ដោយ៖ សុខុម
សៀងហៃ: ឯកសារផ្លូវការ និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានទម្លាយឱ្យដឹងថា បណ្ដាក្រុមហ៊ុនដែលចុះបញ្ជីក្នុងប្រទេសចិន កំពុងភ័យស្លន់ស្លោ និងសម្រុកលក់ចេញអាជីវកម្មអចលនទ្រព្យរបស់ខ្លួន ស្របពេលក្រុមនិយ័តកម្មធ្វើការត្រួតពិនិត្យកាន់តែតឹងរ៉ឹងលើឧស្សាហកម្មនេះ ក្រោយផ្ទុះវិបត្តិហិរញ្ញវត្ថុនៅក្រុមអភិវឌ្ឍន៍ទំហំយក្ស China Evergrande។
យោងតាមសារព័ត៌មាន CNA ដែលចុះផ្សាយនៅថ្ងៃទី០៣ ធ្នូ នេះឱ្យដឹងថា ការរឹតបន្តឹងលើការផ្តល់ឥណទានក្នុងឧស្សាហកម្មអចលនទ្រព្យកាលពីដើមឆ្នាំ២០២១ បានធ្វើឱ្យក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមួយចំនួនមានបញ្ហាហិរញ្ញវត្ថុកាន់តែខ្លាំងឡើង រហូតឈានទៅដល់ការផ្ទុះវិបត្តិសាច់ប្រាក់នៅក្នុងវិស័យនេះទាំងមូល។
China Evergrande ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ធំបំផុតទី២ និងជាក្រុមហ៊ុនជំពាក់បំណុលច្រើនបំផុតនៅប្រទេសចិន ជាមួយបំណុលរហូតដល់ទៅជាង៣០០ពាន់លានដុល្លារអាមេរិក បានជួបការលំបាកយ៉ាងខ្លាំងនៅក្នុងការសងបំណុលថ្លៃសញ្ញាប័ណ្ណ ឬប័ណ្ណបំណុលដែលមានតម្លៃរាប់ពាន់លានដុល្លារអាមេរិក ចំណែកឯក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យផ្សេងៗទៀត ក៏បានខកខានការទូទាត់សងបំណុលស្រដៀងគ្នាដែរ ឬ ចំណាត់ថ្នាក់គុណភាពឥណទានរបស់ខ្លួនបានធ្លាក់ចុះជាងមុន។
កាលពីថ្ងៃព្រហស្បតិ៍ ទី០២ ធ្នូ ក្រុមហ៊ុនផលិតស្រា និងសាច់ Beijing Shunxin Agriculture Co Ltd បានប្រកាសថា ខ្លួនមានគម្រោងលក់ចេញភាគហ៊ុនទាំងអស់របស់ខ្លួននៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធអចលនទ្រព្យមួយដែលប្រាក់ជាបន្តបន្ទាប់។
ការប្រកាសនេះបានធ្វើឡើង២សប្តាហ៍បន្ទាប់ពីក្រុមហ៊ុនផលិតផលិតផលស្រា Hainan Yedao Group Co Ltd និយាយថា ខ្លួននឹងលក់ភាគហ៊ុន៤០%របស់ខ្លួននៅក្នុងក្រុមហ៊ុនអចលនទ្រព្យមួយដើម្បីងាកមកផ្តោតលើអាជីវកម្មស្នូល និងធ្វើឱ្យរំហូរសាច់ប្រាក់ប្រសើរឡើង។
សារព័ត៌មាន Securities Times ដែលគ្រប់គ្រងរដ្ឋចិន បានចុះផ្សាយថា រហូតមកដល់ពេលនេះក្រុមហ៊ុនរាប់សិបដែលចុះបញ្ជីក្នុងប្រទេសចិន រួមទាំងក្រុមហ៊ុន Xiamen ITG Group Corp Ltd ក្រុមហ៊ុន Aoyuan Beauty Valley Technology Co និងក្រុមហ៊ុន Zhangtian Financial Group Co Ltd ផងដែរបានប្រកាសផែនការលក់ចេញអាជីវកម្មអចលនទ្រព្យរបស់ខ្លួន៕ Reuters៕