ដោយៈសុខុម
វៀងចន្ទន៍: មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តសេចក្ដីសម្រេចឱ្យប្រទេសឡាវ រួចផុតពីឋានៈជាក្រុមប្រទេស ដែលមានការអភិវឌ្ឍន៍តិចតួចបំផុត (LDC) គួរឱ្យអបអរសាទរ។ នេះបើយោងតាមសារព័ត៌មាន Laotian Times ដែលបានចុះផ្សាយកាលពីថ្ងៃសុក្រ ទី២៦ វិច្ឆិកា។
ប្រទេសឡាវ រួមជាមួយប្រទេសបង់ក្លាដែស និងប្រទេសនេប៉ាល់ នឹងរួចផុតពីឋានៈជាប្រទេស ដែលមានការអភិវឌ្ឍន៍តិចតួចបំផុត បន្ទាប់ពីមហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តសេចក្ដីសម្រេចលើប្រទេសទាំង៣ កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ វិច្ឆិកា។
សេចក្តីសម្រេចនេះគូសបញ្ជាក់ថា ការរួចផុតពីឋានៈជាប្រទេស ដែលមានការអភិវឌ្ឍន៍តិចតួចបំផុតនេះ នឹងមិនបណ្តាលឱ្យមានការអាក់ខាន ឬការផ្លាស់ប្តូរផែនការអភិវឌ្ឍន៍កម្មវិធី និងគម្រោងនានាសម្រាប់ប្រទេសទាំង៣ឡើយ។
បច្ចុប្បន្នការកំណត់ឱ្យរួចផុតពីឋានៈជាប្រទេស ដែលមានការអភិវឌ្ឍន៍តិចតួចបំផុត ដែលសម្រេចដោយគណៈកម្មាធិការអង្គការសហប្រជាជាតិ សម្រាប់គោលនយោបាយអភិវឌ្ឍន៍ (UN Committee for Development Policy) គឺផ្អែកលើលក្ខខណ្ឌវិនិច្ឆ័យចំនួន៣រួមមាន ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗ (GNI) ធនធានមនុស្ស និងភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច ដោយសារផលប៉ះពាល់ពីខាងក្រៅ។
ពេលនេះប្រទេសឡាវ នឹងក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ជាផ្លូវការ នៅឆ្នាំ២០២៦ ដោយសារគណៈកម្មាធិការអង្គការសហប្រជាជាតិ ផ្តល់អនុសាសន៍ឱ្យប្រទេសនេះទទួលយកឋានៈនេះ ក្នុងរយពេល៥ឆ្នាំ ជំនួសឱ្យរយៈ៣ឆ្នាំដែលជាលក្ខខណ្ឌទូទៅ ដោយសារផលប៉ះពាល់ ដែលបង្កឡើងដោយសារវិបត្តិកូវីដ-១៩ ទៅលើសេដ្ឋកិច្ចរបសប្រទេសនេះ៕ Laotian Times៕