ដោយៈសុខុម
ហុងកុង: ក្រុមហ៊ុនអចលនទ្រព្យហុងកុង CK Asset Holdings បានប្រកាសនៅថ្ងៃសុក្រ ទី២៤ ធ្នូ នេះថា ខ្លួនបានព្រមព្រៀងលក់អាជីវកម្មជួលយន្តហោះរបស់ខ្លួន ក្នុងតម្លៃសរុប៤,២៨ពាន់លានដុល្លារអាមេរិក នៅពេលក្រុមហ៊ុននេះ ដកខ្លួនចេញពីវិស័យនេះ ដើម្បីងាកទៅបង្កើនការផ្តោតលើផែនការអាជីវកម្មស្នូល ជាយុទ្ធសាស្រ្តរបស់ខ្លួនអំឡុងវិបត្តិកូវីដ-១៩។
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យហុងកុង មួយនេះនិយាយថា ខ្លួនបានព្រមព្រៀងលក់ ក្រុមហ៊ុនជួលយន្តហោះ Accipiter Finance និង Manchester Aviation Finance ទាំងមូលឱ្យទៅក្រុមហ៊ុនទេសចរណ៍ Maverick Aviation Holdings Ltd។
ក្រុមហ៊ុនទេសចរណ៍ Maverick Aviation Holdings Ltd ស្ថិតក្រោមការគ្រប់គ្រង ដោយក្រុមហ៊ុនវិនិយោគអាកាសចរណ៍ ពាណិជ្ជកម្ម Carlyle Aviation Partners ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនអាមេរិក The Carlyle Group។
ក្រុមហ៊ុន CK Asset បាននិយាយថា ខ្លួនទំនងជាទទួលបានប្រាក់ចំណេញសរុប១៧០លានដុល្លារអាមេរិក ពីការលក់អាជីវកម្មទាំងនេះ។
តាមរយៈឯកសារផ្លូវការមួយ ផ្ញើទៅកាន់ផ្សារភាគហ៊ុនក្រុងហុងកុង ក្រុមហ៊ុន CK Asset និយាយថា “វិបត្តិកូវីដ-១៩ បានបណ្តាលឱ្យមានការផ្លាស់ប្តូរគំរូក្នុងវិស័យជួលយន្តហោះ”។
ក្រុមហ៊ុននេះបានបន្ថែមទៀតថា “ហានិភ័យ និងឱកាសទទួលបានប្រាក់ចំណេញគឺប្រែប្រួលមិនទៀង និងមិនអាចព្យាករដឹងជាមុន ហើយឧស្សាហកម្មនេះ បានឆ្លងកាត់ការកើនឡើង នូវសកម្មភាពច្របាច់បញ្ចូលគ្នា និងសកម្មភាពទិញយកអាជីវកម្ម ដើម្បីកាត់បន្ថយការប្រែប្រួលបែបនេះ”។
ការលក់ក្រុមហ៊ុន ផ្តល់សេវាជួលយន្តហោះពាណិជ្ជកម្មទាំង២នេះ គឺ Accipiter Finance និង Manchester Aviation Finance ពាក់ព័ន្ធនឹងការលក់យន្តហោះចំនួន១២៥គ្រឿង ដែលកាន់កាប់ដោយក្រុមហ៊ុនទាំង២ បូករួមនឹងការបញ្ជាទិញរបស់ពួកគេផងដែរ៕ Reuters៕