ទីផ្សារបុរីនៅតែបន្តរីកចម្រើន ខណៈសេដ្ឋកិច្ចកម្ពុជានៅតែមានសុទិដ្ឋិនិយម

0

ដោយៈគង់ សូរិយា

       ភ្នំពេញៈ ទីផ្សារបុរី លំនៅដ្ឋាននានានៅតែបន្តរីកចម្រើន សម្រាប់រយៈពេលវែងបន្តទៀត។ នេះបើតាមការលើកឡើងពីអ្នកជំនាញ និងអ្នកអភិវឌ្ឍន៍៍នៅក្នុងវិស័យនេះ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ទីផ្សារបុរីនៅតែមានសញ្ញាល្អប្រសើរ ដោយសារកម្ពុជាមានប្រជាជនវ័យក្មេងច្រើន មានការគាំទ្រពីធនាគារ និងមីក្រូហិរញ្ញវត្ថុ ការកើនឡើងនូវជីវភាពរបស់ប្រជាពលរដ្ឋ និងចំនួនប្រជាពលរដ្ឋ ចូលមករស់នៅទីក្រុងភ្នំពេញ កើនឡើងជារៀងរាល់ឆ្នាំ។

លោកបន្តថា “ការរីកចម្រើននៃទីផ្សារឬតម្រូវការលំនៅដ្ឋាន នៅតែបន្ត ប៉ុន្តែល្បឿននៃការលក់លឿនឬយឺត វាអាស្រ័យលើគំរោងនិមួយៗ ដែលមានកេរ្ត៍ឈ្មោះ និងការផ្តោតលើគោលដៅអតិថិជន”។

យោងតាមការសិក្សារបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបង្ហាញថា នៅចន្លោះឆ្នាំ២០១៥ ២០៣០ កម្ពុជាត្រូវការលំនៅដ្ឋានប្រមាណ៨៥ម៉ឺនខ្នងនៅទូទាំងប្រទេស។

អ្នកឧកញ៉ាលី ហួរប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាបានមានប្រសាសន៍ឲ្យដឹងផងដែរថា នៅឆ្នាំ២០២២នេះ មានសញ្ញាសុទិដ្ឋិនិយ

មល្អប្រសើរទាំងសេដ្ឋកិច្ច និងទីផ្សារលំនៅដ្ឋាន ទេសចរណ៍ ពិសេសវិស័យ ទេសចរណ៍ ព្រោះនៅពេលទេសចរណ៍កើនឡើង វិស័យដទៃទៀតនឹងដំណើរ​ការល្អប្រសើរស្របគ្នា។

អ្នកឧកញ៉ាបានបន្តថា “ទីផ្សារបុរីអាចមានហានិភ័យ សំរាប់អ្នកទិញយកចំណេញ ប៉ុន្តែបើទិញសំរាប់រស់នៅមិនមានបញ្ហានោះទេ ស្របពេលតម្រូវការសម្រាប់ការស្នាក់នៅបន្តកើនឡើង”។ លោកបន្តថា “ហេតុនេះលោកស្នើសុំឲ្យមានការពិចារណា ឲ្យបានច្បាស់លាស់ គិតមុនគូជាការល្អប្រសើរ”។

អ្នកឧកញ៉ាលី ហួរនៅតែមានសុទិដ្ឋិនិយមថា ទីផ្សារលំនៅដ្ឋាននៅតែ​បន្តកើនឡើង ដោយសារប្រជាជនកាន់តែមានជីវភាពធូរធារ ពួកគាត់ទិញលំនៅដ្ឋានសម្រាប់កូនរបស់ខ្លួន ដែលត្រូវរៀបការហើយបែកចេញពីគ្រួសារ​ទាំងអតិថិជនចាស់ និងអតិថិជនថ្មីៗ”៕

យោងតាមការសិក្សារបស់ក្រុមហ៊ុនUrban Living Solutionបានឲ្យដឹងថា ចំនួនប្រជាជនរស់នៅក្នុងរាជធានីភ្នំពេញ នឹងកើនឡើងចន្លោះពី៤,៥ទៅ៥លាននាក់នៅឆ្នាំ២០៣០ខាងមុខនេះ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here