តើដីទំនេរ ឬដីមិនបានប្រើប្រាស់នៅកម្ពុជាត្រូវបង់ពន្ធដែរឬ?

0

ដោយ៖ សុផារី

ភ្នំពេញ៖ ដីដែលមិនបានប្រើក្នុងប្រទេសកម្ពុជាសំដៅលើដីប្រភេទណាដែលមិនត្រូវបានប្រើសម្រាប់គោលបំណងពាណិជ្ជកម្ម លំនៅឋាន ឧស្សាហកម្ម និងកសិកម្ម។

ដីប្រភេទនេះក៏ត្រូវបង់ពន្ធ ដោយពន្ធលើដីធ្លីមិនបានប្រើប្រាស់បង្កើតឡើងក្នុងគោលបំណងទប់ស្កាត់ការវិនិយោគលើដី ដោយទិញរួចរង់ចាំលក់បន្តដើម្បីទទួលបានប្រាក់ចំណេញ លើកទឹកចិត្តឱ្យមានការប្រើប្រាស់ដីប្រកបដោយប្រសិទ្ធភាពក្នុងគោលបំណងអភិវឌ្ឍន៍ និងជួយជំរុញដល់សកម្មភាពសេដ្ឋកិច្ច និងកម្លាំងពលកម្ម។

ខាងក្រោមនេះជាដីចំនួន៥ប្រភេទ ដែលត្រូវបានចាត់ទុកថាជាដីប្រើប្រាស់រួមមានដូចជា ១. ដីដែលមានសំណង់ក្នុងតំបន់លំនៅឋាន ២. ដីសម្រាប់ជួលដែលមានសំណង់ដែលគេកាន់កាប់ ៣. ដីដែលមានសកម្មភាពសេដ្ឋកិច្ច ៤. ដីរបស់រដ្ឋដែលជួលឱ្យរូបវន្តបុគ្គលឬ/និងនីតិបុគ្គល ៥. ដីក្រោមកិច្ចព្រមព្រៀងវិនិយោគ។

១. ដីដែលមានសំណង់នៅក្នុងតំបន់លំនៅឋាន
ទីតាំងប្រភេទដីនេះ សំដៅទៅលើកន្លែងស្នាក់នៅអចិន្ត្រៃយ៍ ដែលអ្នករស់នៅអស់រយៈពេល ១៨៣ថ្ងៃ ឬច្រើនជាងនេះ ដោយចាប់ផ្តើមពីថ្ងៃទី០១ ខែតុលាឆ្នាំមុន រហូតដល់ថ្ងៃទី៣០ ខែកញ្ញានៃឆ្នាំដែលជាប់ពន្ធ។ វាគឺជាលំនៅឋានដែលសំខាន់បំផុតសម្រាប់អ្នកស្នាក់នៅ ដែលពួកគេបានហូបចុក និងស្នាក់នៅជាប្រចាំបន្ទាប់ពីមកពីធ្វើការ។

២. ដីសម្រាប់ជួលដោយមានសំណង់ (ត្រូវបានកាន់កាប់)
ដីនេះស្ថិតនៅក្នុងតំបន់លំនៅឋាន ពាណិជ្ជកម្ម ឬតំបន់ឧស្សាហកម្ម ដែលមានសំណង់ផ្សេងៗដូចជា លំនៅឋាន អគារ និងឃ្លាំងជាដើម ដែលត្រូវបានជួលឱ្យអ្នកជួលក្នុងតម្លៃថេរជាប្រចាំខែ ប្រចាំឆ្នាំ និងរយៈពេលវែង។

៣. ដីដែលមានសកម្មភាពសេដ្ឋកិច្ច
ដីនេះត្រូវប្រើប្រាស់សម្រាប់សកម្មភាពសេដ្ឋកិច្ចក្នុងវិស័យកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ ដោយស្របតាមការបែងចែកដីរបស់រដ្ឋ។ វាត្រូវបានចាត់ទុកថាជាដីប្រើប្រាស់ លុះត្រាតែដីនេះអាចបង្កើតប្រាក់ចំណូលបានគ្រប់គ្រាន់ពីសកម្មភាពសេដ្ឋកិច្ចទាំងនោះ។
៤. ដីរបស់រដ្ឋដែលជួលឱ្យរូបវន្តបុគ្គលឬ/និងនីតិបុគ្គល
ដីមួយប្រភេទនេះជាដីសាធារណៈរបស់រដ្ឋ មិនថាមានក្នុងបញ្ជីពន្ធឬអត់នោះទេ ហើយដីនេះមានចំណុចពិសេសក្នុងចំណោមដីទាំងបីខាងលើ។

៥. ដីក្រោមកិច្ចព្រមព្រៀងវិនិយោគ
ដីប្រភេទនេះរាប់បញ្ចូលទាំងដីក្រោមកិច្ចសន្យាវិនិយោគ ឬដីសម្បទានដែលត្រូវបានអនុញ្ញាតដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រាប់ការវិនិយោគក្នុងវិស័យពិសេស ឬដីសម្បទានសម្រាប់គោលបំណងរយៈពេលខ្លី មធ្យម និងរយៈពេលវែង ដែលត្រូវបានអនុញ្ញាតដោយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តគម្រោងណាមួយ។

ចំពោះប្រភេទដីដែលផ្ទុយពី៥ប្រភេទនេះ ត្រូវបានចាត់ទុកជាដីមិនបានប្រើប្រាស់ ហើយម្ចាស់ដីត្រូវបង់ពន្ធលើដីធ្លីមិនបានប្រើក្នុងអត្រាពន្ធមូលដ្ឋាន២ភាគរយ។ មូលដ្ឋានគិតពន្ធគឺជាតម្លៃដីនៅលើទីផ្សារដែលត្រូវបានគណនាដោយផ្អែកលើតំបន់ជាក់លាក់នីមួយៗ ដែលត្រូវបានវាយតម្លៃដោយគណៈកម្មការវាយតម្លៃដីមិនបានប្រើប្រាស់ (ULAC)។

ពន្ធលើដីដែលមិនប្រើប្រាស់ (ចាប់ពីឆ្នាំ ២០០៧) = (ផ្ទៃដីសរុប x មូលដ្ឋានពន្ធ x អត្រាពន្ធ) ។ ឧទាហរណ៍៖ សំមានដីមិនប្រើប្រាស់ចំនួន ៩០០០ម៉ែត្រការ៉េ ហើយមូលដ្ឋានគិតពន្ធដែលវាយតម្លៃដោយ ULAC គឺ ១៥០០០រៀលក្នុងមួយម៉ែត្រការ៉េ។ ដូច្នេះពន្ធដែលត្រូវបង់សម្រាប់ឆ្នាំ ២០២០ = ៩០០០ម៉ែត្រការ៉េ x ១៥០០០រៀល x ២% =២.៧០០.០០០រៀល។

LEAVE A REPLY

Please enter your comment!
Please enter your name here