ដោយៈគង់ ម៉ាលីន
ភ្នំពេញៈ ក្នុងសារបញ្ចប់ព្រឹត្តិការណ៍២០ កុម្ភៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំណរគុណដល់មិត្តចិន ដែលបានក្លាយជាខ្នងបង្អែកដ៏រ៉ឹងមាំ ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់កម្ពុជា។
សម្តេចបានថ្លែងនាព្រឹកថ្ងៃទី២០ កុម្ភៈនេះថា សម្តេចក៏ថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក ជប៉ុន អូរស្រ្តាលី អង្គការកូវ៉ាក់ជាដើម ដែលបានផ្តល់វ៉ាក់សាំងដល់កម្ពុជា ពិសេសថ្លែងអំណរគុណដល់កងកំលាំង ប្រដាប់អាវុធ គ្រូពេទ្យ ដែលយើងហៅថា “ទ័ពអាវស” ដែលបានចូលរូមសហការចូលរួមចំណែកយ៉ាងសកម្ម ក្នុងការប្រយុទ្ឋជំងឺកូវីដ១៩ ដោយមិនខ្លាចការនឿយហត់។
សម្តេចបន្តថា “ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារអាយុជីវិតខ្លួនឯង អាយុជីវិតក្រុមគ្រួសារ និងរួមចំណែកការពារចំពោះសហគមន៍ និងក៏ដូចជា ការពារក្នុងប្រទេសរបស់យើង និងធ្វើឲ្យការបើកដំណើរការសេដ្ឋកិច្ចសង្គមឡើងវិញ ប្រព្រឹត្តិទៅដោយរលូនដូចរយៈពេលកន្លងទៅ”។ សម្តេចបន្តថា “យើងបន្តខិតខំរួមគ្នា ដើម្បីជោគជ័យទាំងអស់គ្នា និងដើម្បីការរស់រានមានជីវិតរបស់ជាតិយើង និងរបស់យើងទាំងអស់គ្នា”។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា នេះជាការរៀនរស់ជាមួយកូវីដ១៩ ដំណាក់កាលនេះជាដំណាក់កាលដ៏សំខាន់ ជាមួយការទទួលបានវ៉ាក់សាំងពេញលេញ ដូសជំរុញ បូកបន្ថែមទៅដោយវិធានការសុខាភិបាល យើងពិតជាយកឈ្នះមេរោគបំផ្លែងថ្មី ដូចជាអូមីក្រុង ដែលបានចូលមកដល់ក្នុងប្រទេសរបស់យើងរួចជាស្រេចទៅហើយ។
សម្តេចបន្តថា “នៅពេលខាងមុខយើងមិនដឹងថា តើយើងមានប្រឈមនឹងមេរោគប្រភេទណាទៀតនោះទេ ក៏ប៉ុន្តែទោះមេរោគនោះសាហាវយ៉ាងណាក៏ដោយ តែប្រសិនជាយើងយកចិត្តទុកដាក់ការពារខ្លួន ជាមួយវិធានការសុខាភិបាលទាំងឡាយ បូកជាមួយវ៉ាក់សាំង ដែលយើងទទួលបាន ទទួលចាក់ គឺយើងអាចជម្នះ និងអាចការពារខ្លួនយើងបាន”៕