ដោយ: វឌ្ឍនៈ
ភ្នំពេញ ៖ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅឆ្នាំ២០២៣ខាងមុខ ហើយកម្ពុជាក៏បានត្រៀមខ្លួនជាបណ្ដើរៗរួចហើយក្នុងការទទួលកីឡាករនិងទេសចរមកទស្សនានិងសម្រាកកម្សាន្តក្នុងប្រទេសកម្ពុជា។ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះដែរ កម្ពុជាបានត្រៀមខ្លួនសន្សំថវិការបស់ខ្លួនតាំងពី៤ឆ្នាំមកម្ល៉េះ។
សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថ្លែងនៅក្នុងពិធីសម្ពោធពហុកីឡដ្ឋានជាតិមរតកតេជោ នៅព្រឹកថ្ងៃទី១៨ ធ្នូ២០២១នេះឱ្យដឹងថា កម្ពុជាបានបង្កកថវិកាសម្រាប់ត្រៀមរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមអស់រយៈពេល៤ឆ្នាំមកហើយ ដោយក្នុងមួយឆ្នាំ កម្ពុជាបានបង្កកថវិកាប្រមាណ៨លានដុល្លារអាមេរិក ដូច្នេះមកពេលនេះ កម្ពុជាមានថវិកាប្រមាណ៣២លានដុល្លារអាមេរិក។
សម្ដេចមានប្រសាសន៍ថា ចាប់ពីពេលនេះទៅដល់ព្រឹត្តិការណ៍ប្រកួត យើងក៏អាចសន្សំបានថវិកាមួយចំនួនទៀតដើម្បីរៀបចំ ។ សម្ដេចថ្លែងថា ”ការប្រកួតកីឡាមួយ មិនមែនគ្រាន់តែអញ្ជើញកីឡាករមកហើយធ្វើការប្រកួតនោះទេ តែយើងត្រូវមានថវិកាដើម្បីទទួលកីឡាករ កីឡាការិនី បម្រើឱ្យការប្រកួតរបស់យើង ហើយយើងក៏ត្រូវបន្តការធ្វើហ្វឹកហាត់ឱ្យបានម៉ត់ចត់ រាប់ទាំងការផ្ដល់អនុសាសន៍របស់ខ្ញុំនៅពេលមុនៗ ទាំងការថតផ្សាយនានា ពីព្រោះថាការប្រកួតរបស់យើងមិនមែនមានតែមួយមុខនោះទេ”។
សម្ដេចមានប្រសាសន៍បន្ថែមថា កម្ពុជាមានសណ្ឋាគារផ្កាយ៥ជាច្រើនហើយ មកដល់ពេលនេះដើម្បីត្រៀមទទួលកីឡាករ កីឡាការិនី និងទេសចរដែលមកទស្សនាក្នុងព្រឹត្តិការណ៍ប្រកួតនោះ ដូច្នេះភ្ញៀវដែលមកដល់កម្ពុជាក្នុងព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម នឹងមានជម្រើសច្រើនក្នុងការស្នាក់នៅជិតទីតាំងប្រកួត និងនៅរាជធានីភ្នំពេញទាំងសណ្ឋាគារផ្កាយ៥មួយទើបសម្ពោធកាលពីពេលថ្មីៗនេះផងដែរ៕