ដោយៈសុផារី
ភ្នំពេញៈ ខ្មែរ មិនឲ្យគេប្រមាទ ទោះបីខ្មែរតូច ។ នេះជាសាររបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា។
នេះជាសារលើកដំបូងរបស់សម្តេចតេជោប្រតិកម្មខ្លាំងៗ ទៅកាន់លោកងូ ស៊ុនចៀន ជាឧត្តមសេនីយ៍ឯកវៀតណាម ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ១១នាព្រឹកថ្ងៃទី៦ ធ្នូនេះ។
ការប្រតិកម្មរបស់សម្តេចចំពោះ ឧត្តមសេនីយ៍រូបនេះ បន្ទាប់ពីឧត្តមសេនីយ៍រូបនេះ
បានចោទប្រកាន់កម្ពុជាក្នុងសន្និសីទមួយ និយាយពីការប្រយុទ្ឋជំងឺឆ្លងតាមព្រំដែនវៀតណាមកម្ពុជា ដោយឧត្តមសេនីយ៍រូបនោះបាននិយាយថា បើមិនប្រយ័ត្ន ជំងឺកូវីដ១៩ នឹងឆ្លងពីកម្ពុជាទៅកាន់វៀតណាម ដូចទឹកជំនន់ទន្លេមេគង្គ។
សម្តេចបន្តថា “ខ្ញុំដេកគិតហើយ ដេកគិតទៀតថា ហេតុអីបានជាឧត្តមសេនីយ៍រូបនេះ និយាយបែបនេះ”។ សម្តេចបន្តថា ខ្ញុំស្នើទៅនាយករដ្ឋមន្រ្តីវៀតណាមឲ្យដកឧត្តមសេនីយ៍រូបនេះ គេដក ប៉ុន្តែដកពពីផ្កាយ២ ទៅផ្កាយ៣ និងឥលូវក្លាយជាអនុរដ្ឋមន្រ្តីការពារជាតិវៀតណាម។
សម្តេចបន្តថា ឥលូវនៅសល់ពេលវេលាដែលអាចកែតម្រូវបាន ឬសុំទោសបាន លោកឯងខ្ញុំគ្រាន់តែប្រាប់ប៉ុណ្ណឹង”។
សម្តេចបន្តថា ការលើកឡើងរបស់របស់មេទ័ពវៀតណាមនេះ គឺមិនអាចទទួលយកបានទេ ដែលតម្រូវឱ្យសម្តេចចេញមកនិយាយវាយបងទៅវិញ ដើម្បីការពារកិត្តិយសរបស់ប្រទេស និងប្រជាជនកម្ពុជាពីការមើលងាយនេះ។ ប៉ុន្តែសម្តេចក៏បានគូសបញ្ជាក់ដែរថា ការលើកឡើងរបស់សម្តេចនេះ គឺសំដៅតែលើបុគ្គលមេទ័ពវៀតណាម ងូ ស៊ុនចៀន តែប៉ុណ្ណោះ មិនសំដៅទៅរដ្ឋាភិបាល និងគណបក្សកុំម្មុយនីស្តវៀតណាមឡើយ។
សម្តេចតេជោបានបន្តថា “កុំភាន់ច្រឡំ សម្តីរបស់ខ្ញុំមិនមែនតិះទៀនទៅលើវៀតណាមទាំងមូលនោះទេ គឺតិះទៀនលើឧត្តមសេនីយ៍ ង៉ូ ស៊ុនចៀន ដែលបានប្រមាទកម្ពុជា ថាជំងឺនឹងឆ្លងហូរពីកម្ពុជា ចូលទៅកាន់ទីប្រទេសវៀតណាម ដូចជំនន់ទន្លេមេគង្គ”។
សម្តេចបន្តថា “យើងមិនសប្បាយចិត្តនឹងរឿងហ្នឹងទេ។ អញ្ចឹងឧត្តមសេនីយ៍ងូ ស៊ុនចៀន មើលខ្លួនឯងទៅ ហើយបើខ្វះឯកសារ កម្ពុជាបញ្ជូនឯកសារទៅ ក្រែងលោភ្លេច”។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “ខ្ញុំនៅចាំបានណាស់ ហើយអត្ថបទនេះខ្ញុំនៅរក្សាទុក ដើម្បីវាស់ស្ទង់ទៅថ្ងៃក្រោយ។ ខ្ញុំមិនដឹងថា តើនេះជាបាបកម្មឬប ណ្តាសា ដែលវៀតណាមកំពុងមានការឆ្លងជំងឺច្រើន ដែលបណ្តាលមកពីសម្តីរបស់ឧត្តមសេនីយ៍ម្នាក់នេះឬយ៉ាងណាទេ។ ខ្ញុំទទួលយកមិនបានទេ”។
សម្តេចតេជោបានថ្លែងថា “កម្ពុជាតូចល្អិត ក៏ប៉ុន្តែមិនមែនជាប្រភពជំងឺឆ្លងចូលទៅកាន់ប្រទេសវៀតណាម ឬទៅកាន់ប្រទេសថៃ ឬទៅកាន់ប្រទេសឡាវទេ”។
សម្តេចតេជោបន្ថែមថា “ថ្ងៃនេះខ្ញុំនិយាយ ដើម្បីបង្ហាញពីមោទភាពកម្ពុជា”៕