ដោយៈសុខុម
ប៉េកាំង: មហាយក្សចិន មានមហិច្ឆតាធំចង់ប្រែក្លាយទីក្រុងម៉ាកាវ ដែលជាជម្រកកាស៊ីណូធំបំផុតរបស់ពិភពលោក ទៅជាមជ្ឈមណ្ឌលបច្ចេកវិទ្យាថ្នាក់តំបន់។ នេះបើយោងតាមការទម្លាយឱ្យដឹងពីក្រុមមន្ត្រី និងក្រុមនាយកប្រតិបត្តិនៃឧស្សាហកម្មបច្ចេកវិទ្យាចិន។
យោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃសុក្រទី៣ ធ្នូ ឱ្យដឹងថា ស្របពេលក្រុងម៉ាកាវ ដែលធ្លាប់ស្ថិតក្រោមនឹកអាណានិគមរបស់ព័រទុយហ្គាល់ កំពុងប្រឈមការលំបាក ក្នុងការប្រយុទ្ធប្រឆាំងរុសកូវីដ-១៩ និងវិធានការរឹតបន្តឹង លើល្បែងស៊ីសងពីសំណាក់រដ្ឋាភិបាលក្រុងប៉េកាំង មជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍ Venetian Macao Convention and Exhibition Centre នៅក្រុងម៉ាកាវ បានរៀបចំពិព័រណ៍បច្ចេកវិទ្យាដ៏ធំមួយនៅសប្ដាហ៍នេះ ដែលមានការចូលរួមពីក្រុមវិនិយោគិន និងនាយកប្រតិបត្តិ ក្នុងឧស្សាហកម្មបច្ចេកវិទ្យារាប់រយនាក់មកពីចិន ដីគោក។
ព្រឹត្តិការណ៍ពិព័រណ៍បច្ចេកវិទ្យានេះបានធ្វើឡើង ក្នុងគ្រាល្បែងស៊ីសងដែលជាឧស្សាហកម្មដ៏សំខាន់របស់ក្រុងម៉ាកាវ កំពុងប្រឈមជោគវាសនាមិនប្រាកដប្រជា ខណៈរដ្ឋាភិបាលក្រុងប៉េកាំង កំពុងបង្ហាញដោយឥតលាក់លៀមថា ខ្លួនមិនសប្បាយចិត្ត ចំពោះតួនាទីនៃកាស៊ីណូក្នុងទីក្រុងម៉ាកាវ។
រដ្ឋាភិបាលក្រុងប៉េកាំងបានធ្វើការចោទប្រកាន់ថា កាស៊ីណូនៅក្នុងទីក្រុងម៉ាកាវ បានដើរតួនាទីជាបណ្ដាញបញ្ជូនមូលធនខុសច្បាប់ ដែលធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាពហិរញ្ញវត្ថុ និងការគ្រប់គ្រងគណនីមូលធន (Capital Account) របស់ប្រទេសចិន។
ប៉ូលិសចិន នៅទីក្រុងវិនចូវ (Wenzhou) បានចេញសេចក្តីប្រកាសដ៏កម្រ ដើម្បីតាមចាប់ខ្លួនបុរសឈ្មោះ Alvin Chau Cheok-wa ដែលជាប្រធានក្រុមហ៊ុនប្រតិបត្តិករកាស៊ីណូធំបំផុតនៅក្រុងម៉ាកាវ ដោយសារគាត់ជាប់សង្ស័យពាក់ព័ន្ធនឹងការគ្រប់គ្រងសកម្មភាពល្បែងស៊ីសងឆ្លងដែនខុសច្បាប់ជាលទ្ធផល ប៉ូលិសក្រុងម៉ាកាវ ក៏បានចាប់ខ្លួនគាត់កាលពីសប្តាហ៍មុន៕ South China Morning Post៕