ដោយៈគង់ សូរិយា
ភ្នំពេញៈ ធនាគារពិភពលោកបានព្រមានជាថ្មី ពីហានិភ័យក្នុងវិស័យអចលនទ្រព្យកម្ពុជា ស្របពេលទំហំឥណទានក្នុងវិស័យនេះ បានកើនខ្ពស់ ប៉ុន្តែអ្នកជំនាញក្នុងវិស័យនេះ បានមើលឃើញការរីកចម្រើនក្នុងវិស័យនេះក្នុងទម្រង់ផ្សេងវិញ។
យោងតាមរបាយការណ៍របស់ធនាគារពិភពលោក ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះបានឲ្យដឹងថា ឥណទានដែលផ្ដល់ឱ្យវិស័យសំណង់ អាជីវកម្មអចលនទ្រព្យ និងកម្ចីទិញផ្ទះ គិតត្រឹមខែឧសភា ឆ្នាំ២០២១ មានដល់ទៅ១១ពាន់លានដុល្លារ ឬស្មើនឹង៣៣ភាគរយ នៃឥណទានក្នុងស្រុកសរុប។ ការរួមចំណែកនេះគឺកើនឡើង១០,៧ភាគរយ ជាការកើនឡើងខ្ពស់គួរឲ្យបារម្ភ។
របាយការណ៍ដដែលបានបន្តថា កត្តានេះ បូកនឹងកត្ដាផ្សេងៗទៀត បានធ្វើឱ្យសមាមាត្រឥណទាន ធៀបនឹងកំណើន GDP បានកើនឡើងរហូតដល់១៥៨ភាគរយ ត្រឹមខែកញ្ញា ឆ្នាំ២០២១ ពោលគឺកើនឡើង២២ភាគរយ ពីខែធ្នូ ឆ្នាំ២០២០។
របាយការណ៍របស់ធនាគារពិភពលោកបានព្រមានថា ហានិភ័យកំនើនកម្ចីវិស័យសំណង់និងអចលនទ្រព្យ នេះគ្រាន់តែហានិភ័យមួយប៉ុណ្ណោះ។ ស្ថិរភាពហិរញ្ញវត្ថុ ក៏មានហានិភ័យផ្សេងទៀត ដូចជាភាពមិនច្បាស់លាស់នៅជំងឺកូវីដ និងការថមថយនៃសេដ្ឋកិច្ច និងតម្រូវការសកលជាដើម។ កាលពីខែកញ្ញា ឆ្នាំ២០២១ ធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ ក៏ធ្លាប់បានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២១ផងដែរ គឺកើនត្រឹម២,២ភាគរយប៉ុណ្ណោះ។
ទោះជាយ៉ាងណាលោកបណ្ឌិតគីម ហ៊ាងប្រធានKW Cambodiaបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២០ ធ្នូនេះថា ការកើនឡើងឥណទានក្នុងវិស័យនេះ មកពីវិស័យនេះមានភាពរីកចម្រើនខ្លាំង ខណៈវិស័យផ្សេងៗទៀតមិនសូវមានការវិនិយោគ ទើបធ្វើឲ្យទំហំឥណទានកើនឡើងក្នុងកម្រិតមួយទាប។
លោកបណ្ឌិតបន្តថា “ទោះជាយ៉ាងណា យើងគួរប្រុងប្រយ័ត្នផងដែរ បើធនាគារពិភពលោកព្រមានបែបនេះ”។លោកបន្ថែមថា “យើងគួរអរគុណ ធនាគារនេះ ដែលបានលើកឡើងពីបញ្ហានេះ ប៉ុន្តែជារួមនិន្នាការវិនិយោគនិងការរីកចម្រើន ក្នុងវិស័យអចលនទ្រព្យនៅតែមានភាពប្រសើរ”។
ជាមួយគ្នានេះ អ្នកស្រីអាន សុធីតានាយិកាក្រុមហ៊ុនPropNex Cambodiaបានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃដដែលនេះថា តាមធម្មតាវិស័យអ្វីក៏ដោយ តែងតែមានហានិភ័យរវាងការផ្គង់ផ្គង់ និងតម្រូវការ ស្របពេលបច្ចុប្បន្នយើងឃើញ ផ្នែកមួយចំនួនក្នុងវិស័យនេះ មានហានិភ័យពីការផ្គត់ផ្គង់លើសតម្រូវការផងដែរ។
អ្នកស្រីបន្តថា “យ៉ាងណាក៏ដោយខ្ញុំសង្កេតឃើញថា ការរីកចម្រើនវិស័យអចលនទ្រព្យ ទំហំឥណទានរបស់កម្ពុជា ធៀបនឹងបណ្តាប្រទេសផ្សេងៗហាក់ដូចជាមិនបញ្ហានោះទេ”។
ចំណែកអ្នកឧកញ៉ាលី ហួរប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា និងជាអគ្គនាយកធនាគារពាណិជ្ជធំមួយផងដែរ បានមានប្រសាសន៍ឲ្យដឹងផងដែរថា តាមធម្មតាធនាគារនិមួយៗ មុនផ្តល់ឥណទានដល់អតិថិជនពួកគេបានសិក្សារួចហើយ មិនមែនមនុស្ស១០០នាក់សុំកម្ចី មានមនុស្ស៥០នាក់ទទួលបាននោះទេ យ៉ាងច្រើនបាន២០ទៅ៣០នាក់។
អ្នកឧកញ៉ាបន្តថា “ដោយសារមានបញ្ហាលំបាកក្នុងការទទួលបានឥណទានពីធនាគារ ទើបអ្នកខ្លះបានបង់រំលស់ជាមួយម្ចាស់បុរី ហើយរហូតមកទល់ពេលនេះ យើងមិនឃើញមានបញ្ហាអ្វីនោះទេ”។ អ្នកឧកញ៉ាបន្ថែមថា “អ្វីកាន់តែពិសេស គឺអ្នកទិញផ្ទះបង់រំលស់ ក៏ពួកគេបានសិក្សាពីលទ្ឋភាពរបស់ពួកគេផងដែរ មុនសម្រេចចិត្តទិញផ្ទះរបស់ពួកគេ”៕