ដោយៈគង់ សូរិយា
ភ្នំពេញៈ មជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ រួមមានលំនៅដ្ឋានសហកម្មសិទ្ឋ ការិយាល័យ ផ្សារទំនើប សណ្ឋាគារផ្កាយ៥ SUNWAH PEALកំពស់៥២ជាន់ នឹងចាប់ផ្តើមសាងសង់នាពេលឆាប់ៗនេះ។
ប្រភពពីថ្នាក់ដឹកនាំក្រុមហ៊ុនសាងសង់ លំដាប់ពិភពលោកនៅកម្ពុជាបានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុននេះ កំពុងធ្វើការជាមួយក្រុមហ៊ុនសាងសង់ ដែលនឹងបញ្ចប់ នៅអំឡុងខែមករាខាងមុខនេះ ហេតុនេះក្រុមហ៊ុននេះនឹងចាប់ផ្តើមគំរោងរបស់ខ្លួន នៅក្រោយពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ បើសិនជាគ្មានការប្រែប្រួលទេនោះ។
លោកបន្តថា “sunwah Peal នឹងចំណាយថវិកាប្រមាណ១៥០លានដុល្លារ ដើម្បីសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មកំពស់ជាង២០០ម៉ែត្ររបស់ខ្លួន”។
Sunwah Peal មានទីតាំងនៅជាប់គ្នានឹងគំរោងThe PeAK និងស្ថិតនៅទល់មុខមជ្ឈមណ្ឌលកំសាន្ត និងកាស៊ីណូNaga World1។
ក្រុមហ៊ុនSUNWAH បានផ្អាកសកម្មភាពវិនិយោគគំរោងនេះជាយូរមកហើយ ដោយសារស្ថានភាពផ្ទៃក្នុង ក្រុមហ៊ុនមានបញ្ហា និងបញ្ហាជាច្រើនទៀត។
គម្រោង The Sunwah Pearl Phnom Penh មានទីតាំងស្ថិតនៅលើផ្លូវសួនច្បារសម្តេចហ៊ុនសែន និងនៅចំណុចប្រសព្វនៃទន្លេចំនួន ៣ គឺទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់។
ទីតាំងគម្រោងនៅក្បែរព្រះបរមរាជវាំង នេះជាតំបន់ដែលដីមានហាងឆេងខ្ពស់ព្រោះស្ថិតក្នុងខណ្ឌដូនពេញ ជាខណ្ឌដែលប្រមូលផ្ដុំទៅដោយស្ថានទូតប្រទេសនានា ជាចំណុចបេះដូងនៃពាណិជ្ជកម្ម និងនយោបាយ ព្រមទាំងសារមន្ទីរជាតិផងដែរ។
គម្រោងដ៏ធំនេះ មានអាផាតម៉ិនប្រណីត រហូតដល់ទៅ២.៤០០យូនីត មានអគារការិយាល័យលំដាប់ខ្ពស់កម្ពស់១៨ជាន់ចំនួន១ សណ្ឋាគារលំដាប់ផ្កាយ៥ចំនួន១ មជ្ឈមណ្ឌលលក់ទំនិញខ្នាតធំ១ ក្លឹបឯកជន កន្លែងគយគន់ទេសភាព អាងហែលទឹក ក្លឹបហាត់ប្រាណ និងចំណតរថយន្ត។
ទីតាំងដ៏ល្អនេះ ធ្វើឱ្យអ្នកអាចស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធ និងគយគន់ទេសភាពដ៏ស្រស់ត្រកាល នៃទន្លេប្រសព្វទាំង៣៕