សម្តេចតេជោលើកទឹកចិត្តឱ្យប្រទេសចិនបន្តផ្ដល់ជំនួយដល់អាស៊ាន ក្នុងក្របខ័ណ្ឌស្ដារឡើងវិញគ្រប់ជ្រុងជ្រោយ

0

ដោយៈសុធារី

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានលើកទឹកចិត្តឱ្យប្រទេសចិនបន្តផ្ដល់ជំនួយដល់អាស៊ាន ជាពិសេសផ្ដល់ការគាំទ្រចំពោះ ក្របខ័ណ្ឌស្ដារឡើងវិញគ្រប់ជ្រុង ជ្រោយរបស់អាស៊ាន និងគំនិតផ្ដួចផ្ដើមនានា ក្នុងការឆ្លើយតបនឹងជំងឺកូវីដ-១៩ ។

ថ្លែងក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរម្លឹកខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនានាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានចែករំលែកនូវអនុសាសន៍មួយចំនួន សំដៅពង្រឹងបន្ថែមនូវទំនាក់ទំនងអាស៊ាន-ចិន។ សម្តេចបន្តថា ក្នុងពេលចំពោះមុខនេះ កម្ពុជាសូមលើកទឹកចិត្តឱ្យចិនបើកការធ្វើដំណើរចេញ-ចូលប្រទេសរវាងតំបន់ទាំងពីរអាស៊ាន-ចិនឡើងវិញ សំដៅពង្រឹង និងលើកស្ទួយនូវវិស័យទេសចរណ៍ សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស សកម្មភាពធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។

សម្តេចបានថ្លែងថា ក្នុងការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានល្អប្រ​សើ​រ កម្ពុជាសូមអបអរសាទរចំពោះប្រទេសចិន ដែលបានស្ដារនិងជំរុញកំណើនសង្គម-សេដ្ឋកិច្ចឡើងវិញឆាប់រហ័ស ជាមួយនឹងកំណើនប្រមាណ​៩,៨ភាគរយ ក្នុងរយៈពេល ត្រឹមតែ៩ខែដំបូងក្នុងឆ្នាំ២០២១នេះ ។ កន្លងមក ចិនបានចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងការស្ដារ និងជំរុញកំណើនសង្គម-សេដ្ឋកិច្ចឡើងវិញ នៅកម្ពុជា ក៏ដូចជានៅក្នុងតំបន់ និងសកលលោក។

សម្តេចក៏បន្តលើកទឹកចិត្តឱ្យអាស៊ាន-ចិន បន្តពង្រឹងការតភ្ជាប់ក្នុងតំបន់ស្របតាមស្មារតីនៃសេចក្ដីថ្លែងការណ៍រួមអាស៊ាន-ចិន ស្ដីពីការរួមផ្សំផែនការមេតភ្ជាប់អាស៊ានឆ្នាំ ២០២៥ (MPAC 2025) និងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ (BRI) ដើម្បីបង្កើនប្រសិទ្ធភាពលំហូរទំនិញ សេវាកម្ម និងចលនាប្រជាជន។ ជាមួយគ្នានេះ បន្ថែមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន ការទាញប្រយោជន៍ជាអតិបរិមាពីកិច្ចព្រមព្រៀងស្ដីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP) គួរត្រូវបានជំរុញ និងយកចិត្តទុកដាក់បន្ថែម ដែលការណ៍នេះ នឹងពង្រឹងមូលដ្ឋានគ្រឹះនៃកំណើនសេដ្ឋកិច្ច សម្រាប់រយៈពេលវែង ព្រមទាំងនឹងនាំមកនូវវិបុលភាពទៅវិញទៅមក ស្របតាមចក្ខុវិស័យនៃភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ចិនឆ្នាំ២០៣០។

បន្ថែមលើសនេះ សម្តេចតេជោមានប្រសាសន៍ថា កម្ពុជាគាំទ្រលើកកម្ពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការអនុម័តសេចក្ដីថ្លែងការណ៍រួមស្ដីពីកិច្ចប្រជមកំពូលអាស៊ាន-ចិន ដើម្បីរំម្លឹកខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូអាស៊ាន-ចិន និង ស្វាគមន៍ផងដែរនូវគំនិតផ្ដួចផ្ដើម ការអភិវឌ្ឍសកលរបស់លោក ស៊ី ជីនពីង ដែលនឹងក្លាយជាកម្លាំងគាំទ្រដ៏សំខាន់ សម្រាប់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងការស្ដារសង្គម-សេដ្ឋកិច្ចឡើវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ និងការលើកស្ទួយសិទ្ធិមនុស្ស តាមរយៈការអភិវឌ្ឍប្រកបដោយចីរភាព និងការកាត់បន្ថយភាពក្រីក្រ។

សម្តេចបានបន្តថ្លែងថា អាស៊ាន-ចិន គប្បីបន្តប្រកាន់យកប្រព័ន្ធពហុភាគីនិយម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងដើម្បីដោះស្រាយនូវរាល់បញ្ហាប្រ​ឈ​មរួម ក្នុងតំបន់ និងសកលលោក ដោយសន្តិវិធី និងឈរលើស្មារតីនៃការទុកចិត្តទៅវិញទៅមក និងការជឿជាក់ សំដៅរក្សាបាននូវសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរ និងប្រកបដោយផ្លែផ្កានៅក្នុងតំបន់។ កម្ពុជាសូមគាំទ្រគំនិតផ្ដួចផ្ដើមប្រារព្ធខួប ២០ឆ្នាំ នៃការចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍ ស្ដីពីការប្រតិបត្តិរបស់បណ្ដាភាគី នៅសមុទ្រចិនខាងត្បូង ក្នុងឆ្នាំ២០២២ខាងមុងនេះ។ កម្ពុជាក៏វាយតម្លៃខ្ពស់ លើវឌ្ឍនភាពនៃការចរចាឆ្ពោះទៅរកការបញ្ចប់ ក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង ដែលប្រកបដោយខ្លឺមសារពេញលេញ និងប្រសិទ្ធភាពខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here