ដោយ៖ វឌ្ឃនៈ
ភ្នំពេញ ៖ គម្រោងLASED III ដែលផ្តល់សុវត្ថិភាពក្នុងការកាន់កាប់ដីធ្លី សេវាសង្គមនិងកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធសមស្របជូនដល់កសិករនិងសហគមន៍តូចៗនៅក្នុងទីតាំងគម្រោង ទទួលបានថវិកាសរុប១០៧លានដុល្លារ ក្នុងនោះថវិកាឥណទានធនាគារពិភពលោក៩៣លានដុល្លារ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល១៤លានដុល្លារអាមេរិក សំរាប់៤សមាសភាគ។
ក្នុងកិច្ចប្រជុំរៀបចំការងារផ្នែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសហគមន៍ និងផ្នែករៀបចំផែនការប្រើប្រាស់ដីនៅក្នុងឃុំនៃគម្រោងបែងចែកដីដើម្បីសង្គមនិងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ ដឹកនាំដោយលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ បានបង្ហាញពីរបាយការណ៍នៃភាពជោគជ័យក្នុងការអនុវត្តគម្រោងមួយនេះ ។
គម្រោងនេះលើកកម្ពស់ជីវភាពរបស់ពួកគាត់ប្រកបដោយចីរភាព តាមរយៈការអភិវឌ្ឍនិងកែលំអរប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសង្គមនិងរូបវ័ន្ត និងការលើកកំពស់ការប្រកបមុខរបរកសិកម្មសំរាប់ចិញ្ចឹមជីវិតនិងចុះបញ្ជីដីជនជាតិដើមភាគតិចចំនួន១៥សហគមន៍នៅខេត្តភាគឥសាន្ត ព្រមទាំងកសាងសំណង់ហេដ្ឋារចនាសម្ព័ន្ធជនបទចំនួន៤៨សហគមន៍ អនុវត្តរយៈពេល៦ឆ្នាំ ចាប់ពីខែតុលាឆ្នាំ២០២០ ដល់ខែធ្នូឆ្នាំ២០២៦។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ថា តាមរបាយការណ៍បានអោយដឹងថាគម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ហៅកាត់ថា( LASED III) ត្រូវបានបង្កើតឡើងផ្អែកលើភាពជោគជ័យរបស់គម្រោងLASEDដំណាក់កាលសាកល្បងនិងគម្រោងLASED II ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ។
គំរោងផ្តោតលើការងារចំបងចំនួន៣គឺការរៀបចំដីសម្បទានសង្គមកិច្ច:គិតត្រឹមថ្ងៃទី១៧ខែធ្នូឆ្នាំ២០២១គំរោងរកបានដីសំរាប់អនុវត្តការងារសម្បទានដីសង្គមកិច្ចក្នុងភូមិសាស្រ្តខេត្តចំនួន១៣ស្រុកចំនួន១៧សរុប១៩ទីតាំងទំហំ២៨.៨៩៣ហិកតា ការចុះបញ្ជីដីនិងការផ្តល់ការគាំទ្រអភិវឌ្ឍនៅសហគមន៍ជនជាតិដើមភាគតិច: ទីតាំងសហគមន៍ដែលបានចុះបញ្ជីដីរួចមាន33សហគមន៍ក្នុងស្រុក ក្រុងចំនួន១២និងគ្រោងចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចចំនួន១៥សហគមន៍ទៀត។ចំពោះការរៀបចំផែនការប្រើប្រាស់ដីក្នុងឃុំ: គម្រោងនឹងធ្វើផែនការប្រើប្រាស់ដីនៅក្នុងឃុំចំនួន៤៥០ឃុំ។
លោក ជា សុផារ៉ា មានប្រសាសន៍ថា ការដែលយើងអនុវត្តគំរោងLASEDនេះបានជោគជ័យក៏ដោយសារមានការចូលរួមទ្រទ្រង់ពីសមាសភាពមន្រ្តីរបស់ក្រសួងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិដែលបានបំពេញភារកិច្ចបានយ៉ាងល្អប្រសើរ។ក្នុងករណីដែលយើងធ្វើបានជោគជ័យ ប្រជាពលរដ្ឋដែលជាអ្នកទទួលផលមានការប្រែប្រួលលើកកំពស់ជីវភាពរបស់ពួកគាត់បានប្រសើរជាងមុនដោយទទួលបានប្រាក់ចំណូលសំរាប់ផ្គត់ផ្គង់ជីវភាពបានល្អ ដូច្នេះធនធានមនុស្សរបស់ក្រសួងដែលបានអនុវត្តគំរោងLASEDនេះគឺបានជួយដល់ប្រជាពលរដ្ឋដោយផ្ទាល់ដែលនេះជាចំណុចសំខាន់។
លោកបញ្ជាក់ថា នៅក្នុងទស្សនវិស័យដែលជាគោលបំណងរបស់គំរោងLASEDគឺចំណុចសំខាន់ទី1 ធ្វើអោយទីនោះមានសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លី ដីសំរាប់លំនៅស្ថាននិងដីសំរាប់បង្កបង្កើនផល ដោយផ្តល់ជូនបណ្ណកម្មសិទ្ធជាទ្រព្យដ៏មានតំលៃដល់ពួកគាត់ប៉ុន្តែស្នើសុំកុំអោយមានការលក់ដូរដីធ្លីបន្តគ្នាដែលនាំអោយប៉ះពាល់ដល់ការអនុវត្តគំរោងនេះ ចំណុចសំខាន់ទី2គឺការលើកកំពស់ជីវភាពតាមរយៈការធ្វើកសិកម្ម ការកសាងហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មណ្ឌលសុខភាពបង្កលក្ខណៈដល់ប្រជាពលរដ្ឋក្នុងគំរោងនេះអោយមានភាពសុខដុមរមនា និងលើកកំពស់ធនធានមនុស្សអោយសំបូរបែបសំរាប់ទ្រទ្រង់សេដ្ឋកិច្ចនិងសង្គម។ចំណុចសំខាន់ទី3គឺការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច ដែលជាកិច្ចការសំខាន់ដើម្បីរក្សាអត្តសញ្ញាណជនជាតិដើមភាគតិចនិងលើកកំពស់ជីវភាពរស់នៅរបស់ពួកគាត់ដូច្នេះទើបយើងដាក់បញ្ចូលសហគមន៍ជនជាតិដើមភាគតិចនេះនៅក្នុងគំរោងLASED ៕