ដោយៈ សុភ័ណ្ឌ
បន្ទាយមានជ័យៈ សមាគមសហគ្រិនឆ្នើមកម្ពុជា(CBE) បានផ្ដល់នូវវគ្គបណ្ដុះបណ្ដាលពិសេសមួយគឺ “យុទ្ធសាស្ត្រ៤៤៤៤ ត្រៀមខ្លួនសម្រាប់ការងើបឡើងវិញសេដ្ឋកិច្ច-សង្គម” ក្រោមការឧបត្ថម្ភរៀបចំកម្មវិធីទាំងមូលដោយក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានលី ហេង គ្រុប។
កម្មវិធីនេះ ធ្វើឡើងក្រោមអធិបតីលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងបានធ្វើឡើងនៅឯភោជនីយដ្ឋានមាតុភូមិ ក្រុងប៉ោយប៉ែត។
វគ្គសិក្សាពិសេសនេះ ត្រូវបានសហការរៀបចំឡើង ដោយសមាគមសហគ្រិនឆ្នើមកម្ពុជា(CBE) ដែលមាន លោកជំទាវ ចុង ជីងម៉ី ជាប្រធានសមាគម ព្រមទាំងជាអគ្គនាយិកា ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន លីហេង គ្រុប បានធ្វើការសហការជាមួយ នឹងក្រុមហ៊ុនថ្នាំពណ៌ជាតិ Cam-paint ដែលមានលោកសោម សម្បត្តិ ជានាយកប្រតិបត្តិ។
បន្ថែមពីនោះ វគ្គបណ្ដុះបណ្ដាលនេះ ក៏ទទួលបាននូវការឧបត្ថម្ភផ្ដាច់មុខ ស្មើនឹងទឹកប្រាក់ប្រមាណ៩០០០ដុល្លា ពីលោកឧកញ៉ា លី ហេង ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានលី ហេងគ្រុបផងដែរ។ ក្រៅពីនេះ ក៏មានវត្តមានបុគ្គលសំខាន់ៗមួយចំនួនទៀត រួមមាន លោក ឈុំ ឆេងហេង តំណាងឱ្យមន្ទីរពេទ្យកុមារអង្គរ លោកប៉ុន បញ្ញា លោកស សំពិសិដ្ឋ លោកភួង សុភ័ណ្ឌ ផងដែរ ដែលសុទ្ធសឹងតែជាបុគ្គលសំខាន់ជួយ ឲ្យវគ្គបណ្ដុះបណ្ដាល ដ៏មានអត្ថន័យជ្រាលជ្រៅ ប្រកបដោយស្មារតីចែករំលែកក្ដីស្រលាញ់ ចំពោះកុមារកម្ពុជានេះ អាចដំណើរការបានយ៉ាងជោគជ័យ។
លោកជំទាវ ចុង ជីងម៉ី ប្រធានសមាគមសហគ្រិនឆ្នើមកម្ពុជា(CBE) ព្រមទាំងជាអគ្គនាយិកា ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានលី ហេងគ្រុប បានបង្ហាញចំណាប់អារម្មណ៍ថា “ខ្ញុំពិតជាមានអារម្មណ៍ សប្បាយរីករាយឥតឧបមា សម្រាប់ការផ្ដល់នូវវគ្គបណ្ដុះបណ្ដាលជួយដល់ បងប្អូនម្ចាស់អាជីវកម្មដែលកំពុងមានបញ្ហាជាប់គាំង ដោយសារតែកូវីដ១៩ផង ព្រមទាំងអាចប្រមូលថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ ដែលបានជួយសង្គ្រោះកុមារកម្ពុជាជាច្រើនរយនាក់”។
លោកជំទាវបានបន្ថែមថា “ចាប់តាំងពីបើកប្រទេសឡើងវិញ កាលពីថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០២១កន្លងមក ខ្ញុំសង្កេតឃើញថា ក្រុងប៉ោយប៉ែត ចាប់ផ្ដើមអ៊ូអរ និងមានចរន្តសេដ្ឋកិច្ចដើរឡើងវិញបណ្ដើរៗ ជាពិសេសបងប្អូនដែលជាសមាជិក សហគ្រិន របស់យើងចាប់ផ្ដើមដំណើរការអាជីវកម្មឡើងវិញក្រោយពីបិទខ្ទប់មួយរយៈ”។
លោកជំទាវក៏បានបញ្ជាក់អំពី សហគ្រិនឆ្នើមកម្ពុជា គឺជាសមាគមមួយដែលបង្កើតឡើងក្នុងចក្ខុវិស័យ ចងក្រងបណ្ដាញសហគ្រិន ដើម្បីសហការគ្នា រីកចម្រើន ជួយជំរុញសេដ្ឋកិច្ចជាតិ។ ចំពោះបេសកកម្មរបស់យើងគឺចង់ចងបណ្ដាញពាណិជ្ជករទាំងអស់ ឱ្យចេះចែករំលែកបទពិសោធន៍ ក៏ដូចជាចំណេះដឹង ទោះបីជាមានអាជីវកម្មតូចឬធំ ដូចគ្នា ឬមិនដូចគ្នា ក៏យើងនៅតែចែករំលែកចំណុចល្អៗ និងជួយកែសម្រួលចំណុចខ្វះខាតឱ្យគ្នាទៅវិញទៅមក។
សហគ្រិនឆ្នើមកម្ពុជា ចាប់ផ្ដើមឡើងនៅក្នុងខែមករា ឆ្នាំ២០២០ ពោលគឺក្នុងសម័យកាលកូវីដ១៩ ចាប់ផ្ដើមផ្ទុះឡើងដូចគ្នា ប៉ុន្តែពួកយើងនៅតែបន្តសកម្មភាពជួបជុំ ចែករំលែក និងសួរសុខទុក្ខគ្នា តាមប្រព័ន្ធអនឡាញជាប់ជានិច្ចផងដែរ។ នាពេលបច្ចុប្បន្ននេះ សមាជិកសហគ្រិនឆ្នើមកម្ពុជាមានជាង២០នាក់ ជាមួយនឹងអាជីវកម្មប្រហែល៧០មុខផ្សេងៗពីគ្នា។
លោកគាត ហ៊ុលអភិបាលក្រុងប៉ោយប៉ែត បានសម្ដែងអារម្មណ៍រំភើបជាមួយនឹងវគ្គបណ្ដុះបណ្ដាល ដែលរៀបចំឡើងដោយសមាគមសហគ្រិនឆ្នើមកម្ពុជា ដែលបានបង្កើតឡើង ក្នុងគោលបំណងដើម្បីកសាង ពង្រឹងសមត្ថភាពសហគ្រិន សម្រាប់ការបើកសេដ្ឋកិច្ចឡើងវិញ ក្រោយពីវិបត្តិកូវីដ១៩ និងការប្រមូលថវិកាចូលរួមឧបត្ថម្ភ ដល់មន្ទីរពេទ្យកុមារអង្គរ ដើម្បីបន្តនិរន្តរភាពការងារឱ្យកាន់តែប្រសើរឡើង។
លោកគាត ហ៊ុលក៏បានលើកឡើងពីកំណើនសេដ្ឋកិច្ច នៅក្នុងក្រុងប៉ោយប៉ែត នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលមានភាពរីកចម្រើនខ្លាំងទៅលើវិស័យដីធ្លី សណ្ឋាគារ កាស៊ីណូ សំណង់ផ្ទះល្វែង និងវិស័យឧស្សាហកម្ម ដែលធ្វើឱ្យសេដ្ឋកិច្ចប្រជាពលរដ្ឋ មានការរីកចម្រើនខ្លាំងមុនពេលផ្ទុះជំងឺកូវីដ១៩។
បន្ថែមពីនោះ លោកក៏បានលើកទឹកចិត្ត ឱ្យសមាជិកសហគ្រិនឆ្នើមកម្ពុជាទាំងអស់ ជួយទាក់ទាញអ្នកវិនិយោគិនគ្រប់ប្រភេទ ឱ្យចូលមកធ្វើការវិនិយោគក្នុងក្រុងប៉ោយប៉ែត ឱ្យបានកាន់តែច្រើនឡើងផងដែរ។
លោកក៏បានលើកឡើងពីអ្វី ដែលរដ្ឋបាលក្រុងប៉ោយប៉ែត ធ្លាប់បានធ្វើនាពេលកន្លងមកផងដែរ រួមមានការជួយដោះស្រាយបញ្ហាខ្វះខាតរបស់ប្រជាពលរដ្ឋ ការផ្ដល់នូវការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋជាង១សែននាក់ ព្រមទាំងការចូលរួមប្រណាំងប្រជែង ទីក្រុងស្អាតទូទាំងប្រទេសចំនួន២លើក ដោយលើកទី១ទទួលបានជ័យលាភី ផ្ការំដួលមួយទង និងលើកទី២ទទួលបានផ្ការំដួលចំនួន២ទង ហើយក្នុងនាមជាថ្នាក់ដឹកនាំក្រុង លោកក៏ប្ដេជ្ញាខិតខំធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីអាចដណ្ដើមជ័យលាភីផ្ការំដួល៣ទងឱ្យបាននាឆ្នាំ ២០២២ ព្រោះរដ្ឋបាលក្រុងមានគម្រោង កសាងសួនច្បារតេជោឈ្នះ ឈ្នះ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ និងកសាងរង្វង់មូលដែលជាអត្តសញ្ញាណក្រុងប៉ោយប៉ែត នៅច្រកទ្វារអន្តរជាតិបន្ថែមទៀត។
នៅក្រោយពេលបញ្ចប់វគ្គបណ្ដុះបណ្ដាល ជាមួយម្ចាស់អាជីវកម្ម៧០នាក់ មកពីវិស័យផ្សេងៗគ្នាយ៉ាងជោគជ័យ សមាគមសហគ្រិនឆ្នើមកម្ពុជា ប្រមូលថវិកាសរុបបាន៥ពាន់ដុល្លារសហរដ្ឋអាមេរិក ជូនទៅដល់មន្ទីរពេទ្យកុមារអង្គរ ជាក្ដីសង្ឃឹមរបស់កុមារជាមធ្យម៣៥០នាក់ក្នុងមួយថ្ងៃ ដែលបានមកទទួលការព្យាបាល នៅមន្ទីរពេទ្យនេះជារៀងរាល់ថ្ងៃ នៅខណៈពេលដែលមូលនិធិជំនួយពីក្រៅប្រទេស ជួយមកកាន់មន្ទីរពេទ្យកុមារអង្គរមានកាន់តែតិចទៅៗ។
លោក ឈុំ ឆេងហេង ប្រធានផ្នែករៃអង្គាសមូលនិធិ នៃមន្ទីរពេទ្យកុមារអង្គរបានឱ្យដឹងថា មន្ទីរពេទ្យកុមារអង្គរ បានចាប់ផ្ដើមឡើងក្នុងឆ្នាំ ១៩៩៩ ដោយជាងថតរូបជនជាតិជប៉ុនម្នាក់ឈ្មោះ ខិនរ៉ូ អ៊ីហ្ស៊ុក។ អស់រយៈកាល ២០ឆ្នាំមកនេះ មន្ទីរពេទ្យនេះបានផ្ដល់សេវាកម្ម ពិនិត្យ ព្យាបាលជូនកុមារកម្ពុជាប្រមាណ២.៥លានករណីនៅទូទាំងប្រទេស។
បន្ថែមពីនោះ មន្ទីរពេទ្យកំពុងប្រតិបត្តិការកិច្ចការងារសំខាន់ៗ ៣យ៉ាងគឺ៖ ផ្ដល់ការព្យាបាល ផ្ដល់ការអប់រំបណ្ដុះបណ្ដាលអ្នកថែទាំវេជ្ជសាស្ត្រ និងកម្មវិធីអប់រំបង្ការនៅតាមសហគមន៍។
លោកឈុំ ឆេងហេងបានបន្តថា ជាមធ្យម មន្ទីរពេទ្យនេះត្រូវការថវិកាប្រមាណ៦លានដុល្លារក្នុង១ឆ្នាំ សម្រាប់ទ្រទ្រង់ការចំណាយលើប្រតិបត្តិការទាំងមូលរបស់មន្ទីរពេទ្យ ហើយក្នុងអំឡុងឆ្នាំ២០២០ និង២០២១ នៃការផ្ទុះជំងឺកូវីដ១៩នេះ ក៏បានធ្វើឱ្យប៉ះពាល់ដល់ជំនួយមូលនិធិ សម្រាប់មន្ទីរពេទ្យកុមារអង្គរផងដែរ។ អាស្រ័យហេតុនេះហើយ ទើបបានជាលោកសុំធ្វើការអំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជា មកពីគ្រប់មជ្ឈដ្ឋាន ចូលរួមក្នុងការបរិច្ចាគថវិកាផ្ទាល់ខ្លួនតាមលទ្ធភាព ដើម្បីចូលរួមក្នុងការធានានិរន្តភាពមន្ទីរពេទ្យកុមារអង្គរ ឱ្យបានយូរអង្វែងបន្តទៀត៕