ដោយៈគង់ សិរីជេស៊ីកា
ភ្នំពេញៈ បណ្តាប្រទេសនានាក្នុងពិភពលោក កំពុងប្រឈមមុខនឹងមេរោគកូវីដ១៩ថ្មី ដែលមានប្រភពពីទ្វីបអាហ្រ្វិក និងមានភាពសាហាវជាងមេរោគប្រភេទ DELTA ទៀតផង។
អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានអំពាវនាវឱ្យមានការប្រុងប្រយ័ត្នក្នុងដំណាក់កាលដំបូង ព្រមជាមួយការស្រាវជ្រាវបន្ថែមទៀត ដើម្បីយល់ពីឥទ្ធិពល និងការវិវឌ្ឍនៃវីរុស COVID-19 បំប្លែងខ្លួនថ្មី ដែលមានលេខសម្គាល់ «B.1.1.529» ខណៈទីក្រុងហុងកុងរបស់ចិន បានក្លាយជាដែនដីដំបូងគេនៅទ្វីបអាស៊ី ដែលបានរកឃើញវត្តមានវីរុសថ្មីនេះ លើបុរសពីរនាក់ ដែលបានធ្វើដំណើរមកពីអាហ្វ្រិកខាងត្បូង។ នេះបើតាមការដកស្រង់ ចេញពីទីភ្នាក់ងារសារព័ត៌មាន Reuters និង AFP នារសៀលថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។
ការអំពាវនាវខាងលើនេះ ត្រូវបានធ្វើឡើងដោយវេជ្ជបណ្ឌិតMaria Van Kerkhove ប្រធានក្រុមបច្ចេកទេសគ្រប់គ្រងជំងឺ COVID-19 របស់ WHO។
ក្នុងដំណាក់កាលនៃការប្រឈមមុខ នឹងវីរុសបំប្លែងខ្លួនថ្មី ដែលមិនទាន់មានភាពច្បាស់លាស់នៅឡើយនេះ លោកស្រីវេជ្ជបណ្ឌិតMaria Van Kerkhove នៅតែបន្តណែនាំអំពីសារៈសំខាន់ នៃការធានាឲ្យបានការចាក់វ៉ាក់សាំងពេញលេញ។
ប្រទេសមួយចំនួនដែលបានស្វែងយល់ អំពីវីរុសបំប្លែងថ្មី B.1.1.529 ខាងលើនេះ ដូចជាចក្រភពអង់គ្លេស និងអ៊ីស្រាអែលជាដើម បានសម្រេចផ្អាកជើងហោះហើរ ជាមួយប្រទេសអាហ្វ្រិកខាងត្បូង និងប្រទេសបុតស្វាណា (Botswana) ព្រមទាំងប្រទេសចំនួន ៣ទៀត ដូចជា ប្រទេសណាមីបៀ (Namibia), ហ្ស៊ីមបាបវ៉េ (Zimbabwe), ប្រទេសឡេសូថូ (Lesotho) និងអេស្វាទីនី (Eswatini) រួចរាល់ហើយ ចាប់ពីថ្ងៃសុក្រសប្ដាហ៍នេះតទៅ ខណៈប្រទេសអូស្ត្រាលីវិញក៏កំពុងគិតគូរ ក្នុងការធ្វើដូចគ្នានេះផងដែរ។
ដោយឡែកសម្រាប់ប្រទេសឥណ្ឌាវិញ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានចេញបញ្ជាឲ្យអាជ្ញាធរ តាមអាកាសយានដ្ឋានអន្តរជាតិរបស់ខ្លួន ដាក់ឧបករណ៍តាមដានសុខភាព ទៅលើអ្នកដំណើរមកពីប្រទេសទាំង៥ នៅតំបន់អាហ្វ្រិកខាងត្បូងខាងលើនេះផងដែរ ហើយការកែសម្រួលផ្នែកទិដ្ឋាការ ចំពោះប្រទេសទាំង៥នេះ កំពុងស្ថិតនៅក្នុងការត្រួតពិនិត្យ។
បើតាមក្រុមអ្នកវិទ្យាសាស្ត្រ នៃចក្រភពអង់គ្លេសបានប្រកាសថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះវីរុស COVID-19 បំប្លែងខ្លួនថ្មី B.1.1.529 នេះ មានទ្រង់ (Spike Protein) ខុសគ្នាយ៉ាងខ្លាំងពីវីរុសដើម ដែលវ៉ាក់សាំងត្រូវបានអភិវឌ្ឍឡើង ដើម្បីប្រយុទ្ធប្រឆាំងនឹងវា។ ក្រុមមន្ត្រីអង់គ្លេសបានកំណត់ថា វីរុសនេះប្រហែលជាមានការបំប្លែងខ្លួន «ទ្វេដង» ដែលយើងបានឃើញនៅក្នុងវីរុសបំប្លែងខ្លួន Delta ហើយវាជាអ្វីដែល “អាក្រក់បំផុត” ព្រោះវ៉ាក់សាំងនានាបច្ចុប្បន្ននេះ ទំនងជាមិនមានប្រសិទ្ធភាពក្នុងការទប់ទល់វាឡើយ។
មេរោគCOVID-19 បំប្លែងខ្លួនថ្មី B.1.1.529 ត្រូវបានរកឃើញដំបូង នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង នៅក្នុងសប្តាហ៍នេះតែម្តង ហើយវាបានរីករាលដាល ទៅកាន់ប្រទេសចំនួន ០៤ ទៀតដែលនៅក្បែរខាងដូចខាងលើនេះ។ នៅប្រទេសអាហ្វ្រិកខាងត្បូងតែឯង វីរុសនេះ ត្រូវបានរកឃើញលើមនុស្សជាង១០០នាក់ហើយ ខណៈនៅប្រទេសបុតស្វាណាវិញ មានចំនួនតិចតួចនៅឡើយ។
ចំពោះអការៈរោគ ឬផលប៉ះពាល់ធ្ងន់ធ្ងរក្នុងកម្រិតណា ចំពោះសុខភាព នៅពេលមនុស្សឆ្លងវីរុសបំប្លែងខ្លួនថ្មីនេះ គឺមិនទាន់មានការបញ្ជាក់នៅឡើយទេ៕