WHO ព្រមានៈចំនួនអ្នកស្លាប់នៅអឺរ៉ុប ដោយសារកូវីដ-១៩ អាចកើនលើស២លាននាក់នៅត្រឹមខែមីនា

0

ដោយៈសុខុម

ហ្សឺណែវ: អង្គការសុខភាពពិភពលោក (WHO) បានព្រមានធ្ងន់ៗថា ចំនួនអ្នកស្លាប់នៅអឺរ៉ុប ដោយសារវីរុសកូវីដ-១៩ ដ៏កាចសាហាវអាចនឹងឈា​នដល់២,២លាននាក់នៅត្រឹមខែមីនា ដើមឆ្នាំ២០២២ បើផ្អែកតាមស្ថានភាពបច្ចុប្បន្ន ហើយបានណែនាំឱ្យប្រទេសនានា បង្កើនការចាក់វ៉ាក់សាំង ដើម្បីបញ្ចៀសការបិទខ្ទប់ប្រទេសបន្ថែមទៀត។

អង្គការ WHO បានលើកឡើងកាលពីថ្ងៃអង្គារ ទី២៣ វិច្ឆិកា ថា វីរុសកូវីដ-១៩ គឺជាមូលហេតុចម្បងនាំមុខគេ នៃការស្លាប់នៅអឺរ៉ុប ហើយចំនួនអ្នកស្លាប់ក្នុងមួយថ្ងៃៗ បានឈានដល់៤.២០០នាក់កាលពីសប្ដាហ៍មុន ដោយកើនឡើងទ្វេដង បើធៀបនឹងអត្រាគិតត្រឹមដំណាច់ខែកញ្ញា។

ផ្អែកតាមទិន្នន័យរបស់អង្គការ WHO បង្ហាញថា បច្ចុប្បន្នចំនួនអ្នកស្លាប់សរុបនៅអឺរ៉ុប ដោយសារវីរុសកូវីដ-១៩ បានឈានដល់១,៥លាននាក់ហើយ។

ការរីករាលដាលវីរុសកូវីដ-១៩ បានបង្កើនល្បឿនគួរឱ្យកត់សម្គាល់នៅទ្វីបអឺរ៉ុប ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ នៅពេលដែលសីតុណ្ហភាពកាន់តែត្រជាក់ នាំឱ្យមនុស្សជួបជុំគ្នានៅខាងក្នុង កាន់តែច្រើនជាងមុន ស្របពេលប្រទេសជាច្រើន បានបន្ធូរបន្ថយវិធានការរឹតបន្តឹង។ ហើយការជួបជុំគ្នានៅកន្លែងបិទជិតបែបនេះ បានធ្វើឱ្យការឆ្លងកើនឡើង។

អង្គការ WHO បានព្រមានម្តងហើយម្តងទៀតថា វិបត្តិរីករាលដាលវីរុសកូវីដ-១៩ មិនទាន់ចប់នោះឡើយ ហើយរដ្ឋាភិបាលនានា គួរតែរក្សាវិធានការការពារសុខភាពសាធារណៈ ដូចជា ការពាក់ម៉ាស់រួមជាមួយការចាក់វ៉ាក់សាំងជាដើម។

លោក Hans Kluge ប្រធានអង្គការ WHO ប្រចាំតំបន់អឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍ថា “នៅពេលឈានជិតដល់ដាច់ឆ្នាំ២០២១ យើងទាំងអស់គ្នាគួរតែធ្វើអ្វីៗ ដែលខ្លួនអាចធ្វើបាន ដូចជា ការចាក់វ៉ាក់សាំង និងការអនុវត្តវិធានការការពារខ្លួនឯងជាដើម ដើម្បីបញ្ចៀសជម្រើសចុងក្រោយ នោះគឺការបិទខ្ទប់ និងការបិទសាលារៀន”។
អង្គការ WHO បញ្ជាក់ថា ប្រជាជនប្រមាណ៥៤%នៅអឺរ៉ុប បានចាក់វ៉ាក់សាំងពេញលេញ ឬគ្រប់ដូស ប៉ុន្តែបើគិតពីអត្រាតាមប្រទេសនីមួយៗ គឺចាក់បានចន្លោះពី១០%ទៅ៨០%ប៉ុណ្ណោះ៕ The Edge Markets៕

LEAVE A REPLY

Please enter your comment!
Please enter your name here