តើវិស័យអាទិភាពណាខ្លះទាក់ទាញបានទុនវិនិយោគច្រើនជាងគេក្នុងឆ្នាំ២០២១នេះ

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញៈ ក្នុងឆ្នាំ២០២១នេះ បើទោះបីជាកម្ពុជា បានរងផលប៉ះពាល់ពីវិបត្តិកូវីដ១៩ធ្ងន់ធ្ងរជាងឆ្នាំ២០២០ក្ដី តែកម្ពុជានៅតែបន្តទាក់ទាញបានទុនវិនិយោគជាបន្តបន្ទាប់ពីបរទេស ដោយក្នុងនោះរយៈពេល១ឆមាសដំបូង កម្ពុជាទទួលបានទុនវិនិយោគផ្ទាល់ពីបរទេសប្រមាណ៣៩ពាន់លានដុល្លារអាមេរិក។

ក្នុងចំណោមវិស័យទាំងនោះ វិស័យអាទិភាពចំនួន៧ទទួលបានទុនវិនិយោគច្រើនជាងគេក្នុងពាក់កណ្ដាលឆ្នាំ ២០២១នេះ។

យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងធនាគារជាតិនៃកម្ពុជា ចេញផ្សាយកាលពីចុងសប្ដាហ៍កន្លងទៅនេះ ឱ្យដឹងថា វិស័យចំនួន៧ដែលវិនិយោគិនបរទេសបានដាក់ទុនច្រើនជាងគេក្នុងរយៈពេលកន្លះឆ្នាំដំបូង ក្នុងនោះរួមមាន ទី១.វិស័យ ហិរញ្ញវត្ថុទទួលបានទុនវិនិយោគសរុបប្រមាណ២១,៩ភាគរយ ទី២. វិស័យកម្មន្តសាល ទទួលបានទុនវិនិយោគសរុបប្រមាណ២០,៩ភាគរយ។ ទី៣. វិស័យអចលនទ្រព្យ ទទួលបានទុនវិនិយោគប្រមាណ១២,២ភាគរយ ទី៤. វិស័យសណ្ឋាគារ និងភោជនីយដ្ឋាន ទទួលបានទុនវិនិយោគប្រមាណ១១ភាគរយ

ទី៥. វិស័យកសិកម្ម ទទួលបានទុនវិនិយោគសរុបប្រមាណ១០,៧ភាគរយ ទី៦.វិស័យអគ្គិសនី ទទួលបានទុនវិនិយោគប្រមាណ៦,៣ភាគរយ និង៧. វិស័យសំណង់ ក៏ទទួលបានទុនវិនិយោគប្រមាណ៣,៧ភាគរយផងដែរ ក្នុងវិបត្តិកូវីដ១៩នេះ។

ជាការកត់សម្គាល់បន្ទាប់ពីកម្ពុជាបាន ប្រកាសបើកប្រទេសឡើងវិញ បណ្ដាវិនិយោគិ​នបរទេសនិងក្នុងស្រុកជាច្រើន បាននិងកំពុងសម្លឹងរកការវិនិយោគ ជាបន្ទាប់នៅក្នុងប្រទេសកម្ពុជា ក្នុងនោះ វិនិយោគិនបរទេសដែលមានវត្តមានស្រាប់ នៅក្នុងប្រទេសកម្ពុជា ក៏បានបញ្ចេញសកម្មភាពវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់ផងដែរ។

លោក ច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា បានមានប្រសាសន៍ផងដែរថាឆ្នាំ ទោះបីជាកម្ពុជាជួបវិបត្តិដោយសារតែជំងឺកូវីដ១៩ក្តី តែកម្ពុជា នៅតែទទួលបានការវិនិយោគពីបរទេសនិងក្នុងស្រុក ដែលខុសប្លែកពីប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន ដែលមានសកម្មភាពស្ងប់ស្ងាត់ ។

លោករំពឹងថា “បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបើកប្រទេសឡើងវិញ សកម្មភាព វិនិយោគនៅក្នុងប្រទេសកម្ពុជា នឹងមានសន្ទុះហើយសន្ទុះនឹងខ្លាំងជាងមុនស្ថានភាពនៃវិបត្តិកូវីដ១៩ទៅទៀត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here