រឿងចក្រ គ្រឿងម៉ាស៊ីន និងឧបករណ៍បម្រើឱ្យការផលិត ការកែច្នៃ និងការផ្គត់ផ្គង់ ផលិតផលកសិកម្ម រម្ងាប់ដង្កូវរុយចោះផ្លែស្វាយ និងមឿនប៉ៃលិន មាស៊ីនសម្រាប់បំពាក់ក្នុងបន្ទប់ត្រជាក់ផ្ទុកស្វាយស្រស់ (Chiller Machine) ប្រព័ន្ធកង្ហាត្រជាក់បំពាក់រោងចិញ្ចឹមសត្វ និងប្រព័ន្ធដាក់ចំណីសត្វស្វ័យប្រវត្តិ។
ទី៤. ជំរុញការវិនិយោគឯកជនលើប្រព័ន្ធដឹកជញ្ជូនត្រជាក់ តាមរយៈយន្តការនៃការលើកលែង ឬព្យួរពន្ធនាំចូល និងអាករលើតម្លៃបន្ថែម សម្រាប់ទូកុងតឺន័រត្រជាក់ ដែលប្រើប្រាស់សម្រាប់ការដឹកជញ្ជូនផ្លែចេកអំបូងលឿង និងស្វាយស្រស់ ទៅទីផ្សារអន្តរជាតិ ទី៥. ជំរុញផលិតកម្មគ្រាប់ពូជគ្រឹះ (Foundation Seeds) និង គ្រាប់ពូជវិញ្ញាបនបត្រ (Certified Seeds) នៃប្រភេទស្រូវក្រអូប ផ្ការំដួល និងសែនក្រអូប ពូជដំណាំដំឡូងមី និងស្វាយចន្ទី ដែលមានគុណភាព និង ធន់នឹងជំងឺ និងការប្រែប្រួលអាកាសធាតុ តាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន។
ទី៦. ពង្រឹងសមត្ថភាពក្រុមផលិត សមាគម និងសហគមន៍កសិកម្ម និងជំរុញការអនុវត្តកសិកម្ម តាមកិច្ចសន្យារវាងក្រុមផលិត សមាគមនិងសហគមន៍កសិកម្ម ឧស្សាហកម្ម និងក្រុមហ៊ុនប្រមូលទិញ និងកែច្នៃផលិតផលកសិកម្ម លើអនុវិស័យដំណាំស្វាយ ស្វាយចន្ទី ដំឡូងមី និងបន្លែ ទី៧. ពង្រឹងការផ្សព្វផ្សាយអំពីការអនុវត្តកសិកម្មល្អ(GAP) និងការបំពេញលក្ខខណ្ឌតម្រូវអនាម័យ និងភូតតាមអនាម័យ សម្រាប់ផលិតផលស្វាយ មៀនប៉ៃលិន ម្រេច ទុរេន និងដូងក្រអូបទៅដល់កសិករក្រុមផលិត និងសហគមន៍កសិ កម្ម។
ទី៨. បន្តជំរុញការវិនិយោគ និងថែទាំប្រព័ន្ធស្រោចស្រពខ្នាតតូច ដែលតភ្ជាប់ពីប្រឡាយមេ និងផ្លូវលំជនបទតាមយន្តការ នៃគម្រោងសាច់ប្រាក់ពលកម្ម (Cash for Work)។៩. វិនិយោគលើទីផ្សារបោះដុំ ហេដ្ឋារចនាសម្ព័ន្ធត្រួតពិនិត្យ និងបញ្ជាក់គុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម (Quality control and certification systems including e-phyto) ប្រព័ន្ធបញ្ជាក់ប្រភពដើមផលិតផល (Traceability system) និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រដូចជា បន្ទប់ស្តុកទុកត្រជាក់ (Cold storage facility) តាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន នៅលើទីតាំងដែលជាកម្មសិទ្ធិរបស់រដ្ឋ និង/ឬឯកជន ដែលមានសក្តានុពលខ្ពស់ ក្នុងការប្រមូលផ្តុំបន្លែចំនួន៣ កន្លែងសាកល្បងក្នុងជំហានទី ១ ដូចជា តំបន់ជាយក្រុងភ្នំពេញ ខេត្តបាត់ដំបង និងត្បូងឃ្មុំ
១០. ជំរុញការវិនិយោគសាធារណៈ លើមជ្ឈមណ្ឌលចែកចាយត្រីកម្រិតសហគមន៍ – រដ្ឋបាលជលផល និងហេដ្ឋារចនាសម្ព័ន្ធក្រោយពេលប្រមូលផលដូចជា បន្ទប់ស្តុកទុកត្រជាក់ (Cold storage facility) និងកន្លែងធ្វើតេស្តគុណភាព (quality testing facility)។ ទី១១. ពិនិត្យលទ្ធភាពបង្កើតសួនកសិ-ឧស្សាហកម្ម (Agro-Industrial Park) – ឧត្តមក្រុមប្រឹក្សាជាតិក្នុងខេត្ត ដែលមានសក្តានុពលផលិតផលកសិកម្ម តាមរយៈយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ដើម្បីជំរុញការអភិវឌ្ឍ និងលើកកម្ពស់ប្រសិទ្ធភាព សេដ្ឋកិច្ចនៃសហគ្រាសកែច្នៃផលិតផលកសិកម្ម។
ទី១២. ជំរុញការចុះហត្ថលេខាលើពិធីសារអនាម័យ និងភូតគាមអនាម័យសម្រាប់ នាំចូលផ្លែមៀនប៉លិន, ទុរេន, ម្រេច, ដូងក្រអូប និងការចរចាលើការលើកលែង ការតម្រូវឱ្យបង់ពន្ធនាំចូលលើផលិតផលកៅស៊ូ ជាមួយភាគីចិន
ទី១៣. ធ្វើសុខដុមនីយកម្ម និងសមាហរណកម្មផែនការសកម្មភាព និងគម្រោងនានាពាក់ព័ន្ធនឹងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ដែលគាំទ្រដោយថវិការដ្ឋ និងថវិកាដៃគូ ក្នុងយុទ្ធសាស្ត្រស្តីពីការកែទម្រង់ការគ្រប់គ្រងការវិនិយោគសាធារណៈ
ទី១៤. សិក្សាថ្លៃធាតុចូលក្នុងវិស័យកសិកម្មដូចជា ដី ថ្នាំ ចំណីសត្វ និងពិនិត្យលទ្ធភាពកាត់បន្ថយការនាំចូល និងទី១៥. ជំរុញការរៀបចំ និងដាក់ឱ្យអនុវត្ត “គោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម ២០២១-២០៣០។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការគាំទ្រនានា និងការលើកទឹកចិត្តទាំងផ្នែកសារពើពន្ធ និងហិរញ្ញប្បទានសំដៅជំរុញការវិនិយោគ ក្នុងវិស័យកសិកម្ម ក៏ដូចជាវិស័យកែច្នៃកសិកម្មឱ្យរីកចម្រើន។ វិធានការណ៍នេះ បានជួយឱ្យកម្ពុជាលើកកម្ពស់ផលិតផលកសិកម្មក្នុងស្រុក ដើម្បីបំពេញតម្រូវការប្រើប្រាស់ និងបង្កើនការនាំចេញ ផលិតផលកសិកម្មបានកាន់តែច្រើន។
មួយវិញទៀត ដើម្បីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ច រាជរដ្ឋាភិបាលនឹងផ្ដោតជាចម្បងក្នុងការដោះស្រាយបញ្ហា ប្រឈម ជារចនាសម្ព័ន្ធ (structural issues) ក្នុងវិស័យដែលនៅមានសក្តានុពល និងជាចន្ទល់ កំណើនសេដ្ឋកិច្ចដែលអាចបង្កើតនូវតម្លៃបន្ថែម ក្នុងរយៈពេលខ្លី (២០២១-២០២៣) និងជំរុញការស្ទុះងើបឡើងវិញសកម្មភាពសង្គម-សេដ្ឋកិច្ចជាតិ ទៅរកប្រក្រតីភាពថ្មីឱ្យបានឆាប់រហ័ស ជាពិសេសចំនួនបួន រួមមានវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម វិស័យទេសចរណ៍ វិស័យកាត់ដេរ និងវិស័យកម្មនសាលមិនមែនកាត់ដេរ។
នៅក្នុងពេលមានវិបត្តិកូវិដ-១៩ វិស័យកសិកម្ម និងកសិ-ឧស្សាហកម្មត្រូវបានចាត់ទុកថា ជាវិស័យដែលមានសក្តានុពលខ្ពស់ ដោយសារតម្រូវការចំណីអាហារ មានការកើនឡើង។ វិស័យនេះមិនបានទទួលរងផលប៉ះពាល់ តែជាវិស័យជួយសម្រាលបន្ទុក និងផលប៉ះពាល់ពីវិស័យផ្សេងទៀត តាមរយៈការផ្តល់ការងារ និងចំណូល។ ជាការវាយតម្លៃរួម វិស័យកសិកម្មនៅកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលការណ៍នេះឆ្លុះបញ្ចាំងតាមរយៈកំណើនផលិតកម្ម និងការនាំចេញ ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ និង ការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕