អ្នកអភិវឌ្ឍន៍លំនៅឋានចាប់ផ្ដើមបញ្ចេញសកម្មភាពកាន់តែសកម្មជាងមុន

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបើកប្រទេស បើកសេដ្ឋកិច្ចឡើងវិញ ក្រោយស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជាថមថយ ឃើញថា អ្នកអភិវឌ្ឍន៍លំនៅឋានជាបុរី និងឯកជនចាប់ផ្ដើមបញ្ចេញសកម្មភាពរបស់ខ្លួនកាន់តែខ្លាំង និងស្ទើរតែគ្រប់ទិសជុំវិញរាជធានីភ្នំពេញ។

តាមការសង្កេតជាក់ស្ដែង អ្នកអភិវឌ្ឍន៍លំនៅឋានក្រុមហ៊ុនធំ តូចជាច្រើន បាននិងកំពុងមមាញឹក ក្នុងការអភិវឌ្ឍគម្រោងរបស់ខ្លួនឡើងវិញក្រោ​យពីស្ងប់ស្ងាត់អស់រយៈពេល។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានមួយចំនួន ក៏បានជំរុញការលក់របស់ខ្លួនទៅដល់អតិថិជនផងដែរ។

អ្នកជំនាញនៃវិស័យអចលនទ្រព្យកម្ពុជាជាច្រើន ក៏បានលើកឡើងថា ស្ថានភាពអចលនទ្រព្យកម្ពុជា នឹងចាប់ផ្ដើមប្រសើរឡើងបន្តិចម្ដងៗបន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសបើកប្រទេសបើកសេដ្ឋកិច្ច ដោយក្នុងនោះការអភិវឌ្ឍលំនៅឋាន ដែលមានដូចជាខុនដូ និងបុរីលំនៅឋាន ក៏ចាប់ផ្ដើមមានសន្ទុះវិញផងដែរ។

យ៉ាងណាក្ដីការវិនិយោគអចលនទ្រព្យ ពីវិនិយោគិនក្នុងស្រុកនឹងមានច្រើនជាងការវិនិយោគរបស់វិនិយោគអន្តរជាតិ ។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកឡើងថា រហូតដល់ដំណាច់ឆ្នាំ២០២១នេះ ការវិនិយោគអចលនទ្រព្យ នឹងមិនទាន់មានការបណ្ដាក់ទុន ពីវិនិយោគិនបរទេសច្រើននៅឡើយទេ ថ្វីត្បិតតែកម្ពុជាបានអនុញ្ញាត ឱ្យវិនិយោគិនបរទេសចូលមកដោយមិនធ្វើចត្តាឡីស័កក្ដី។ ប៉ុន្តែនៅដើមឆ្នាំក្រោយ ជាពិសេសនៅអំឡុងពាក់កណ្ដាលត្រីមាសទី១ កម្ពុជាអាចនឹងទទួលបានវិនិយោគិនបរទេសថ្មីៗឡើងវិញហើយសកម្មភាព នៃការវិនិយោគអចលនទ្រព្យ នឹងអាចមានស្ថានភាពខ្លាំងជាងកាលមុនកូវីដ១៩ទៅទៀត ។

ចំណែកលោកឌឹត ចណ្ណាអគ្កនាយកក្រុមហ៊ុនអចលនទ្រព្យឡាក់គីក៏បានឱ្យដឹងផងថា តម្រូវការលំនៅឋាន នៅក្នុងរាជធានីភ្នំពេញនៅតែមាន ជាពិសេសលំនៅឋានតម្លៃសមរម្យ ដោយអ្នកអភិវឌ្ឍន៍បានទៅរកតំបន់ជាយ​ៗក្រុងសម្រាប់គម្រោងអភិវឌ្ឍន៍របស់ខ្លួន ដោយសារតែតម្លៃដីនៅតាមតំបន់ជាយក្រុង នៅមានកម្រិតទាបនៅឡើយ ធៀបនឹងតំបន់កណ្ដាលក្រុង ។

រីឯលោកព្រាប កុល គ្រូបណ្ដុះបណ្ដាលអចលនទ្រព្យប្រចាំក្រុមហ៊ុនCentury 21 Cambodia ក៏បានឱ្យដឹងផងដែរថា បច្ចុប្បន្នការអភិវឌ្ឍអចលនទ្រព្យ នៅទីប្រជុំជនមានសកម្មភាពខ្លាំង តែសម្រាប់នៅតំបន់ឆ្ងាយពីទីក្រុងនៅមានកម្រិតនៅឡើយ និងត្រូវការមានការអភិវឌ្ឍបន្ថែមទៀត។ ក្រោយការបើកប្រទេស សកម្មភាពនៃការវិនិយោគវិស័យនេះ រំពឹងថានឹងមានកំណើន ហើយវិនិយោគិននឹងស្វែងរកទីតាំង សម្រាប់សិក្សាលើការវិនិយោគរបស់ខ្លួនបន្ថែមទៀត។

យោងតាមការសិក្សារបស់ក្រសួងរៀបចំដែនដី នគរូបនយកម្ម និងសំណង់បានឲ្យដឹងថា គិតចន្លោះឆ្នាំ២០១៥ដល់ឆ្នាំ២០៣០ កម្ពុជាត្រូវការលំនៅដ្ឋានប្រមាណ៨៥ម៉ឺនខ្នងនៅទូទាំប្រទេស។

ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា អ្នកឧកញ៉ាលី ហួរបានមានប្រសាសន៍៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ទីផ្សារលំនៅដ្ឋានចាប់ផ្តើម​មានភាពល្អប្រសើរឡើងវិញបណ្តើរៗហើយ ជាក់ស្តែងក្រុមហ៊ុនធំៗជាសមាជិកសមាគមបានចាប់ផ្តើមវិនិយោគ គំរោងរបស់ខ្លួនបណ្តើរៗហើយ។

លោកបន្តថា “សកម្មភាពសាងសង់ និងចាប់ផ្តើមគំរោងថ្មីៗបាននិងកំពុងមានភាពសកម្ម ដោយសារចរន្តនៃតម្រូវការ នឹងបន្តមានកំនើនរយៈពេលវែងបន្តទៀត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here